ថ្នាក់ដឹកនាំគ្រាក់ៗ របស់គណបក្សប្រជាជនកម្ពុជា រួមទាំងលោក ហ៊ុន សែន ផង សម្រុកធ្វើយុទ្ធនាការរកសំឡេងគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង ខណៈមន្ត្រីគណបក្សសង្គ្រោះជាតិនៅតែបន្តជំរុញពលរដ្ឋកុំឲ្យទៅបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ។ អ្នកវិភាគនយោបាយ លើកឡើងថាការធ្វើយុទ្ធនាការផ្ទុយគ្នានេះ ដោយសារតែ គណបក្សជាប់ឆ្នោតទាំង២ ចង់បានជ័យជំនះលើការគាំទ្រពីពលរដ្ឋ ដើម្បីឲ្យអន្តរជាតិទទួលស្គាល់រៀងៗ ខ្លួន។
លោក ហ៊ុន សែន បន្តយកសមិទ្ធផលក្រោមការដឹកនាំរបស់ខ្លួនជាង៣០ឆ្នាំទៅអួតអាងដើម្បីរកសំឡេងគាំទ្រពីប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតកំពង់ផែ នៅកំពង់ផែស្វយ័តនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាមានការរីកចំរើនដូចសព្វថ្ងៃនេះ ដោយសារការដឹករបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់។ បុរសខ្លាំងរូបនេះ អះអាងទៀតថា ប្រសិនបើប្រជាពលរដ្ឋចង់ឲ្យកម្ពុជាមានសន្តិភាព និងមានការរីកចំរើនទៅមុខទៀត ដូច្នេះពលរដ្ឋត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ «»
ចំណែកនៅតាមបណ្ដាខេត្តមួយទៀតដូចជានៅខេត្តបន្ទាយមានជ័យ ព្រៃវែង ភ្នំពេញ កំពត និងខេត្តបាត់ដំបងជាដើម គឺមន្ត្រីគ្រាក់ៗរបស់គណបក្សកាន់អំណាច បានសម្រុកចុះជួបប្រជាពលរដ្ឋទាំងថ្ងៃឈប់សម្រាក ដើម្បីជំរុញឲ្យពលរដ្ឋបោះឆ្នោតជូនគណបក្សខ្លួន។
មន្ត្រីទាំងនោះ នៅស្ទើរគ្រប់ទីកន្លែងបាននាំយកអំណោយដូចជាសារ៉ុង១ កន្សែង១ អង្ករប្រមាណ១០គីឡូក្រាម និងថវិកាមួយចំនួនទៀតចែកជូនពលរដ្ឋទៀតផង។ ចំណែកឯកន្លែងខ្លះទៀតអ្នកឃោសនាបានពាក់អាវគណបក្សប្រជាជនកម្ពុជា ចែកអំណោយដល់សិស្សនៅក្នុងសាលារៀនក៏មានទៀតផង។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានសរសេរសារនៅក្នុងហ្វេសប៊ុក (Facebook) របស់លោក កាលពីយប់ថ្ងៃទី២៤ មិថុនា ដោយរិះគន់ថា តើបម្រាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំមិនឲ្យបក្សនយោបាយធ្វើសកម្មភាពនយោបាយនៅតាមគ្រឹះស្ថានអប់រំនោះ បត់ទុកនៅកន្លែងណា។
លោក អេង ឆៃអ៊ាង ទទូចឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ដោយថា នៅថ្ងៃទី២៩ កក្កដាខាងមុខ នៅដេកផ្ទះម្រាមដៃស្អាត។
ចំណែកអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបានសរសេរសាររិះគន់នៅក្នុងហ្វេសប៊ុករឿងយុទ្ធនាការរបស់គណបក្សកាន់អំណាចនេះខុសៗ គ្នា។
ហ្វេសប៊ុកឈ្មោះ មាប់ ភាធ រិះគន់ថា ការអូសទាញមនុស្សធំ មិនបានក៏ប្រើកូនក្មេងមិនទាន់គ្រប់អាយុ ឲ្យជួយប្រាប់ឪពុកម្តាយទៅបោះឆ្នោតឲ្យ។ បក្សអញចង់ធ្វើអីក៏បាន មិនខុស តែបក្សដទៃខុសច្បាប់ រំលោភបម្រាមស្រុករំដួល។ ហ្វេសប៊ុកឈ្មោះ កុលបុត្រខ្មែរ ចោទបក្ស១៩ ទៀតថា គ្រាន់តែជាបក្សស៊ីឈ្នួល និងចូលមកបំភាន់មតិជាតិ អន្តរជាតិប៉ុណ្ណោះ និងហ្វេសប៊ុកឈ្មោះ យ៉ាន យុទ្ធ ថា នេះហើយប្រទេសដែលសំបូរដោយបណ្ឌិត ម៉ែបណ្ឌិត ឪបណ្ឌិត ចេះច្រើនៗ បោកប្រាស់ប្រជាពលរដ្ឋ ដល់ពេលជិតបោះឆ្នោតមកដល់គេយកអំណោយមកចែកឲ្យហូបបានមួយថ្ងៃសម្រាប់រយៈពេលប្រាំឆ្នាំ។ នេះហើយនយោបាយចែកអំណោយរបស់លោកបណ្ឌិត CPP ចំណែកអ្នកដឹកនាំប្រទេសប្រជាធិបតេយ្យជឿនលឿនគេធ្វើនយោបាយចែកចំណេះ ជំនាញ មុខរបរ ការងារ ដល់ពលរដ្ឋគេជាដើម។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហេង វិទូ លើកឡើងថា ករណី លោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗ គណបក្សកាន់អំណាចសម្រុកធ្វើយុទ្ធនាការនេះ គឺគ្រាន់តែជាការសម្ដែងល្ខោន ដើម្បីឲ្យប្រជាពលរដ្ឋ និងអន្តរជាតិ មើលឃើញថា គណបក្សកាន់អំណាច ព្រួយបារម្ភខ្លាចចាញ់ឆ្នោតប៉ុណ្ណោះដោយសារគណបក្សមួយនេះបានដឹងរួចទៅហើយថា គណបក្សខ្លួននឹងឈ្នះឆ្នោតខាងមុខ ព្រោះគណបក្សប្រឆាំងដែលជាគូប្រកួតសំខាន់នោះ ត្រូវបានរដ្ឋអំណាចរបបលោក ហ៊ុន សែន រម្លាយបាត់ទៅហើយ។ «»
ចំណែកសារនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិញ លោក ហង្ស វិទូ លើកឡើងថា សារនេះ ដោយសារគណបក្សប្រឆាំងនេះចង់ឲ្យអ្នកទៅបោះឆ្នោតមានចំនួនតិចតួច ហើយនៅពេលនោះ នឹងធ្វើឲ្យលោក ហ៊ុន សែន ទទួលបានភាពអាមាសមុខពីសហគមន៍អន្តរជាតិ។ «»
របបលោក ហ៊ុន សែន នឹងរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ ប៉ុន្តែការបោះឆ្នោតដែល ដៃគូកូតប្រជែងធំតែមួយគត់របស់ខ្លួន គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រំលាយចោលនោះ ត្រូវសហគមន៍អន្តរជាតិព្រមានមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ។ នៅពេលនេះ ពលរដ្ឋខ្មែរនៅក្រៅស្រុកបាននាំគ្នាតវ៉ាតាមប្រទេសរបស់ពួកគេរស់នៅរៀងៗ ខ្លួន ប្រឆាំងនឹងការបោះឆ្នោតដែលពួកគេចាត់ការបោះឆ្នោតក្លែងក្លាយ និងទាមទារឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតនោះ៕
