សុខភាព​មន្ត្រី​បក្ស​ប្រឆាំង​នៅ​បោយប៉ែត​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង

ដោយ ហេង រស្មី
2019-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ភរិយា​លោក ចៅ វាសនា ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត នៃ​គណបក្ស​សង្គ្រោះជាតិ លើកឡើង​ថា មួយ​រយៈ​​នេះ សុខភាព​របស់​ស្វាមី​ទ្រុឌទ្រោម​ខុស​ប្រក្រតី បណ្ដាល​មក​ពី​គ្មាន​ថ្នាំ​ព្យាបាល និង​ហូប​ចំណី​មិន​គ្រប់គ្រាន់​នៅ​ពន្ធនាគារ​ព្រៃស។ លោក​ស្រី​​​​​អះអាង​ថា លោក ចៅ វាសនា កំពុង​មាន​បញ្ហា​ផ្លូវចិត្ត ត្រូវ​ការ​ព្យាបាល​និង​មាន​សាច់ញាតិ​នៅ​មើលថែ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ ជាប់​ទោស​ដោយ​គ្មាន​កំហុស។

ភរិយា​លោក ចៅ វាសនា លោកស្រី វង្ស គឹមហុង ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា​ថា តាំងពី​​សមត្ថកិច្ច​​បញ្ជូន​​លោក ចៅ វាសនា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ខែ​តុលា ឆ្នាំ​២០១៨​ មក គឺ​អ្នកស្រី​មិនដែល​បាន​ទៅ​សួរសុខទុក្ខ​ស្វាមី​ម្ដង​នៅ​ឡើយ​​​ទេ ដោយសារ​ខ្វះខាត​ថវិកា​ធ្វើដំណើរ​ទៅ​ភ្នំពេញ និង​ជាប់រវល់​ការងារ​រក​ប្រាក់​សម្រាប់​បញ្ជូន​ទៅ​ឱ្យ​ប្ដី​ផង និង​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅផ្ទះ​ផង។

លោក ចៅ វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដើមកំណើត​ខ្មែរ​ក្រោម​។ ចៅសង្កាត់​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ គឺ​នៅ​មុន​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅមុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥។

លោកស្រី​មាន​ប្រសាសន៍ថា​យូរៗ ​ម្ដង ​ស្វាមី​បាន​ទូរស័ព្ទ​មកលេង​អ្នកស្រី​នៅផ្ទះ គឺ​លោក​តែង​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​នៅ​ក្នុង​ពន្ធនាគារ​ប្រាប់​អ្នកស្រី​ជាប្រចាំ​។ នៅ​ពេល​និយាយ​ទូរស័ព្ទ​ម្ដងៗ​ លោកស្រី​​អាណិត​ស្វាមី​ស្ទើរ​ខ្លោចចិត្ត ដោយ​មិន​គួរ​ណា​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​បែក​ពី​ប្រពន្ធ និង​កូន​បែបនេះ​ទេ៖ «គាត់​ត្អូញត្អែរ​រហូត គាត់​ឈឺ​ផង​អី​ផង​គាត់​សូវ​បាន​និយាយ​មក​ខ្ញុំ​ម៉ាន​ទេ ហើយក៏​មិនដែល​បាន​ជួប​ទេ​។​គាត់​ពិបាកចិត្ត​រឿង​គ្រួសារ​ផង ដែល​អស់ពី​គាត់​ទៅ​ពិបាក​។ ​ខ្ញុំ​ចង់​ឱ្យ​គេ​ជួយ​ថវិកា​ដល់​គាត់ សម្រាប់​ប្រើប្រាស់​ក្នុង​ពន្ធនាគារ ខ្ញុំ​មិន​ចង់បាន​អី ខ្ញុំ​អាណិត​ស្រណោះ​ប្ដី​ត្រង់​ថា​គាត់​ឈឺ​ភ្នែក​ផង និង​ឈឺ​ជំងឺ​ផ្សេងៗ​ផង និង​គេ​ធ្វើទុក្ខបុកម្នេញ​ដល់​គាត់​នៅ​ក្នុង​ពន្ធនាគារ​ទៀត»

លោកស្រី​បន្ថែម​ទៀត​ថា លោក ចៅ វាសនា ត្អូញត្អែរ​ញឹកញាប់​ថា នៅ​បន្ទាប់​ស្នាក់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ចង្អៀត​ណែន ហើយ​មន្ត្រី​ពន្ធនាគារ​បាន​ដាក់​ស្វាមី​ឱ្យ​នៅ​ជាមួយ​អ្នកទោស​កោងកាច និង​ចេះ​ជក់បារី ធ្វើ​ឱ្យ​លោក​សម្រាន្ត​មិន​លក់ ព្រោះ​ពួក​គេ​​តែង​​ឈ្លោះ​​ប្រកែក​គ្នា​ជា​រៀងរាល់​យប់ និង​នាំគ្នា​ជក់បារី​បង្ហុយ​ផ្សែង​ប៉ះពាល់​ដល់​សុខភាព​របស់​ស្វាមី។ អ្នកស្រី​ថា ភ្នែក​របស់​លោក ចៅ វាសនា មើល​មិន​ច្បាស់ ហើយ​ចេះតែ​ហូរ​ទឹកភ្នែក​មិន​ឈប់​ដោយសារ​ត្រូវ​ផ្សែង​បារី​នៅ​ក្នុង​បន្ទប់​ឃុំឃាំង៖ «ថ្នាំ​​មាន​អី​ក្នុង​ពន្ធនាគារ​មានតែ​ថ្នាំ​ប៉ារ៉ាៗ (Paracetamol) ហើយ​គាត់​ឈឺ​មិន​មាន​ពេទ្យ​ព្យាបាល​គាត់​ហើយ ប្រពន្ធ​កូន​ក៏​អត់​បាន​ទៅ​ជិត ហើយ​របស់​ក៏​ថ្លៃ ហើយ​ផ្ញើ​ពី​ផ្ទះ​ទៅ​ទម្រាំ​ដល់​បែកបាក់​ខូច​របស់​អស់។ អីចឹង​ខ្ញុំ​ចង់​ស្នើ​ឱ្យ​គាត់​មក​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​បាន​ជិត​គ្រួសារ​ធ្លាប់​ខ្វះខាត​មានគ្រួសារ​ និង​អ្នកស្រុក​បាន​យក​ទៅ​ជួយ​គាត់​ដល់ដៃ។ ដល់​​តែ​​គាត់​​នៅ​ភ្នំពេញ​​មិន​​មាន​​អ្នក​ណា​​យក​​របស់​របរ​​ទៅ​​ផ្ញើ​​គាត់​​ទេ បើ​​នៅ​​ឆ្ងាយ​​បែប​នេះ»

លោកស្រី​បន្ថែម​ថា សព្វថ្ងៃ​លោកស្រី​មិន​មាន​លទ្ធភាព​ផ្ដល់​ថវិកា​ជួយ​ស្វាមី​សម្រាប់​ទិញ​អាហារ​ហូបចុក​នោះ​ទេ ព្រោះ​តាំងពី​លោក​ ចៅ វាសនា ​ជាប់​ពន្ធនាគារ​​មក ពុំ​មាន​អ្នក​ជួយ​ប្រាក់​ ដើម្បី​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​​បន្ទុក​​នេះ​​បាន​​​ធ្លាក់​មក​​លើ​​លោកស្រី​ម្នាក់ឯង ត្រូវ​រក​ប្រាក់​ចិញ្ចឹម​កូន​និង​ស្វាមី​នៅ​ក្នុង​ពន្ធនាគារ។

លោកស្រី​ព្រួយបារម្ភ​ថា លោក ចៅ វាសនា មាន​ជំងឺ​ជាច្រើន​យ៉ាង រួមមាន រមាស់​ពេញ​ខ្លួន ជំងឺ​ក្រពះ គ្រុន​រងា​ពិបាក​ក្នុង​ខ្លួន ធ្វើ​ឱ្យ​លោក​សម្រាន្ត​មិន​លក់​ជាច្រើន​ថ្ងៃ​ហើយ ដោយ​ពុំ​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ​។ លោកស្រី​បន្ត​ថា លោក ចៅ វាសនា បាន​ទាមទារ​ជាច្រើនលើក​សុំ​ឱ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស បញ្ជូន​លោក​ទៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញ។ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ធ្វើ​មិន​ដឹង​មិន​ឮ ធ្វើ​ឱ្យ​លោក​លំបាក​វេទនា​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​រហូត​មក។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា និង​ប្រធាន​ពន្ធនាគារ​ព្រៃ​ស លោក ក្លូត ដារ៉ា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៦ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ឃុំ លោក ជួង ជូងី ថ្លែង​ថា កូនក្ដី​របស់​លោក​ពិត​ជា​ជួប​ការ​លំបាក​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ប្រាកដ​មែន។ លោក​បន្ថែម​ថា រឿង​នេះ​លោក​ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប្រមាណ ១​ខែ​ហើយ ដើម្បី​ឱ្យ​បញ្ជូន​លោក ចៅ វាសនា ទៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញ ប៉ុន្តែ​រហូត​មក​ទល់​ម៉ោង​ផ្សាយ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​មកវិញ​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា លោក​អះអាង​ថា នឹង​សាកសួរ​រឿង​នេះ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បន្ត​ទៀត៖ «គេ​យក​គាត់​មក​ភ្នំពេញ​ដោយហេតុថា​រឿង​គាត់ ពេល​តវ៉ា​តាម​ផ្លូវ​ច្បាប់ យើង​ប្រើ​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​​ប្ដឹង​មក​​សាលា​កំពូល​ទៀត។ អីចឹង​ដើម្បី​ធានា​អាច​ដឹក​គាត់​ទៅ​តុលាការ​បាន​អីចឹង​ហើយ​ទើប​ក្រសួង​មហាផ្ទៃ​ត្រូវ​ដឹង​គាត់​ពី​បន្ទាយមានជ័យ​មក​ភ្នំពេញ។ ហើយ​ឥឡូវនេះ​សំណុំរឿង​គាត់​ត្រូវ​រង់ចាំ​កាត់​អង្គសេចក្ដី​នៅ​តុលាការ​កំពូល ប៉ុន្តែ​គាត់​ទាមទារ​ទទូច​ចង់​ទៅ​បន្ទាយមានជ័យ​វិញ គឺ​គាត់​ជ្រើសរើស​ថា​ពេល​សវនាការ​នៅ​សាលា​កំពូល គាត់​សុំ​មិន​ចូលរួម ឱ្យ​តែ​មេធាវី​ទៅ​ការពារ​ទៅ​បាន​ហើយ។ អីចឹង​ការដែល​គាត់​សុំ​មិន​ចូលរួម​ដូច្នេះ​អាច​មិន​ចាំបាច់​ថា សវនាការ​នៅ​កំពូល​សមត្ថកិច្ច​ដឹក​គាត់​ទៅ​គឺ មិន​ចាំបាច់​ទេ»

មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​លោក ចៅ វាសនា ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស តាំងពី​ថ្ងៃ​ទី​១៤ ខែ​តុលា​ឆ្នាំ​២០១៨ មក មិនទាន់​បញ្ជូន​ត្រឡប់​ទៅវិញ​នៅឡើយ​ទេ។ មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភរិយា​លោក ចៅ វាសនា ថា ការ​ប្ដូរ​ទីតាំង​ឃុំខ្លួន​នេះ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​នីតិវិធី​នៅ​សាលាឧទ្ធរណ៍។

មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​ភាព​អយុត្តិធម៌ ២​យ៉ាង គឺ​ទី​១ លោក​ជាប់ឃុំ​ដោយ​គ្មាន​កំហុស ព្រោះ​កាលណោះ​លោក​ជា​ចៅ​សង្កាត់រង​ទី​២ សង្កាត់​ប៉ោយប៉ែត ដែល​បាន​ទៅ​ពិនិត្យ​ប្រជាពលរដ្ឋ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ទៅវិញ និង​ទី​២ មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ហើយ​ស្នាក់​នៅ​ក្នុង​បន្ទប់​ចង្អៀត​ណែន​អស់​ជាច្រើន​ខែ ដែល​លំបាក​ដល់​ក្រុម​គ្រួសារ​មិន​អាច​ទៅ​សួរសុខទុក្ខ​បាន​ដូច​ពេល​មុនៗ៖ «សូម្បីតែ​ជាប់​ពន្ធនាគារ​ហើយ​នៅ​ជាប់​ការរើសអើង​មក​ជា​មួយទៀត អីចឹង​វា​មិនសូវ​ល្អ​ហើយ​គួរ​តែ​​បំបាត់​អំពើ​ទាំងនេះ​ចោល បើ​មិន​អីចឹង​ទេ គេ​មើល​មក​ថា តុលាការ ឬ​រចនាសម្ព័ន្ធ​ការគ្រប់គ្រង​គណបក្ស​តែមួយ​នឹង​វា​ជា​ការ​ប្រើប្រាស់​ទៅលើ​អ្នក​ដែល​ខ្លួន​មិន​ពេញចិត្ត​អី គាត់​ច្រើនតែ​ប្រើ​យន្តការ​មួយ​មិន​អើពើ​មិន​យកចិត្តទុកដាក់​អ្នក​សុំ​ក៏​ដោយ ប៉ុន្តែ​បើ​អ្នកមាន​លុយ​មាន​កាក់​ដែល​ជា​បណ្ដាញ​ជា​ក្រុម​របស់​ខ្លួន​តែងតែ​យកចិត្តទុកដាក់»

កាលពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ចៅ វាសនា និង​កម្មករ​អូស​រទេះ​ចំនួន​ ៧​នាក់​ផ្សេងទៀត​ ដាក់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​។ ភ្លាមៗ ​ក្រោយពី​ប្រកាស​សាលក្រម​​មេធាវី​ការពារ​ក្ដី​លើ​សំណុំ​រឿង​នេះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​តុលាការ​ទម្លាក់​ការចោទប្រកាន់​នេះ និង​ស្នើសុំ​ឱ្យ​លោក ចៅ វាសនា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​រហូតដល់​ថ្ងៃ​ទី​១៦ ​កក្កដា សាលាឧទ្ធរណ៍​មិន​ទាន់​​ជម្រះក្ដី​រឿង​នេះ​ចប់​នៅឡើយ​។ លោក ស៊ុំ ច័ន្ទគា យល់ថា ការ​ចាប់​នេះ​ជា​រឿង​អយុត្តិធម៌ លើ​ជន​ជាប់ឃុំ ព្រោះ​ប្រសិនបើ​ចោទប្រកាន់​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ង៉ោ ម៉េងជ្រួន ក៏​មាន​កំហុស​ដែរ ដោយសារ​កាលណោះ​លោក​បាន​ចុះទៅ​ពិនិត្យមើល​ក្រុម​អ្នកតវ៉ា​នៅមុខ​ទីស្នាក់ការ​គយ​ក្រុង​ប៉ោយប៉ែត​ដូច​លោក ចៅ វាសនា ដែរ មិនមែន​ដាក់ទោស​តែ​ម្នាក់​បែបនេះ​ទេ​។​ ភរិយា​ជន​ជន​ចាប់​ចោទ​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ បញ្ជូន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ និង​ស្នើ​ឱ្យ​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ឱ្យ​បាន​ឆាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល