សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ជំនឿ​ថា តុលាការ​អាច​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ឡើយ

ដោយ សេក បណ្ឌិត
2020-11-05
Share
សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​បាងកក 112919 សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គី រង់ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ថ្កោលទោស​តុលាការ​ក្រុងភ្នំពេញ​ថា អនុវត្ត​ច្បាប់​តាម​បញ្ជា​បក្ស​កាន់អំណាច ដោយ​មិន​ឈរ​លើ​ឯករាជ្យ​ភាព និង​វិជ្ជាជីវៈ​នោះ​ទេ​។ ពួកគេ​ប្រកាស មិន​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ ប្រសិនបើ​តុលាការ​សម្រេច​កាត់ទោស​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា ករណី​នេះ ជា​រឿង​នយោបាយ ច្រើនជាង​ការអនុវត្ត​ច្បាប់។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​កោះហៅ​ឱ្យ​ចូល​សវនាការ​នៅ​ចុងខែ​វិច្ឆិកា​នោះ ឱ្យ​ដឹង​ថា ពួកគេ​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​នេះ​ឡើយ ព្រោះ​គ្មាន​ជំនឿ​ថា នឹង​មាន​យុត្តិធម៌។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី កញ្ញា សៅ ឧសភា ឲ្យ​ដឹង​ថា កញ្ញា​ពុំ​មាន​កំហុស​អ្វី​ឡើយ ហើយ​កញ្ញា​នឹង​មិន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​អនុវត្ត​ច្បាប់​តាម​បញ្ជា​របស់​បក្ស​កាន់អំណាច​នោះ​ទេ​។ កញ្ញា​បន្ត​ថា កញ្ញា​ចង់​ឲ្យ​តុលាការ​មាន​ភាព​ឯករាជ្យ​នៅ​ក្នុង​តួនាទី​របស់​​​​​​ខ្លួន​ដែល​បាន​ផឹក​​​​​​​​​​​​​​​​​​​​​​ទឹក​សម្បថ​មុន​ចូល​ធ្វើ​ការ ដោយ​ត្រូវ​អនុវត្ត​តាម​គោល​ការ​ច្បាប់ និង​វិជ្ជាជីវៈ​របស់​ខ្លួន៖ «ចំពោះ​ការ​កោះ​ហៅ​នេះ វា​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​យើង វា​អត់​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ពេញលេញ​ទេ ហើយ​គាត់​តែងតែ​ព្យាយាម​បន្សាប​នូវ​សំឡេង​លទ្ធិប្រជាធិបតេយ្យ​ក៏ដូចជា​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ និង​សំឡេង​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស ១៦​លាន​នាក់​ហ្នឹង គឺ​គាត់​ព្យាយាម​បន្សាបៗ​កុំ​ឲ្យ​មាន​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត អ្នក​ដែល​ចូលរួម​តស៊ូ​មតិ​អី​ផ្សេងៗ​ហ្នឹង​គឺ​គាត់​ព្យាយាម​បន្សាប​ដោយ​យក​ពួក​ខ្ញុំ​ទាំង ៤៦​រូប​ហ្នឹង កោះ​ពួក​ខ្ញុំ ហើយ​មានការ​ចាប់ខ្លួន​សកម្ម​ជន​កន្លងមក​ហ្នឹងៗ​ហើយ​ជា​រឿង​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​គាត់​ព្យាយាម​បន្សាប​សំឡេង​អ្នក​លទ្ធិប្រជាធិបតេយ្យ»

ចំណែក យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម លោក រិន រដ្ឋ ដែល​ជាប់​ឈ្មោះ​ក្នុង​ដីកា​កោះហៅ​ដែរ​នោះ លើកឡើង​ថា លោក​ពុំ​មាន​ការ​ភិតភ័យ​ចំពោះ​រឿង​នេះ​ទេ ដោយសារ​លោក​យល់​ច្បាស់​ថា លោក ហ៊ុន សែន តែង​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន និង​ប្រជា​ពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​អះអាង​ថា ដីកា​កោះហៅ​ទាំងនេះ គឺជា​ការ​បង្គាប់​បញ្ជា​ពី​បក្ស​កាន់អំណាច ដែល​ជា​រឿង​នយោបាយ​សុទ្ធសាធ​។ លោក​សង្កត់ធ្ងន់​ថា លោក​នឹង​មិន​ទទួល​យក​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ ប្រសិនបើ​តុលាការ​នេះ​កាត់​ក្តី​ឲ្យ​ពួក​លោក​ជាប់ពន្ធនាគារ ដោយ​អះអាង​ថា ជា​រឿង​អយុត្តិធម៌ និង​មិន​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់៖ «យើង​មើល​ឃើញ​ថា ចូល​ទៅ​ក៏​វា​អត់​មានបាន​ប្រយោជន៍​អី​ដែរ ព្រោះ​អី​ខាត​តែ​ការងារ​ខាត​តែ​ពេលវេលា​ទេ ព្រោះ​អី​របប​លោក ហ៊ុន សែន យក​អា​ដីកា យក​បទ​ចោទ​ហ្នឹង​ដដែលៗ ហើយ​អត់​ទាន់​មាន​ឃើញ​កាត់ទោស អត់​មាន​ឃើញ​មាន​មូលដ្ឋាន​ច្បាប់​ណា​ច្បាស់លាស់ ដើម្បី​ដាក់​បន្ទុក​ទៅលើ​ពួកគាត់​ឲ្យ​បាន​ជាក់​លាក់ និង​ច្បាស់លាស់​ទៅតាម​នីតិវិធី​ច្បាប់ និង​តាម គេ​ហៅថា ច្បាប់​រដ្ឋធម្មនុញ្ញ​ហ្នឹង​ទេ គឺ​អត់​មានតែ​ម្ដង»

រីឯ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត លោក សេង ម៉េងប៊ុនរ៉ុង ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​ហ៊ាន​ចូលរួម​តតាំង​ក្តី​នៅ​តុលាការ ប្រសិនបើ​របប​លោក ហ៊ុន សែន ផ្ដល់​សុពលភាព​លិខិតឆ្លងដែន និង​បើកផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​កម្ពុជា​វិញ​។ លោក​ចាត់​ទុក ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន និង​ពលរដ្ឋ ដែល​មិន​មាន​ប្រយោជន៍​អ្វី​ដល់​កម្ពុជា​នោះ​ទេ គឺ​មានតែ​ការ​បែកបាក់​ជាតិ​។ លោក​អះអាង​ថា លោក ហ៊ុន សែន គួរ​គិត​ប្រយោជន៍​ជាតិ​ជាធំ ដោយ​ត្រូវ​ងាក​រក​តុ​ចរចា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ៖ «សម្រាប់​ខ្ញុំ​គ្រាន់តែ​ចង់​ផ្តាំ​ផ្ញើ​ឲ្យ​គាត់​ហ្នឹង ធ្វើ​អី​ឲ្យ​គិត​ពី​ជាតិ​មុន កុំ​គិតតែ​ពី​បក្សពួក​របស់​គាត់ ហើយ​ធ្វើ​ទុក​បុក​ម្នេញ​ក្រុម​ម្ខាង​ទៀត ដែល​មាន​សំឡេង​ផ្ទុយ​ពី​ក្រុម​របស់​គាត់​។ នេះ គឺជា​សារ​របស់ខ្ញុំ​ក្នុងនាម​ខ្ញុំ​ជា​យុវជន ហើយ​ខ្ញុំ​ធ្វើការ​ច្រើន​ជាមួយ​នឹង​ប្រជាពលរដ្ឋ ខ្ញុំ​ដឹង គាត់​ចង់​ឲ្យ​អ្នកនយោបាយ​ចូល​តុ​ចរចា គាត់​ចង់​ឲ្យ​អ្នកនយោបាយ​ចេះ​និយាយ​គ្នា​ទៅ ដើម្បី​ឲ្យ​ជាតិ​យើង​ទៅមុខ អ៊ីចឹង​បើសិនជា​អ្នកនយោបាយ​ត្រូវ​គ្នា យ៉ាងហោចណាស់​ក៏​យើង​បាន​ពិភាក្សា នៅ​ពេល​ដែល​យើង​ធ្វើ​អី​ទៅ គឺ​ត្រូវចិត្ត​ប្រជាពលរដ្ឋ បើ​អត់​បាន​ពិភាក្សា​ជាមួយ​ក្រុម​ឲ្យ​ច្រើន​អ៊ីចឹង​ការ​អនុម័ត ឬមួយ​ក៏​ការ​ធ្វើ​អី​មួយ​គាត់ គឺ​គាត់​ធ្វើ​អី​តែ​តាម​គំនិត​របស់​គាត់ អត់​មានគំនិត​ជាតិ ឬមួយ​ក៏​អត់​មានគំនិត​ថា ធ្វើ​អ្វី​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទេ គឺ​គាត់​ធ្វើ​ដើម្បី​ក្រុម​គាត់ បក្សពួក​គាត់ អំណាច​របស់​គាត់​»

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៣​នាក់ និង​សកម្មជន​ចំនួន​ ៤៦​នាក់​សរុប​ចំនួន​ ៥៩​នាក់ ចូលរួម​សវនាការ​ជា​កំហិត នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ពាក់ព័ន្ធ​នឹង​បទ​ចោទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ជា​សំណុំរឿង​ចាស់​ពាក់ព័ន្ធ​នឹង​ផែនការ​វិលត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩។

ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កោះហៅ​នោះ រួមមាន ប្រធាន​ស្តីទី​គណបក្ស លោក សម រង្ស៊ី និង​ភរិយា គឺ​អ្នកស្រី ជូឡុង សូម៉ូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង រួម​ទាំង​ថ្នាក់ដឹកនាំ និង​សកម្មជន​ជាច្រើន​នាក់​ទៀត ដែល​ភាគច្រើន​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​ខ្លះ​ទៀត​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា មិន​ផ្ដល់​អត្ថាធិប្បាយ​អ្វី​នោះ​ទេ​ចំពោះ​រឿង​នាំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចូល​សវនាការ ដោយ​លោក​បង្វែរ​សំនួរ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​វិញ រួច​ផ្ដាច់​ទូរស័ព្ទ​។ ចំណែក អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក គុជ គឹមឡុង មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា សំណុំរឿង​ទាំង​អស់​នេះ គឺជា​រឿង​នយោបាយ ជាជាង​ការអនុវត្ត​ច្បាប់​។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​គួរ​ឈរ​លើ​ឧត្ដម​ប្រយោជន៍​ជាតិ ហើយ​ងាក​រក​តុ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ៖ «បើសិនជា​អ្នក​ទាំង​អស់ហ្នឹង​ប្ដេជ្ញា​ក្នុង​ការ​ចូល​មក​បំភ្លឺ​នៅមុខ​តុលាការ វា​គួរតែ​អនុញ្ញាត​ឲ្យ​ចូល​ហើយ ពីព្រោះ​ដើម្បី​ទាមទារ​យុត្តិធម៌​នៅ​ក្នុង​សង្គម សវនាការ​ឬក៏​ការ​ជជែក​ដេញដោល​​គ្នា​​ហ្នឹង​​វា​​ជា​រឿង​សំខាន់​ណាស់ អ៊ីចឹង​វា​អត់​មានអី​ដែល​ត្រូវ​ឃា​ឃាំង ឬក៏​ហាមឃាត់​ទេ ពីព្រោះ​វា​ជា​ដំណើរការ​ផ្លូវច្បាប់​របស់​តុលាការ អ៊ីចឹង​តុលាការ​កោះ​អញ្ជើញ​ហើយ អា​ហ្នឹង​ទាល់តែ​មានការ​អនុញ្ញាត​ឲ្យ​ចូល អាហ្នឹង​ដើម្បី​ភាព​យុត្តិធម៌ អាហ្នឹង​វា​ត្រូវតែ​អនុញ្ញាត​ឲ្យ​ចូល​មក​ចំពោះ​មុខ​ច្បាប់​ហើយ»

ក្រោយ​ពី​លោក សម រង្ស៊ី បាន​ប្រកាស​វិល​ចូល​កម្ពុជា​សាជាថ្មី​ម្តង​ទៀត​មក តុលាការ​ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត បាន​សើរើ​សំណុំរឿង​ចាស់ៗ​ និង​កោះហៅ​ពួកគេ​ឱ្យ​ចូល​រួម​ក្នុង​សវនាការ​ជា​បន្តបន្ទាប់ ហើយ​មាន​ករណី​ខ្លះ តុលាការ​បាន​កាត់ទោស​ពួកគេ​ឱ្យ​ជាប់ពន្ធនាគារ ពី​ ៥ឆ្នាំ​ដល់ ​៧ឆ្នាំ។ ចាប់​តាំង​ពី​ខែ​មករា មក​ដល់​ដើមខែ​វិច្ឆិកា អាជ្ញាធរ​បាន​ចាប់​ឃុំខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាង ​២០នាក់ ហើយ ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​យោធិន​មិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​។ ក្រៅ​ពី​នេះ សកម្មជន​ជាច្រើន​នាក់​ទៀត ​បាន​រង​ការ​វាយដំ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​គ្មាន​ករណី​ណាមួយ​ដែល​អាជ្ញាធរ​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល