ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ត្រៀម​បាតុកម្ម​នៅ​កណ្តាល​ទីក្រុង​សេអ៊ូល​ទាមទារ​កោះគជ់

ពលករ និង​ពលរដ្ឋខ្មែរ​នៅ​ប្រទេសកូរ៉េខាងត្បូង​នឹង​ប្រមូលផ្តុំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី២ ខែមីនា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ មន្រ្តី​សង្គមស៊ីវិល​យល់​ថា ការ​តស៊ូមតិ​ពី​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស​នឹង​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​ដោះស្រាយ​បញ្ហា​បូរណភាព​ទឹកដី បញ្ជាប់​ជម្លោះ​ព្រំដែន​ជាមួយប្រទេសជិតខាង​ដោយ​សន្តិវិធី។

ចរន្ត​យុវជនខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ឈឺឆ្អាល​បញ្ហា​បូរណភាព​ទឹកដី អធិបតេយ្យភាពជាតិ ជាពិសេ​ស​បញ្ហាកោះគជ់​នៅតែ​ផុលផុស ហើយ​ពួកគាត់បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ចូលបាតុកម្ម នៅ​ទីលានប្រជាធិបតេយ្យ​ជុងកាក់ កណ្តាល​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃ​អាទិត្យ​ទី២ ខែ​មីនា។

បាតុកម្ម​តវ៉ា​លើក​បដា​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​

តំណាង​គណៈកម្មការរៀបចំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក អន ចាន់ថន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១ ខែមីនា ថា បើ​តាម​គម្រោង​នឹង​មាន​ការ​សម្តែងមតិ លើក​បដា​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បង្ហាញ​ពី​គោលជំហរ​ច្បាស់លាស់​ការពារ​កោះគជ់ និង​ប្តឹង​ទាមទា​ចំណែក​កម្ពុជា​នៅ​លើ​កោះ​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ លោក​បន្ថែម​ថា ក្រុម​បាតុករ​នឹង ហែ​ញត្តិ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ជុងកាក់ ឆ្ពោះ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក ជប៉ុន និង​បណ្តា​ស្ថានទូត​ប្រទេស​ដែល​ជា​ម្ចាស់ហត្ថលេខី​នៃ​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស​ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ទាំងនោះ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​ស្តារប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ លោក អន ចាន់ថន រំពឹង​ថា បាតុកម្ម​នៅ​ថ្ងៃ​ទី២ ខែ​មីនា ​នឹង​មាន​អ្នកចូលរួម​ច្រើន បើទោះបីជា​មន្រ្តីស្ថានទូតខ្មែរ និង​មនុស្ស​របស់​លោក ហ៊ុន សែន បង្កើត​រូបភាព​តាម​រំខាន​និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋខ្មែរ​ក្តី។

លោក អន ចាន់ថន៖«យើង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យក​ករណី​កោះគជ់​នេះ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ រួមទាំង​ការដោះស្រាយ​ទំនាស់​ព្រំដែន​នៅ​តំបន់​ផ្សេងៗ​ទៀត។ ជនផ្តាច់ការ​ខិតខំ​គ្រប់យ៉ាង ដើម្បី​ការពារអំណាច​ពួកគេ ដូច្នេះលទ្ធិប្រជាធិបតេយ្យ​គ្មាន​អ្នកណា​លើក​​ជើង​ពាន​ឱ្យ​យើង​ទេ ​គឺ​លុះត្រាតែ​យើងខិតខំ​តស៊ូ​ដោយខ្លួនឯង​បាទ»។

ពលរដ្ឋខ្មែរ​រស់នៅ​ប្រទេសកូរ៉េខាងត្បូង​លោកស្រី ឃឹម មុំ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ម្តាយក្មេក​របស់​លោកស្រី​ដែល​ជនជាតិកូរ៉េ បាន​ជួយ​លុយ​ដល់​លោកស្រី ១០ម៉ឺនវ៉ុន និង​ជួយមើលថែ​កូនតូច​ថែម​ទៀត ដើម្បី​ឱ្យ​លោកស្រី​ទៅ​ចូលរួម​បាតុកម្ម​ការពារទឹកដី​កម្ពុជា​នៅ​ទីក្រុង​សេអ៊ូល។ ដូច្នេះលោកស្រី​នឹង​ទៅ​ចូលរួម​បាតុកម្ម​ជាមួយ​ក្រុមយុវជន​នៅ​ទីនោះ ពីព្រោះ​ពួកលោកស្រី​មិន​ជឿ​ទុកចិត្ត​ទៅលើ​យន្តការ​ដោះស្រាយ​ទ្វេភាគី​រវាង​រដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​ថៃ​កន្លង​មក​ឡើយ។

លោកស្រី ឃឹម មុំ៖«យើង​មក​រស់នៅ​ប្រទេសគេ​មាន​ប្រជាធិបតេយ្យ សេរីភាព​ពិតប្រាកដ ហើយ​ទឹកចិត្ត​របស់ខ្ញុំ​ចង់​ឱ្យ​ប្រទេសជាតិ​របស់ខ្ញុំ​ដូច​ប្រទេស​គេ​ដែរ អ៊ីចឹង​ហើយ​បាន​ជាខ្ញុំ​ព្យាយាម​រក្សា​ទឹកចិត្ត​ស្រឡាញ់​ប្រទេសជាតិ​​យើង​បន្តទៀត ខ្ញុំ​ត្រូវ​បន្ត​តស៊ូ​ទៅមុខ​ទៀត បើទោះបីជា​យើង​ជួប​ព្យុះ​ ភ្លៀង​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​ចូលរួម​បាតុកម្ម​នេះ​ដើម្បី​រក្សា​ទឹកដី​ប្រទេស​យើង»។

ចំណែក​ពលករខ្មែរ​ធ្វើការ​នៅ​តំបន់​០៥៥ ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក ណៃ សំណាង បញ្ជាក់​ថា រូបលោក និង​មិត្តភក្តិ​ជាច្រើន​នាក់ទៀត​បាន​សុំច្បាប់ការងារ​ពី​ថៅកែ ចំណាយ​លុយ​លើ​ថ្លៃ​ឡានក្រុង និង​ថ្លៃ​ម្ហូបអាហារផ្ទាល់​ខ្លួន ដើម្បី​ទៅ​ចូលរួម​បាតុកម្ម​ការពារ​កោះគជ់​នៅ​ថ្ងៃ​ទី០២ ខែមីនា ពីព្រោះពួកលោក​បារម្ភ​ខ្លាច​បាត់បង់​កោះគជ់​ទៅ​ប្រទេសថៃ ដូច​បាត់បង់​កោះត្រល់​ទៅប្រទេស​វៀតណាម។

លោក ណៃ សំណាង៖«បាតុកម្មនេះ​ជា​រឿង​ការពារទឹកដី ពីព្រោះ​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ស្រុក​មិន​អាច​ធ្វើ​បាតុកម្មបាន​ទេ អ៊ីចឹង​ពួកគាត់​សង្ឃឹម​ថា​យើង​នៅក្រៅប្រទេស​ដែល​អាច​ក្រោក​ទាំងអស់​គ្នា។ ប្រសិនបើ​យើង​មិន​គិតគូរ​រឿង​ហ្នឹង​ទេយើង​នឹង​បាត់បង់​ទឹកដី បាត់បង់​ម្ចាស់​ការចំពោះ​ប្រទេស​ខ្លួនឯង អ៊ីចឹង​នៅ​នេះ​មាន​សេរីភាព​យើង​ត្រូវតែ​ចូលរួម គ្រប់​កាលៈទេសៈ​ខ្ញុំ​ត្រូវ​ចូលរួម​បាតុកម្ម»។

ពលរដ្ឋ​មួយ​ចំនួន​ទាំង​នៅ​ក្នុងស្រុក និង​នៅ​ក្រៅស្រុក ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្តឹង​រឿង​កោះគជ់​ទៅ​តុលាការអន្តរជាតិ​ជាបន្តបន្ទាប់​មកនេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក​ដែល​ជា​មេបក្សកាន់អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការទាមទារ​សិទ្ធិគ្រប់គ្រង​កោះគជ់។

មន្ត្រី​សង្គមស៊ីវិល​ទាមទារ​ឱ្យកម្ពុជា​ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​ ICJ

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ​នៅ​ប្រទេស​អូស្រ្តាលីលោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា ប្រជាពលដ្ឋខ្មែរ​ធ្វើ​បាតុកម្មទាមទារ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិក្រុង​ឡាអេ ជា​ការអនុវត្ត​សិទ្ធិសេរីភាព​ស្របច្បាប់ ហើយ​លោក​លើក​ទឹកចិត្តឱ្យ​ពួកគាត់​ចូលរួម​ឱ្យ​បាន​ច្រើន​ក្នុង​ការជំរុញ​ឱ្យ​មាន​ដំណោះស្រាយ ខណៈពលរដ្ឋ​នៅក្នុង​ស្រុក​ពុំ​មានសិទ្ធិសេរីភាព​ចេញ​សម្តែងមតិ​នោះ។

លោក ស៊ឹង សែនករុណា៖«ការចូលរួម​បាតុកម្ម​ជា​សាមគ្គី ស្មារតី ជា​កម្លាំង​នេះ​វា​ធ្វើឱ្យ​បណ្តា​ប្រទេស​លោកសេរី​ស្រឡាញ់​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ​ទាំងអស់នេះ​នឹង​មើល​ឃើញ​ពី​ការ​ស្រែក​ឃ្លាន​ការ​ចង់​បាន​ការគោរព​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​នេះ​ឯង»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ ខែមីនា។

អត្ថបទដែលទាក់ទង៖

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិOpens in new window ]

ពលរដ្ឋ​ខ្មែរ​ប្រកាស​នាំ​គ្នា​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​មុខ​អគារ​រៀបចំ​វេទិកា​ចំណេះដឹង​ពិភពលោក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូងOpens in new window ]

ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន​តវ៉ា​ប្រឆាំង​នឹង​ការ​ឡើង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែតOpens in new window ]

រជាពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស​លើកឡើង​ថា បញ្ហាបូរណភាព​ទឹកដី​ជាមួយប្រទេសថៃ កំពុង​ក្លាយ​ជាក្តី​កង្វល់ធំ​មួយទៀត​របស់​ពលរដ្ឋខ្មែរ ជាពិសេស​យុវជន​ទូទៅ។ ពួកគាត់​យល់​ថា បើសិន​រដ្ឋាភិបាល​ត្រកូលហ៊ុន​មិន​ប្តឹង​ទាមទារ​កាន់កាប់​ទឹកដី​មួយចំណែក​នៅលើ​កោះគជ់ ដែល​កំពុង​ស្ថិត​ក្រោម​ការត្រួតត្រារបស់​ភាគីថៃ​ទេ​នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នឹង​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ក្បត់​ជាតិ​កាត់​ទឹកដី​ឱ្យ​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។