អ្នកវិភាគ​សោកស្ដាយ​ដែល​របប​លោក ហ៊ុន សែន ប្រើ​អ្នកនាំពាក្យ​ខ្វះ​សីលធម៌​ការ​ទូត

0:00 / 0:00

អ្នកវិភាគ​នយោបាយ និង​សង្គម​សម្ដែង​ការ​សោកស្ដាយ ដែល​របប​លោក ហ៊ុន សែន ប្រើ​អ្នកនាំពាក្យ​ខ្វះ​សីលធម៌​ការទូត ក្នុង​ការ​និយាយ​ស្តី ដែល​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជាតិខ្មែរ​ទាំងមូល​។ ប្រតិកម្ម​របស់​អ្នកវិភាគ​នេះ ធ្វើឡើង​ក្រោយ​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​របប​លោក ហ៊ុន សែន បាន​ប្រមាថ​កាត​ទាន​មន្ត្រី​ទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ថា ជា​មនុស្ស​ព្រៃ គ្មាន​តម្លៃ​នឹង​ធ្វើការ​ជាមួយ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ លើកឡើង​ថា ភាសា​របស់​លោក ផៃ ស៊ីផាន គឺ​ផ្ទុយគ្នា​ស្រឡះ​ទៅ​នឹង​ការ​អះអាង ដែល​ថា មន្ត្រី​របប​នេះ គឺជា​មនុស្ស​មាន​សីលធម៌ ចេះ​ច្បាប់ និង​មាន​អរិយធម៌​ខ្ពង់ខ្ពស់​នោះ៖ «មិនគួរ​ណា​ក្រុម​លោក ហ៊ុន សែន ប្រើ​មនុស្ស ដែល​មាន​អាយុ​ចាស់​ទៅ​ហើយ ប៉ុន្តែ​យកគំនិត​កូនក្មេង យក​ទៅ​និយាយ ដែល​ធ្វើ​ឱ្យ​ខូច​ទៅដល់​ផលប្រយោជន៍​ប្រទេសជាតិ​។ លោក ផៃ ស៊ីផាន គាត់​មិនដែល​និយាយ​ភាសា​ការទូត​ណាមួយ ដែល​ចំណេញ​ដល់​ប្រទេស​កម្ពុជា ក្រៅតែ​ពី​ត្រឹមតែ​និយាយ​ទៅ​តាម​អារម្មណ៍​របស់​មេ​គាត់ ដែល​ភ័យ​បារម្ភ​អំពី​ការ​បាត់​អំណាច»។

លោក ផៃ ស៊ីផាន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី១ ខែ​សីហា ដោយ​ប្រតិកម្ម​ទាំង​ខឹងសម្បា ទៅ​នឹង​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ជុំវិញ​សារ​របស់​ស្ថានទូត ដែល​កត់សម្គាល់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជាតិ កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​សហរដ្ឋអាមេរិក ចាត់ទុកថា​មាន​កំហុស​ឆ្គង​យ៉ាង​ខ្លាំង ព្រោះ​មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយក៏​មិនបាន​តំណាង​ឱ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ផៃ ស៊ីផាន ហៅ​ថ្លែង​សារ​ឌឺ​ឱ្យ​មន្ត្រី​ស្ថានទូត​អាមេរិក វេច​បង្វេច​ចាកចេញ​ពី​ប្រទេស​កម្ពុជា បើ​មិន​ពេញ​ចិត្តនឹង​ស្ថានការណ៍​នៅ​កម្ពុជា​។ លោក​ថែមទាំង ប្រមាថ​មន្ត្រី​ទូត​ទាំងនោះ យ៉ាង​ចាស់ដៃ​ទៀត​ផង។ លោ​កថា​មន្ត្រី​ទាំងនោះ មិន​ស្មើនឹង​ពួក​លោក​នោះ​ទេ៖ «យើង​ពិបាក​នឹង​ធ្វើការ​ជាមួយ​នឹង​មន្ត្រី​រម៉ិករម៉ក់​ ! មាក់ងាយ​ប៉ុណ្ណឹង​ចុះ​ ! ពីព្រោះ​ពួកគេ​ជា​មនុស្ស​ព្រៃ​សម្រាប់​ការញុះញង់។ ទុក​ឱ្យ​ពួក​ព្រៃ​គេ​ប្រើប្រាស់​វេទិកា​សាធារណៈ។ ដូច្នេះ​អាច​បង្ហាញ​ថា ពួក​ព្រៃ និង​ពួក​យើង​នីតិរដ្ឋ​ស៊ីវិល័យ​ដូច​យើង​ត្រូវ​និយាយ​យ៉ាងម៉េច»។

ទោះជា​យ៉ាង​នេះ​ក្តី លោក ផៃ ស៊ីផាន ខ្លួន​លោក​យក​វេទិកា​សាធារណៈ ថ្លែង​សារ​ប្រមាថ​ដើម្បី​វាយបក​ទៅ​មន្ត្រី​ទូត​អាមេរិក ជាជាង​រក​យន្តការ​ការទូត ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំហរ​របស់​សហរដ្ឋអាមេរិក ដូចជា​តាមរយៈ​ការ​កោះ​ហៅ​មន្ត្រី​ទូត ដើម្បី​ស្រាយ​បំភ្លឺ ចំពោះ​ខ្លឹមសារ នៃ​សេចក្តី​ថ្លែងការណ៍ ដែល​ខ្លួន​មិន​ពេញចិត្ត។ នៅ​ពេល​ដែល​អាស៊ីសេរី សួរ​លោក​ថា ការ​ថ្លែង​សារ​ជា​សាធារណៈ មើលងាយ​មន្ត្រី​ទូត​បរទេស ថា ជា​មន្ត្រី​រម៉ិករម៉ក់​បែប​នេះ មិន​ជ្រុល​ពេក​ទេ​ឬ? លោក ផៃ ស៊ីផាន បែរជា​ប្រកែក​ដោះ​សារ ថា​លោក​មិន​បាន និយាយ​ដូច្នេះ​ទេ។

លោក​ថែមទាំង ទម្លាក់កំហុស​រឿង​នេះ ទៅ​អ្នកសារព័ត៌មាន ដែល​លោក​ចោទ​ថា លាប​ពណ៌​ឱ្យ​លោក​ទៅ​វិញ៖ «ខ្ញុំ​មិន​មាន​ប្រើ​ពាក្យ​រម៉ិករម៉ក់​ទេ​ ! ប៉ុន្តែ​អ្នកកាសែត អាច​ជា​ក្រុម​ញុះញង់​តែ​ប៉ុណ្ណឹង​ឯង ដែល​បាត់បង់​នូវ​ក្រមសីលធម៌ និង​បាត់បង់​នូវ​វិជ្ជាជីវៈ​។ សារព័ត៌មាន​មួយ​ចំនួន​ធ្វើ​ឱ្យ​ស្ថានភាព​រឹតតែ​ធ្ងន់ធ្ងរ»។

ជារឿយៗ មិនមែន​តែ​លោក ផៃ ស៊ីផាន ទេ​ដែល​រង​ការរិះគន់ ថា​ប្រើប្រាស់​ភាសា​ខ្វះ​ភាព​ការទូត និង មិន​សមរម្យ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ឯណោះ ក៏​តែងតែ​ប្រើប្រាស់​ភាសា​ប្រមាថ ដល់​អ្នកដទៃ​ជា​សាធារណៈ ដូចជា​ហៅ​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ជា​ប្រែត និង​ប្រមាថ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ ថា ជា​មេ​ព្រាយ​ កន្ទោង​ខៀវ ជាដើម។

ចំណែក​មេដឹកនាំ​កំពូល​នៃ​របប​នេះ និង​ជា​ប្រធាន​គណបក្ស​កាន់អំណាច​ផង​នោះ គឺ​លោក ហ៊ុន សែន វិញ រឹតតែ​មិន​ចេះ​រីងស្ងួត នូវ​វោហារសាស្ត្រ​អសុរោះ គ្រោតគ្រាត ខ្វះ​សីលធម៌ និង គ្មាន​សុជីវធម៌​នោះ​ដែរ។ ភាសា​អាមឹង ច្រាសច្រំ អាគុក អា​ច្រវាក់ អាល្ងង់ សម្ដី​ពាល សម្ដី​បាទ​ផ្សារ ដៀល​មនុស្ស​សុទ្ធតែ​ឆ្កែ​ឆ្មា​ជាដើម គឺ​លោក ហ៊ុន សែន និយាយ​ចេញ ហូរ​ដូច​ទឹក ជា​សាធារណៈ ហាក់​គ្មាន​ចាំបាច់​ពិបាក​រក​នឹក​ទាល់តែសោះ​។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​ហែហម​លោក ដែល​ភាគច្រើន​សុទ្ធ​តែ​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ផង ហាក់​មិន​ពិបាក​ទទួលយក​ភាព​អសុរោះ​នេះ​នោះ​ដែរ​។ ជា​ញឹកញាប់ ពួកគាត់ ថែមទាំង​នាំគ្នា​ទះដៃ​អបអរសាទរ ពេល​លោក ហ៊ុន សែន និយាយ​ភាសា​អសុរោះ​សោះ​ទាំង​នេះ​ម្តងៗ ពេល​វាយប្រហារ​មន្ត្រី​បក្ស​ប្រឆាំង ជាពិសេស​លោក សម រង្ស៊ី៖ «អា​ឆ្កែ​មួយ​ក្បាល​នេះ ប៉ុន្តែ​អា​ឆ្កែ​មួយ​ក្បាល​នេះ​ក្បត់​ម្ចាស់​រហូត ដូច​ឪ​វា​អ៊ីចឹង​ ! [​ ស្នូរ​ទះដៃ​ ] អ្ហែង​ឈ្លើយ​ម៉េះ​ ! រួច​បាន​អា​វិទ្យុ​មួយ​គ្រាន់តែ​សម្ភាស។ អញ​ប្រើ​អ្ហែង​ពី​ថ្ងៃ​នេះ ទៅ​អញ​ហៅ​អ្ហែង​ថា​អា​ឆ្កែ​ ! អា​ឆ្កែ​កូន​អា​ក្បត់ជាតិ​ !»។

ពេល​រង​ការរិះគន់​ជុំ​ទិស ពី​ភាព​ខ្វះ​សីលធម៌​របស់​លោក ដែល​មិនគួរ​ណា​ធ្វើជា​គំរូ​អាក្រក់​ដល់​យុវជន ក្នុងនាម​ជា​មេ​ដឹក​ប្រទេស​បែបនេះ លោក ហ៊ុន សែន មិន​ខ្វល់​នឹង​ការរិះគន់​នេះ​ទេ ប៉ុន្តែ​បែរជា​ចាត់​ទុក​ការ​ជេរ​ប្រមាថ និង​មាក់ងាយ​មនុស្ស​ដទៃ ទៅជា​រឿង​លេងសើច​ទៅវិញ ហើយ​ចោទ​អ្នកដទៃ​ថា​ប្រើ​សម្ដី​ទ្រគោះបោះបោក៖ «វា​មិនដែល​នរណា​ហៅ​ឯកឧត្ដម​ឆ្កែ ឬ​ព្រះតេជព្រះគុណ​ឆ្កែ​ទេ ព្រះតេជព្រះគុណ​ ! រួច​សម្ដី​ពាល សម្ដី​បាទ​ផ្សារ​អ្ហែង​ហ្នឹងហើយ អា​ឆ្កែ​ !»។

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ទោះ​នៅមុខ​ព្រះ​ភ័ក្ត្រ​ព្រះសង្ឃ ដូនជី និង តា​អាចារ្យ រួម​ទាំង​សិស្ស​និស្សិត​ផង ក៏​លោក ហ៊ុន សែន មិន​អៀន​មាត់​នឹង​រហូតដល់​ជេរ​ម្រាយ​ថែម​ទៀត​ផង។

ភាព​ប្រដំប្រសងគ្នា​រវាង​លោក ហ៊ុន សែន និង​មន្ត្រី​ជុំវិញ​លោក​បែបនេះ ធ្វើ​ឱ្យ​អ្នកវិភាគ យល់​ឃើញ​ថា “​នាង​រត់រក​អ្នក​ មេខាត​លក្ខណ៍​រត់​រក​អាបាក់ទន្សា”។ លោក គឹម សុខ ស្នើ​ឱ្យ​មន្ត្រី​របប​លោក ហ៊ុន សែន កុំ​ប្រដូច​ខ្លួន ទៅ​នឹង​មន្ត្រី​ការទូត​អាមេរិក ដែល​មាន​របៀបរបប​ការទូត និង​ការ​និយាយ​ស្ដី​ថ្លៃថ្នូរ​ជាង​នេះ​ឆ្ងាយ​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។