លោក សម រង្ស៊ី ​អំពាវនាវ​កុំឲ្យ​ពិភពលោក​ ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​មិន​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ទីន ហ្សាការីយ៉ា
2021.10.21
លោក សម រង្ស៊ី ​អំពាវនាវ​កុំឲ្យ​ពិភពលោក​ ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​មិន​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះ​ជាតិ
រូប៖ RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​ពិភពលោក​កុំឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ ប្រសិនបើ​ការ​បោះ​ឆ្នោត​នោះ​នៅតែ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម និង​មិន​ស្របតាម​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ តំណាង​បក្ស​កាន់​អំណាច ​ចាត់ទុកថា ​ការ​អំពាវ​នាវ​នេះ ​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ យល់ថា​ សហគមន៍​អន្តរ​ជាតិ ​នៅតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា។

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង​គ្មាន​ជំនឿ​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ​ នឹង​អាច​ប្រព្រឹត្តទៅ​ដោយ​សេរី ​យុត្តិធម៌ និង​បើកចំហ ដូច​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣​ តុលា​ ឆ្នាំ១៩៩១ នោះ​ទេ។ លោក​ គ្មាន​ជំនឿ​បែប​នេះ ​ដោយសារ​របប​ក្រុងភ្នំពេញ ​កំពុង​បន្ត​គំរាម​កំហែង​ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា គ..ប ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​បក្ស​កាន់​អំណាច ​និង​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ពិត​ប្រាកដ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ អំពាវនាវ​ឲ្យ​ពិភពលោក​ទាំងមូល ​ចៀស​វាង​កុំ​ទទួល​ស្គាល់​ការ​បោះឆ្នោត​ខាងមុខ ​ប្រសិន​បើ​ការ​បោះ​ឆ្នោត​​នោះ ​ផ្ទុយ​ពី​អ្វី​ដែល​បាន​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​តម្រូវ​ឲ្យ​កម្ពុជា រៀបចំ​ការ​បោះ​ឆ្នោត ដោយសេរី​ យុត្តិធម៌ និង​បើកចំហ។លោក ​សង្កត់​ធ្ងន់​ថា ​ ប្រសិនបើ​សហគមន៍​អន្តរ​ជាតិ​ ក្រៅពី​ប្រទេស​ចិន ថ្កោលទោស ​និង​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា ជា​ការ​បោះ​ឆ្នោត​ពិតប្រាកដ​ និង​ត្រឹមត្រូវ​ទេ​ នោះ​សហគមន៍​អន្តរជាតិ​ក៏​មិន​ត្រូវ​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា ឬ​រដ្ឋ​អំណាច​ណា ដែល​កើត​​ចេញ​មក​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ​ដែរ។

លោក​ សម រង្ស៊ី ជឿ​ថា ការ​ធ្វើ​ដូច្នេះ នឹង​ធ្វើឲ្យ​លោក​ ហ៊ុន សែន​ ព្រួយបារម្ភ និង​ត្រូវ​តែ​គិត​ពិចារណា​ឡើងវិញ​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​លក្ខណៈ​នៃ​ការបោះឆ្នោត​ខាងមុខ​នេះ។

មេ​បក្ស​ប្រឆាំង​ស្ដីទី​រូប​នេះ ​បញ្ជាក់​ថា ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​ គឺ​ជា​សន្ធិសញ្ញា​អន្តរជាតិ​ដូច្នេះ​​រាល់​សន្ធិសញ្ញា​អន្តរជាតិ​ ត្រូវតែ​គោរព​ឲ្យបាន​ត្រឹមត្រូវ។លោក​ថា បើ​មិន​ដូច្នេះ​ទេ​ វា​នឹង​ផ្តល់​គំរូ​អាក្រក់​សម្រាប់​សន្ធិសញ្ញា​អន្តរជាតិ​ដទៃ​ទៀត និង​ធ្វើឲ្យ​មាន​ការ​បាត់បង់​ជំនឿ​ចំពោះ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់ និង​សហគមន៍​អន្តរជាតិ​ទាំងមូល។

លោក សម រង្ស៊ី ​លើកឡើង​បែបនេះ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ឱកាស​ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្តីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែល​រៀបចំ​ដោយ​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​នៅ​ប្រទេស​ថៃ ហៅ​កាត់ FCCT កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែ​លោក​ទើប​បក​ប្រែ​ជា​ភាសា​ខ្មែរ និង​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាល​ពី​យប់​ថ្ងៃ​ទី២០ តុលា។

ទាក់ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​បោះឆ្នោត​ដែល​យុត្តិធម៌ ​ត្រឹមត្រូវ ​និង​ឯករាជភាព​របស់ ​គ..ប ​មិន​​អាស្រ័យ​លើ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ។ លោក ​បន្ត​ថា លោក សម រង្ស៊ី លើក​ឡើង​បែប​នេះ ព្រោះ​គាត់​ចង់​ចូលរួម​ការ​បោះ​ឆ្នោត៖ ....

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ រួមមាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ផង ធ្លាប់​បាន​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ នោះ​ម្ដង​រួច​ទៅ​ហើយ ដោយសារ​តែ​អវត្តមាន​បក្ស​ប្រឆាំង។សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នោះ​ក្លែងក្លាយ និង​ជា​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយសារ​តែ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​របប​លោក ហ៊ុន សែន ​រំលាយ​ចោល​នៅ​មិនដល់​មុន ​១ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​នោះ។ លើស​ពី​នេះ សហភាព​អឺរ៉ុប​ និង​អាមេរិក ​ក៏បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​ជា​លក្ខណៈ​បុគ្គល​លើ​ក្រុម​មេដឹកនាំ​របប​​ក្រុង​ភ្នំពេញ​ ព្រមទាំង​ផ្ដាច់​ជំនួយ​ដល់​គ..ប ទៀត​ផង។ មក​ទល់​ពេល​នេះ ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នៅតែ​បន្ត​ជំរុញ និង​ព្រមាន​ទុកជាមុន​ឲ្យ​របប​ក្រុង​ភ្នំពេញ ​ស្ដារ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ ហើយ​រៀបចំ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ឡើង​វិញ ​ដោយ​មានការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​រឿង​នេះ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត សេង សារី ​មើល​ឃើញ​ថា ​សហគមន៍​អន្តរជាតិ ​នៅ​តែ​ដើរ​តួនាទី​សំខាន់ ​និង​នៅ​តែ​ព្យាយាម​ជួយ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា​។ ទោះជា​យ៉ាង​ណា ​លោក​ ចង់​ឃើញ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ​គួរ​តែ​ថយ​មួយ​ជំហាន​ម្នាក់​ដើម្បី​វិល​ទៅ​ជួប​​ជជែក​គ្នា​បញ្ចប់​ជម្លោះ​​​នយោបាយ​រ៉ាំរ៉ៃ​ឡើង​វិញ ​សម្រាប់​ជា​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​ទាំងមូល៖ ..

កាល​ពី​ខែកក្កដា​ កន្លង​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៤ស្ថាប័ន បាន​រួមគ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា ៦ចំណុច ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។ លក្ខខណ្ឌ​ទាំង​នោះ ​រួមមាន​ការ​បង្កើត​បរិយាកាស​នយោបាយ​សេរី ការធានា​សិទ្ធិ​នយោបាយ​សិទ្ធិ​អ្នក​បោះ​ឆ្នោត សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឯករាជភាព​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ព្រមទាំង​ធានា​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​អនុវត្ត​តួនាទី​ដោយ​សេរី​ជា​ដើម៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។