កម្ពុជា-វៀតណាម​នឹង​ពន្លឿន​លើ​ការ​បោះ​បង្គោល​ព្រំដែន

0:00 / 0:00

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៣ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រយៈពេល ២​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ។ ជា​លទ្ធផល ភាគី​ទាំង​ពីរ​បាន​បន្ត​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ អគ្គិសនី ពាណិជ្ជកម្ម និង​ការ​ពន្លឿន​លើ​ការ​បោះ​បង្គោល​ព្រំដែន ជាដើម។

កិច្ច​ប្រជុំ​បិទ​ទ្វារ​រវាង​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៣ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ការ​ដឹក​នាំ​របស់ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​លោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​នេះ តែ​មិន​បាន​ធ្វើ​សន្និសីទ​កាសែត ឬ​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កុយ គួង បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា រដ្ឋាភិបាល​វៀតណាម បាន​យល់​ព្រម​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា សរុប​ចំនួន ៥៥០​កន្លែង ឲ្យ​ទៅ​សិក្សា​ក្នុង​ប្រទេស​វៀតណាម សម្រាប់​ឆ្នាំ​សិក្សា​២០១៤ ក្នុង​នោះ​អាហារូបករណ៍​រយៈពេល​វែង​មាន​ចំនួន ១០០​កន្លែង និង​រយៈពេល​ខ្លី​ចំនួន ៤៥០​កន្លែង។ ហើយ​ចំណែក​កម្ពុជា ក៏​បាន​ផ្តល់​អាហារូបករណ៍​មួយ​ចំនួន​ឲ្យ​និស្សិត​វៀតណាម មក​សិក្សា​នៅ​កម្ពុជា ផង​ដែរ តែ លោក កុយ គួង មិន​បាន​បញ្ជាក់​ថា មាន​ចំនួន​ប៉ុន្មាន​កន្លែង​នោះ​ទេ។

បើ​តាម លោក កុយ គួង ដដែល ប្រទេស​វៀតណាម ក៏​បាន​យល់​ព្រម​លក់​ចរន្ត​អគ្គិសនី​ចំនួន ២០០​មេហ្គាវ៉ាត់ (Megawatts) មក​ឲ្យ​កម្ពុជា ចំណែក​កម្ពុជា ក៏​នឹង​លក់​ចរន្ត​អគ្គិសនី​ទៅ​ឲ្យ​ភាគី​វៀតណាម ចំនួន ១០០​មេហ្គាវ៉ាត់​វិញ ជាពិសេស​នៅ​ក្នុង​រដូវ​វស្សា៖ «ដោយសារ​កម្ពុជា យើង​មាន​វារីអគ្គិសនី​ច្រើន​កន្លែង ដូច្នេះ​នៅ​ពេល​រដូវ​វស្សា​នោះ​មាន​ទឹក​ច្រើន ដូច្នេះ​ស្ថានីយ​វារីអគ្គិសនី​ទាំងអស់​មាន​ដំណើរ​ការ។ ដូច្នេះ យើង​អាច​លក់​ចរន្ត​ដែល​ប្រើប្រាស់​សល់ អាច​ចំនួន ១០០​មេហ្គាវ៉ាត់ ទៅ​ភាគី​វៀតណាម វិញ»

ទាក់ទង​នឹង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​វិញ កម្ពុជា-វៀតណាម បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​ឲ្យ​ដល់ ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

លោក កុយ គួង៖ «ហើយ​យើង​គិត​ថា ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥ មិន​ពិបាក​ទេ ដោយសារ​យើង​ពិនិត្យ​មើល​នៅ​ឆ្នាំ​២០១២-២០១៣ គឺ​ថា​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ មាន​ការ​កើន​ឡើង​ច្រើន​ណាស់ ទំហំ​ពាណិជ្ជកម្ម​២០១៣ កន្លង​មក​នេះ មាន​ជាង ៣​ពាន់​លាន​ដុល្លារ ហើយ​ដូច្នេះ​នៅ​ឆ្នាំ​២០១៥ យើង​គិត​ថា មិន​ពិបាក​ទេ ដើម្បី​ឲ្យ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ ឈាន​ដល់ ៥​ពាន់​លាន​ដុល្លារ នោះ​បាទ»

ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​នេះ​ដដែល ភាគី​នៃ​កិច្ច​ប្រជុំ​ទាំង​ពីរ​ក៏​បាន​សម្រេច​ប្រគល់​ការងារ​ឲ្យ​ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ទាំង​២ បង្កើត​ផែន​ការ​មេ​ដើម្បី​កសាង​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​បណ្ដាញ​ដឹក​ជញ្ជូន​នៅ​តាម​បណ្តោយ​ព្រំដែន ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចរាចរ​ទំនិញ​រវាង​ប្រទេស​ជិត​ខាង​ទាំង​២។ លើស​ពី​នេះ ប្រទេស​វៀតណាម ក៏​បាន​សន្យា​ថា ក្នុង​ឆ្នាំ​២០១៤ នេះ គេ​នឹង​សាងសង់​ផ្សារ​គំរូ​មួយ​ឲ្យ​កម្ពុជា។ ផ្សារ​គំរូ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ខេត្ត​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​តែ​ពុះ​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម បង្កើត​ជា​ខេត្ត​ថ្មី​មួយ​បន្ថែម​ទៀត។

លោក កុយ គួង ក៏​បាន​ថ្លែង​ថា ភាគី​កម្ពុជា និង​វៀតណាម ប្ដេជ្ញា​ថា​នឹង​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ឲ្យ​បាន​ចប់​សព្វគ្រប់​ក្នុង​ពេល​ដ៏​ខ្លី ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ណា​នោះ​ទេ៖ «ព្រំដែន​កម្ពុជា-វៀតណាម មាន​បណ្តោយ ១.២៧០​គីឡូម៉ែត្រ ហើយ​យើង​បាន​កំណត់​នៃ​ការ​បោះ​បង្គោល​ហ្នឹង​បាន​ចំនួន ៩២២​គីឡូម៉ែត្រ​ហើយ ហើយ​ក្នុង​ចំណោម​បង្គោល ៣១៤​ហ្នឹង យើង​បាន​កំណត់​នៃ​ការ​បោះ​បង្គោល​ហ្នឹង ២៧៨ ស្មើ​នឹង ៧៦%។ យើង​កំណត់​បាន​នៅ​កន្លែង​ចំនួន​ប៉ុណ្ណឹង ប៉ុន្តែ​យើង​បាន​បោះ​បង្គោល​ជាក់ស្តែង​ហ្នឹង​បាន​ចំនួន ២១៧​បង្គោល។ អា​ហ្នឹង​ការ​បោះ​បង្គោល​រួច​ចំនួន ២១៧​ហ្នឹង គឺ​ស្មើ​នឹង ៦៩% បាទ»

ជុំវិញ​រឿង​ព្រំដែន​នេះ​ដែរ ភាគី​កម្ពុជា-វៀតណាម ក៏​បាន​ប្រគល់​ការងារ​ឲ្យ​ក្រុម​ជំនាញ​ការ​នៃ​ប្រទេស​ទាំង​២ ជួប​ប្រជុំ​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រើប្រាស់​ទឹក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម។ បើ​តាម លោក កុយ គួង ការងារ​នេះ​អាច​អនុញ្ញាត​ឲ្យ​កសិករ​ខ្មែរ​ដែល​មាន​ដី​ស្រែ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ទាញ​យក​ទឹក​ពី​ខាង​វៀតណាម មក​ប្រើប្រាស់​លើ​ដី​ស្រែ​របស់​ពួក​គេ។

ទាក់ទង​បញ្ហា​ទឹក​នៅ​តាម​ព្រំដែន​នេះ ប្រជា​កសិករ​ខ្មែរ​នៅ​ភូមិ​ជាឫស្សី ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង កាល​ពី​ចុង​ឆ្នាំ​២០១៣ បាន​ត្អូញត្អែរ​ថា ពួក​គាត់​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​យក​ទឹក​ព្រែក​ជាឫស្សី ដែល​នៅ​ជាប់​ព្រំដែន​វៀតណាម បង្ហូរ​ដាក់​ស្រែ​នោះ​ទេ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ជីក​ដី​ព្រែក​នៅ​ជាប់​ស្រែ​ពួក​គាត់​នោះ​បង្ហូរ​ចូល​ស្រែ បើ​ទោះ​ជា​ព្រែក​នោះ​នៅ​ខាង​ដី​របស់​កម្ពុជា ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។