នាវា​ចម្បាំង​ចិន បន្ត​ចូល​ចត​នៅ​កំពង់ផែ​រាម

ដោយ មាន ឫទ្ធិ
2024.04.01
នាវា​ចម្បាំង​ចិន បន្ត​ចូល​ចត​នៅ​កំពង់ផែ​រាម នាវា​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង ​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ទៀ សីហា

នាវា​ចម្បាំង​ចិន បន្ត​ចូល​ចត​នៅ​កំពង់ផែ​រាម។ សារព័ត៌មាន Nikkei Asia រាយការណ៍​កាលពី​ថ្ងៃទី១ ខែមេសា ថា យ៉ាងហោចណាស់​មាន​នាវា​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​បាន​បន្ត​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម នៅ​ក្រុង​ព្រះសីហនុ។ នាវា​ចម្បាំង​របស់​ចិន​ទាំង​នេះ ត្រូវ​បាន​គេ​ឃើញ​ចូល​ចត​ចុងក្រោយ​ចាប់តាំង​​ពី​ថ្ងៃ​ទី២០ ខែមីនា។ សារព័ត៌មាន​ដដែល​នេះ រាយការណ៍​ថា ផ្អែក​តាម​រូបភាព​ដែល​ខ្លួន​ទទួល​បាន នាវា​ចម្បាំង​មួយ​គ្រឿង​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​នាវា​ចម្បាំង​ល្បឿន​លឿន​ខ្នាត​តូច​ មាន​ឈ្មោះ​ថា Wenshan ដោយ​មាន​ដោត​ទង់ជាតិ​ចិន និង​ទង់ជាតិ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA)

នេះ​គឺ​ជា​លើក​ទីពីរ​ហើយ ដែល​នាវា​ចម្បាំង​ចិន​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម ចាប់​តាំង​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន​កែ​លម្អ ឬ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​នេះ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២២ មក។ កាលពី​ដើម​ខែធ្នូ ឆ្នាំ២០២៣ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​របស់​ចិន​យ៉ាង​ហោច​ណាស់​ពីរ​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ជា​លើក​ដំបូង។ កាល​នោះ កម្ពុជា​អះអាង​ថា ការ​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​របស់​ចិន​ចូល​ចត​នេះ គឺ​ដើម្បី​ត្រៀម «ហ្វឹកហ្វឺន» នាយ​នាវិក​កងទ័ព​ជើងទឹក​កម្ពុជា។

ការ​ចូល​ចត​ជា​បន្តបន្ទាប់​នៃ​នាវា​ចម្បាំង​របស់​ចិន​នេះ ត្រូវ​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ មើល ឃើញ​ថា ជា​«ការសាកល្បង»​ចង់​ដឹង​ពី​ប្រតិកម្ម​អន្តរជាតិ​ជុំវិញ​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​កម្ពុជា។ កម្ពុជា​រង​នូវ​ការរិះគន់​ថា បាន​លួច​អនុញ្ញាត​ឱ្យ​ចិន​ប្រើប្រាស់​មួយ​ផ្នែក​នៃ​កំពង់ផែ​រាម​នេះ​«ផ្ដាច់មុខ»​ដើម្បី​ធ្វើជា​មូលដ្ឋាន​ទ័ព​របស់​ខ្លួន។

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​យប់​ថ្ងៃ​ទី១ ខែមេសា។

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក ដានីញ៉ែល ក្រៃថិនប្រ៊ីង (Daniel J. Kritenbrink) កាល​ពី​ថ្ងៃ​ទី៧ ខែមីនា ថ្លែង​ក្រោយ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ផ្ដល់​ជំនួយ​របស់​ចិន និង​ការ​វិវត្តន៍​ថ្មីៗ អំពី​ការ​សាងសង់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ បញ្ជាក់​ថា អាមេរិក និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ចេតនា និង​វិសាលភាព នៃ​ការ​សាងសង់​ជុំវិញ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​តួនាទី​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ជីក​ព្រែក​ហ្វូណន​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា គ្មាន​ការ​ចាំ​បាច់​បំភ្លឺ​គ្រប់​រឿង​ដល់​វៀតណាម​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។