មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សមត្ថកិច្ចកម្ពុជា គ្រប់ផ្នែកទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរឹតបន្តឹងសន្តិសុខ ខណៈនាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែវិច្ឆិកា ថា ដើម្បីការពារសុវត្ថិភាពជូននាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី សមត្ថកិច្ចបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធមកពីគ្រប់ផ្នែកទាំងអស់សរុបជាង ១ម៉ឺននាក់។ ជាងនេះទៀត កម្ពុជាក៏បានស្នើនគរបាលអន្តរជាតិ (Interpol) របស់រដ្ឋជាសមាជិកអាស៊ាន ឲ្យជួយសហការផ្តល់ព័ត៌មានជុំវិញករណីណាមួយដែលសង្ស័យថា មានក្រុមឧក្រិដ្ឋជន ក្រុមភេរវកម្មឆ្លងដែនចូលមកកម្ពុជា៖ «យើងមានសមត្ថកិច្ចគ្រប់ផ្នែក មានទាំងផ្នែកប្រឆាំងភេរវកម្ម ផ្នែកអន្តោប្រវេសន៍ និងគ្រប់ផ្នែកសំខាន់ៗ គ្រប់បណ្ដានាយកដ្ឋាន ហើយយើងរៀបចំផែនការឲ្យហើយ ដើម្បីត្រៀមខ្លួន និងការពារខ្លួនឲ្យហើយ។ ធម្មតាយើងមានចំណុចណាដែលត្រូវប្រុងប្រយ័ត្ន ខណៈមានថ្នាក់ដឹកនាំណាមួយមកកម្ពុជា យើងត្រូវត្រៀមខ្លួនខ្លាំងអ៊ីចឹងហើយ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឲ្យដឹងថា ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី នៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកនូវចំណងទាក់ទងរវាងប្រទេសទាំងពីរ។
ជាងនេះ តាមគម្រោង លោក ឌីមីទ្រី មេដវេដេវ នឹងមានជំនួបសមភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងជំនួបនោះ ភាគីទាំងពីររំពឹងថា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនស្ដីពីនយោបាយ សេដ្ឋកិច្ច និងសារព័ត៌មាន។ ភាគីទាំងពីរក៏រំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានរបស់កម្ពុជា និងរបស់រុស្ស៊ី ផងដែរ។
ការត្រៀមខ្លួនរឹតបន្តឹងសន្តិសុខខ្លាំងរបស់សមត្ថកិច្ចកម្ពុជា ខណៈទស្សនកិច្ចនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី នៅពេលនេះធ្វើឡើងក្រោយមានព្រឹត្តិការណ៍ភេរវកម្មនៅចំកណ្ដាលរដ្ឋធានីនៃប្រទេសបារាំង។ ភេរវកម្មនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
