បក្ស​កាន់អំណាច​គ្រោង​កែប្រែ​លក្ខន្តិកៈ​គណបក្ស​ ដើម្បី​ឆ្លើយ​តប​នឹង​សភាពការណ៍​សព្វថ្ងៃ

0:00 / 0:00

បក្ស​កាន់អំណាច​គ្រោង​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស ដើម្បី​ស្វែងរក​វិធី​បន្ត​អំណាច​ទៅ​ថ្ងៃក្រោយ​។ ទោះបីជា​យ៉ាងណា​អ្នកវិភាគ​ថា កិច្ចប្រជុំ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​ធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៥ មករា ថា​គម្រោង​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​នេះ ប្រើ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ដើមខែ​កុម្ភៈ​ខាងមុខ​។ លោក​ថា នៅ​ពេល​នេះ​គណបក្ស​បាន​ចេញ​លិខិត​អញ្ជើញ​រួចហើយ ដែល​គ្រោង​អញ្ជើញ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ជាង​៨០០​នាក់​ចូលរួម ប៉ុន្តែ​ប្រសិនជា​សន្និបាត​បើកទូលាយ​អាច​អនុញ្ញាត​ឱ្យ​សមាជិក​សំខាន់ៗ​ចូលរួម​ប្រមាណ​២០០០​នាក់៖ «គណៈកម្មាធិការ​អចិន្ត្រៃយ៍​លោក​បាន​ឆ្លង​រួចហើយ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ (AFP)

លោក​ថា លោក​មិនទាន់​ដឹង​ថា មាន​ចំណុច​ណាខ្លះ​ដែល​គណបក្ស​គ្រោង​កែប្រែ​នោះ​ទេ ដោយ​ការងារ​នេះ​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​។ ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា ខ្លឹមសារ​ជា​រួម​គឺ​ពង្រឹង​ចំណុចខ្លាំង​និង​កែលំអ​ចំណុច​ខ្វះខាត​មួយ​ចំនួន ឆ្លង​ដែល​កាត់​ការអនុវត្ត​ជាក់ស្ដែង​នា​ពេល​កន្លងមក​ដើម្បី​ធ្វើ​យ៉ាង​រក្សា​តួនាទី​គណបក្ស​ក្នុង​ការ​ដឹកនាំ​ប្រទេស ទៅមុខ​រយៈពេល​យូរអង្វែង​ទៀត៖ «ជា​ធម្មជាត​យើង​ធ្វើ​សន្និបាត​មិន​ឱ្យ​ខ្សោយ​ទេ គឺ​យើង​ធ្វើ​ឱ្យ​រឹង​មាំ តែ​ធ្វើ​ហើយ​គឺ​ធ្វើ​រឹង​ឱ្យ​មាន​កាន់តែ​សកម្មភាព​ទៅ​មុខ​ទៀត​ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេសជាតិ​តទៅ​មុខ»។

គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​របស់​ខ្លួន ដែល​តែង​តែង​អួតអាង​ពី​ការ​រក្សា​សន្តិភាព ជាជាង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ នៅ​រយៈពេល​ចុង​នេះ​ខណៈ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​ដែក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ប្រធាន​គណបក្ស​នេះ​គឺ​លោក ហ៊ុន សែន បាន​បំផុស​ចលនា​មហាជន​រួម​ទាំង​ស្ថាប័ន​ជាតិ​ផង ឱ្យ​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា “​អរគុណ​សន្តិភាព​” ។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​ការ​គាំទ្រ​របស់​ខ្លួន​យ៉ាង​ខ្លាំង​។ លោក​យល់ថា ស្ថានភាព​នេះ​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង នៃ​ផ្ទៃក្នុង​បក្ស ខណៈ​លោក ហ៊ុន សែន ព្យាយាម​ក្ដោបក្ដាប់​បក្ស​ឱ្យ​ស្ថិត​នៅតែ​ក្នុង​ដៃ​របស់​ខ្លួន​តែ​ម្នាក់ និង​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ។ លោក​ថា ដូច្នេះ លោក ហ៊ុន សែន ត្រូវ​សម្រួល​ឬ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ផ្សេងទៀត​ទទួល​បាន​តួនាទី​នៅ​ក្នុង​គណបក្ស ឬ​ក្នុង​រដ្ឋាភិបាល​នេះ៖ « មាន​ស្នាម​ប្រះ​កាន់តែ​ខ្លាំង​នៅ​ចំពោះ​អំណាច​គ្រួសារនិយម គ្រួសារ​លោក ហ៊ុន សែន បើ​យើង​និយាយ​ឱ្យ​ចំ​មិនមែន​ដើម្បី​ផ្ទៃក្នុង​បក្ស​ទេ វា​នៅតែ​ប្រយោជន៍​បុគ្គល​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​គាត់​ដដែល ប៉ុន្តែ​ការ​សម្រួល​ឱ្យ​ក្រុម​ផ្សេងទៀត​មាន​តួនាទី​សំខាន់ៗ​ខ្លះ​ដែរ​គឺ​ដោយសារ​ក្រុម​លោក ហ៊ុន សែន មើល​ឃើញ​ថា ទប់​មិន​ឈ្នះ»។​

គណបក្ស​កាន់អំណាច​បាន​បន្ត​ធ្លាក់ ចុះ​ប្រជាប្រិយភាព ជា​បន្តបន្ទាប់ ដែល​អ្នកវិភាគ​ថា ជា​មូលហេតុ បណ្ដាល​ឱ្យ គណបក្ស​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ ២០១៧ និង​ចាប់​ប្រធាន​គណបក្ស​នេះ​គឺ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ប្រឌិត​ការ​ចោទប្រកាន់​ថា លោក កឹម សុខា ក្បត់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។