គណបក្សសង្គ្រោះជាតិអំពាវនាវឱ្យពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមបែបប្រជាធិបតេយ្យ ដើម្បីសង្គ្រោះជីវភាពប្រជាពលរដ្ឋ នៅក្នុងរយៈពេល៦ខែខាងមុខនេះ ដោយជំរុញឱ្យរបបលោក ហ៊ុន សែន ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងភ្លាមៗ ក្រោយពីគណៈកម្មាធិការអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា។ គណបក្សសង្គ្រោះជាតិ ចាត់ទុកសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ គឺជាលទ្ធផលដ៏សោកសង្រេង នៃវិបត្តិនយោបាយនៅកម្ពុជា ដែលបង្កឡើងដោយរបបលោក ហ៊ុន សែន ចាប់តាំងពីរបបនេះ ចាប់ផ្ដើមយុទ្ធនាការបង្ក្រាបគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល សហជីព និងបណ្ដាញសារព័ត៌មានឯករាជ្យកាលពីខែកញ្ញាឆ្នាំ២០១៧ និងចំការបោះឆ្នោតក្លែងក្លាយនៅក្នុងឆ្នាំ២០១៨។
សហភាពអឺរ៉ុបគឺជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច និងជួយកាត់បន្ថយក្រីក្រនៅកម្ពុជា ពិសេសការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធEBAនេះ។ សហភាពអឺរ៉ុបបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួន តាមរយៈសម្រេចកាលពីថ្ងៃទី១២កុម្ភៈ ដែលទុកពេលឱ្យរបបក្រុងភ្នំពេញរយៈពេល៦ខែទៀត ដើម្បីឱ្យកែប្រែស្ថានភាពនយោបាយឱ្យប្រសើរឡើងវិញ ដើម្បីបញ្ចៀសលទ្ធផលអាក្រក់ ដែលនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជាទាំងមូល។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងដដែលនេះ សម្ដែងនូវការគាំទ្រចំពោះអនុសាសន៍ចំពោះអនុសាសន៍របស់សហភាពអឺរ៉ុបដល់អាជ្ញាធររបបក្រុងភ្នំពេញ ក្នុងការផ្ដួចផ្ដើមនូវដំណើរការនៃការផ្សះផ្សាជាតិខ្មែរឡើងវិញ តាមបែបបទប្រជាធិបតេយ្យ តាមរយៈកិច្ចសន្ទនាដោយស្មោះត្រង់ និងទូលំទូលាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។