ទូត​អឺរ៉ុប​ថា ដំណើរការ​ស្វែងរក​ការពិត​របស់​ខ្លួន ពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ មិនមែន​រឿង​នយោបាយ

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ចច អេដហ្កា ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី៧ មិថុនា ថា បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​មក កម្ពុជា ដែល​ជា​ផ្នែក​មួយ នៃ​ដំណើរការ​ពិគ្រោះ​យោបល់​មុននឹង​ឈាន​ទៅ​រក​ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​អំពី​ដំណើរ​បេសកកម្ម​ស្វែងរក​ការពិត​លើក​នេះ នៅ​ដើម​សប្ដាហ៍​ក្រោយ នៅ​ពេល​បិទ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន។

លោក​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត អំពី​លទ្ធផល​នៃ​ជំនួប​របស់​ប្រតិភូ​បេសកកម្ម​នេះ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៃ​របប​ក្រុងភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​។ ក៏ប៉ុន្តែ​លោក​ថា សហភាព​អឺរ៉ុប តែងតែ ស្ដាប់​ដោយ​យកចិត្តទុកដាក់​ទៅ​នឹង​អ្វី​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ប្រាប់​ពួកគេ ពាក់ព័ន្ធ​នឹង​កង្វល់​នានា​ជុំវិញ​បរិបទ EBA នេះ​។ លោក​ថា កង្វល់​របស់​សហភាព​អឺរ៉ុប​គឺ​ពាក់ព័ន្ធ​ជាពិសេស​ទៅ​នឹង​វិស័យ​នានា​ដែល​កម្ពុជា ទំនងជា​បាន​រំលោភ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ និង​គោលការណ៍​ស្នូល​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​ទៅ​នឹង​ការ​គោរព​សិទ្ធិមនុស្ស ដែល​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ​។ លោក ចច អេដហ្កា សង្កត់ធ្ងន់ៗ​ថា ដំណើរការ​បេសកកម្ម​នេះ គឺ​ផ្ដោត​លើ​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​សុទ្ធសាធ និង​ថា​មិនមែន​ជា​រឿង​នយោបាយ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។