បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​រិះគន់​គម្រោង​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១៦

0:00 / 0:00

គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល រិះគន់​ចំពោះ​គម្រោង​បង្កើន​ថវិកា​ជាតិ​សម្រាប់​វិស័យ​នីមួយៗ​ក្នុង​ឆ្នាំ​២០១៦ ថា​មិន​សូវ​មាន​តម្លាភាព និង​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ការ​រិះគន់​នេះ នៅ​បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ត្រូវ​បាន​លើក​ដៃ​អនុម័ត​ដោយ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៦​រូប នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។

រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​ប្រហែល​ជាង ៤​ពាន់​លាន​ដុល្លារ ដែល​កើន​លើស​ឆ្នាំ​២០១៥ ចំនួន ១៦​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៦ នេះ ត្រូវ​បាន​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ចប់​សព្វគ្រប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា បើ​ទោះ​បី​ជា​គ្មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​ក៏ដោយ។

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ដែល​គ្មាន​សំឡេង​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​នេះ បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ពុំ​សូវ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា រដ្ឋសភា​មិន​គួរ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​នេះ​ទាំង​តក់​ក្រហល់​បែប​នេះ​នោះ​ទេ ព្រោះ​ថា ការ​បែង​ចែក​ថវិកា​នៅ​ក្នុង​វិស័យ​នីមួយៗ គឺ​ជា​រឿង​សំខាន់ ដែល​ទាមទារ​ឲ្យ​មាន​ការ​ជជែក​គ្នា​ច្រើន ថា​តើ​ថវិកា​ទាំង​នោះ​យក​ទៅ​ធ្វើ​អ្វី​សំខាន់ៗ​ខ្លះ៖ «យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​អំពី​តម្លាភាព​ថវិកា ឲ្យ​មាន​ការ​ចូលរួម​ពិភាក្សា។ ឃើញ​ការ​អនុម័ត​ប្រញាប់ប្រញាល់ ហើយ​គ្មាន​ព័ត៌មាន​គ្មាន​អី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​តំណាង​រាស្ត្រ គេ​បាន​ដឹង​ស៊ី​ជម្រៅ គេ​បាន​សួរ​ដេញដោល។ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ មែនទែន​សភា​មាន​សិទ្ធិ​សំខាន់​ណាស់​ក្នុង​ការ​សម្រេច​ពិនិត្យ​មើល​ពិភាក្សា​ថវិកា​ជាតិ​ហ្នឹង ប៉ុន្តែ​គ្មាន​អត្ថន័យ​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​វាយ​តម្លៃ​ពិន្ទុ​ទាប​មែនទែន​អំពី​ថវិកា​ជាតិ​នេះ»

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ នេះ​មាន ៥​ជំពូក និង ១៦​មាត្រា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា ថា ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​ដឹក​នាំ​ចាត់​ចែង​ការងារ​លើ​គ្រប់​វិស័យ​បន្ត​ទៀត ក្នុង​នោះ​ក៏​មាន​ការ​ដំឡើង​បៀវត្ស​ជូន​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ជាប់​កិច្ចសន្យា និង​និវត្តជន​ផង​ដែរ។ ច្បាប់​ថវិកា​ឆ្នាំ​២០១៦ ក៏​លុប​ចោល​នូវ​ពន្ធ​តាម​របប​ម៉ៅការ ដើម្បី​សម្រួល​ដល់​អាជីវករ​តូចតាច​ដែល​លក់​ដូរ ដើម្បី​ចិញ្ចឹម​ជីវិត។ ច្បាប់​នេះ ក៏​នឹង​លុប​ចោល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​មួយ​ចំនួន ដូចជា ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ គោយន្ត និង​ជលយាន​តូចៗ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។

ដោយឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក​ថា ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ មាន​លក្ខណៈ​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ មាន​ការ​កើន​ឡើង​ទាំង​ចំណូល មាន​ការ​កើន​ឡើង​ទាំង​ចំណាយ និង​ការ​ខ្ចី​ឥណទាន​បរទេស​ចំនួន ៧០០​លាន​អែស.ឌី.អ (SDR) ឬ​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ចំណូល​មាន​ការ​កើន​ឡើង​ខ្លះ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ពេញលេញ​ត្រឹមត្រូវ​នោះ​ទេ។ ភាព​ជា​វិជ្ជមាន​នោះ គឺ​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ គ្រូបង្រៀន កង​កម្លាំង​ប្រដាប់​អាវុធ ជាពិសេស​មាន​ការ​ដំឡើង​កញ្ចប់​ថវិកា​ជាតិ​លើ​វិស័យ​អប់រំ។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ខិតខំ​បង្កើន​ចំណូល និង​កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់។

លោក គល់ បញ្ញា សង្កេត​ឃើញ​ថា ថ្វីត្បិតតែ​ខ្ទង់​ចំណាយ​នៅ​តាម​វិស័យ​នីមួយៗ​មាន​ការ​កើន​ឡើង​ក្តី ប៉ុន្តែ​ការ​ប្រើប្រាស់​ថវិកា​ទាំង​នោះ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ដូចជា​នៅ​ក្នុង​វិស័យ​សង្គមកិច្ច​ជាដើម។ ក្រៅ​ពី​នេះ​ទៀត លោក​យក​វិស័យ​សុខាភិបាល​ជា​ឧទាហរណ៍​ថា នៅ​មាន​បញ្ហា​ច្រើន​នៅ​ឡើយ ពោល គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​បាន​សេវា​គាំពារ​សុខុមាលភាព​សាធារណៈ​ពេញលេញ​នៅ​ឡើយ ហើយ​អ្នក​មាន​តែង​តែ​ទៅ​ទទួល​សេវា​នៅ​ក្រៅ​ប្រទេស ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។