សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ជួបជុំ​ថ្លែង​ក្ដី​បារម្ភ​ពី​ការ​ផ្ដាច់​អនុគ្រោះ​ពន្ធ EBA

ដោយ យន់ សាមៀន
2019-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្សប្រឆាំង​ប្រមាណ ២០​នាក់​នៅ​ស្រុក​ឯក​ភ្នំ ជួបជុំគ្នា​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​សហគមន៍​អឺរ៉ុប ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA កាល​ពី​​រសៀល​ថ្ងៃ​ទី​៣ សីហា ២០១៩។
សកម្មជន​គណបក្សប្រឆាំង​ប្រមាណ ២០​នាក់​នៅ​ស្រុក​ឯក​ភ្នំ ជួបជុំគ្នា​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​សហគមន៍​អឺរ៉ុប ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA កាល​ពី​​រសៀល​ថ្ងៃ​ទី​៣ សីហា ២០១៩។
photo provided

សកម្មជន​គណបក្សប្រឆាំង​ប្រមាណ ២០​នាក់​នៅ​ស្រុក​ឯក​ភ្នំ នៅ​រសៀល​ថ្ងៃ​ទី​៣ សីហា ជួបជុំគ្នា​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​សហគមន៍​អឺរ៉ុប ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA នាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​កម្មករ​រោងចក្រ។ មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ការ​ថ្លែង​សារ​នេះ គឺជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដោយ​ស្របច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​ឯក​ភ្នំ ថ្លែង​សារ​រួមគ្នា​នៅ​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ដោយ​ការ​ខ្វល់ខ្វាយ​ខ្លាច​សហគមន៍​អឺរ៉ុប​ផ្ដាច់​អនុគ្រោះ​ពន្ធ​EBA។ ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) ដើម្បី​ផ្សព្វផ្សាយ​ក្តី​កង្វល់​ទាំងនោះ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឯក​ភ្នំ ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆម ហ៊ ប្រាប់​អាស៊ីសេរី ក្រោយ​បញ្ចប់​ពិធី​ជួបជុំ​ថា សារ​របស់​ពួកគាត់​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របប​ឯក​បក្ស ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ឱ្យ​មាន​សេរីភាព ហើយ​បើកផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើងវិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​សាជាថ្មី និង​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើងវិញ​បាន។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ទៀត​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ធានា​ដល់​សហគមន៍​អឺរ៉ុប កុំ​ឱ្យ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA​មក​លើ​កម្ពុជា៖ «អ៊ីចឹង​ហើយ​បានជា​ធ្វើ​វីដេអូ​ឃ្លិប​ស្នើ​ទៅដល់ សហគមន៍​អឺរ៉ុប​ហើយក៏​ស្នើ​ដល់​រដ្ឋាភិបាល​ដែរ ឱ្យ​បន្ទន់​ឥរិយាបថ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ និយាយ​មែន​ទៅ​វា​មានការ​ប៉ះពាល់​ខ្លាំង​វា​ប៉ះពាល់​ផលប្រយោជន៍​ជាតិ​ធំធេង ជាពិសេស​កម្មករ​ធ្វើការ​រោងចក្រ»

ទោះបី​សកម្មជន​បក្ស​ប្រឆាំង​នៅ​ឯក​ភ្នំ អាច​សំដែង​ក្តី​កង្វល់​របស់​ពួកគេ​បាន​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​នៅ​ស្រុក​ថ្មគោល​ឯណោះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ សីហា បាន​នាំគ្នា​បំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ពួកគាត់​ជួបជុំគ្នា​ថ្លែង​សារ​ព្រួយបារម្ភ ពី​ការ​ផ្ដាច់​អនុគ្រោះ​ពន្ធ​EBA នេះ។

មេឃុំ​អន្លង់រុន ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​លោក ថាំ សុខ ប្រាប់​អាស៊ីសេរី​ថា មេឃុំ​និង​មន្ត្រី​ប៉ូលិស​ឃុំ​អន្លង់រុន បាន​ទៅ​សាកសួរ​ម្ចាស់ផ្ទះ​ដែល​ផ្ដល់​ទីតាំង​ឱ្យ​ពួកគាត់​ធ្វើ​ពិធី​ជួបជុំគ្នា​សម្ដែង​អំពី​បញ្ហា​នេះ។ លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ ថា ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​មក​លើ​ពួកគាត់​ធ្វើ​ឱ្យ​ភ័យខ្លាច ដើម្បី​កុំ​ឱ្យ​ប្រមូល​ផ្ដុំគ្នា​សម្ដែង​នៅ​ថ្ងៃក្រោយ​ទៀត៖ «ហើយ​ពួកគាត់​រារាំង​យើង​មិន​ចង់​ឱ្យ​ជួបជុំ​សម្ដែង​មតិ ហើយ​ការសម្ដែង​មតិ​របស់​យើង​នឹង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ ដោយ​មិនមែន​ជា​ការ​ប្រព្រឹត្តិ​សុខ​ច្បាប់​ទេ»

ឆ្លើយតប​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អន្លង់រុន លោក កែវ សុវណ្ណ ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ប៉ូលិស​មិន​បាន​ទៅ​គំរាមកំហែង​ដល់​សកម្មជន​បក្ស​ប្រឆាំង​ដូច​ការចោទប្រកាន់​នោះ​ទេ៖ «អត់​មាន​ទេ​ខ្ញុំ មិនបាន​ទៅ​គំរាមកំហែង​អី​បង ព្រោះ​នៅ​មូលដ្ឋាន​របស់ខ្ញុំ​តែ​ចុះ​អនុវត្ត​ច្បាប់​ជាប្រចាំ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជួបជុំ​ថ្លែង​សារ​ព្រួយបារម្ភ​អំពី​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​EBA បង្ហោះ​ក្នុង​ហ្វេសប៊ុក គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​មិន​មាន​ការ​ខុស​ច្បាប់​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា សមត្ថកិច្ច​ទៅវិញ​ទេ ដែល​អនុវត្ត​ខុស​ច្បាប់ ដោយ​បាន​សាកសួរ​ពលរដ្ឋ​ធ្វើ​ឱ្យ​ពួកគាត់​ភ័យខ្លាច​មិន​ហ៊ាន​សម្ដែង​មតិ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​នោះ៖ «ចំណុច​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺ​អាជ្ញាធរ និង​សមត្ថកិច្ច​ទេ​មានការ​ព្រួយបារម្ភ ហើយ​ដាក់​ការ​តាមដាន​រហូត​គ្រប់​សកម្មភាព​ឱ្យ​តែ​មានការ​ជួបជុំ ជាពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ អ៊ីចឹង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ដោយ​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​ជា​ហត្ថលេខី​នោះ»

មួយរយៈ​ចុងក្រោយ​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង​បាន​ប្ដូរ​យុទ្ធសាស្ត្រ ក្នុង​ការ​សម្ដែង​មតិ​របស់​ខ្លួន ពី​ការ​ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​ទៅជា​ការ​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​ព្រួយបារម្ភ​អំពី​សហគមន៍​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA វិញ។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ដាក់​កម្លាំង​តាមដាន និង​សាកសួរ​ដល់​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។ កាលពី​ថ្ងៃ​ទី​២៩ កក្កដា អាជ្ញាធរ​ឃុំ​បវេល​ចំនួន ២​នាក់ ចូល​ទៅ​សាកសួរ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​បវេល​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ក់ យ៉ាន ដល់​ផ្ទះ ដោយសារ​ពួកគាត់​ថ្លែង​សារ​ព្រួយបារម្ភ​ពី​ការ​ផ្ដាច់​ការ​អនុគ្រោះ​EBA។ សកម្មជន​ទាំងនោះ អះអាង​ថា បើ​ទោះ​បី​ជា​មាន​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​មិន​អាច​បំបែក​សាមគ្គីភាព​របស់​ពួកគាត់​បាន​ដែរ ដោយ​ពួកគាត់​យល់ថា ជា​សិទ្ធិ​សេរីភាព​ស្របច្បាប់​របស់​ពលរដ្ឋ ដូច្នេះ​សកម្មជន​នៅ​តាម​មូលដ្ឋាន​នឹង​ជួបជុំគ្នា​សម្ដែង​មតិ​ជា​បន្តបន្ទាប់​ទៀត​. សហភាព​អឺរ៉ុប កំពុង​ចាត់វិធានការ​លើ​នីតិវិធី​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានការណ៍​កម្ពុជា រយៈពេល​ប្រាំ​មួយ​ខែ​ដំបូង ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខាងមុខនេះ​។ សហភាព​អឺរ៉ុប នឹង​ឈាន​ទៅ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ នៅតែ​មិន​ប្រសើរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល