គ្រួសារ និងមេធាវីទាមទារតុលាការដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ
2023.01.25
គ្រួសារ និងមេធាវីទាមទារតុលាការដោះលែងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពដើម្បីវិលឡប់ទៅធ្វើនយោបាយឡើងវិញ។ មេធាវីកត់សម្គាល់ថា ការលើកសំអាងអំពីសែកស្អុយរបស់តុលាការមកដាក់បន្ទុកកូនក្តីមានភាពមិនប្រក្រតី ខណៈលោក ថាច់ សេដ្ឋា អះអាងថា លោកមិនប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ចំណាត់ការរបស់តុលាការលើមន្ត្រីបក្សភ្លើងទៀននេះធ្វើឱ្យស្ថានភាពនយោបាយកាន់តែអាក្រក់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។
ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបានទៅសួរសុខទុក្ខ និងបានយកថ្នាំពេទ្យ ម្ហូបអាហារឱ្យប្តីនៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី២៤ ខែមករា។ លោកស្រីឱ្យដឹងថា លោក ថាច់ សេដ្ឋា នៅតែមានឆន្ទៈមោះមុត ស្មារតីរឹងមាំជាធម្មតាដដែល ប៉ុន្តែលោកស្រីនិងកូនៗខ្លោចចិត្តពេលឃើញប្តីជាអ្នកតស៊ូលះបង់ដើម្បីជាតិ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋ បែរជាស្លៀកពាក់អ្នកទោសជាប់គុកទៅវិញ។ អ្នកស្រី ថាច់ សុខបូរ៉ានី ថា ប្ដីលោកស្រីមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់ទេ ពីព្រោះគ្រួសារលោកស្រីបានដោះស្រាយរឿងរ៉ាវនេះជាមួយក្រុមហ៊ុនបញ្ចាំរួចហើយ ហើយកន្លងមកតុលាការក៏បានសម្រេចក្តីឱ្យប្តីលោកស្ត្រីរួចផុតពីការប្តឹងផ្តល់យូរឆ្នាំហើយដែរ។ អ្នកស្រីស្នើដល់តុលាការដោះលែងប្តីឱ្យមានសេរីភាពឡើងវិញ។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ខ្ញុំពិបាកចិត្ត និងបារម្ភពីគាត់(លោក ថាច់ សេដ្ឋា) ហ្នឹង សុខភាពគាត់ពេលសួរសុខទុក្ខគាត់ទៅគាត់ថា អត់អីទេ សុខសប្បាយជាទេ គាត់ឱ្យហូបបាយហូបទឹកទៅ។ ខ្ញុំសោកស្តាយដែរ ពីព្រោះរឿងនេះតាំងពីឆ្នាំ២០១៩ តុលាការទើបយកមកចាប់ខ្លួនគាត់ ខ្ញុំមានតែសំណូមពរតុលាការយោគយល់ដោះលែងអ៊ីចឹង»។
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករា ការចាប់ឃុំខ្លួនអនុប្រធានគណបក្សប្រឆាំងរូបនេះ ធ្វើឡើងក្នុងរយៈពេលមិនដល់ជាង ៦ខែផងនៅមុនពេលការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា និងនៅមួយសប្តាហ៍មុនការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះ លោក ហ៊ុន សែន បានទម្លាយថា លោក ថាច់ សេដ្ឋា បានជួបជាមួយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ តុលាការបានចោទលោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងការចេញសែកអត់លុយ ដោយសារបានខកខានមិនចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួនពីរលើករបស់ចៅក្រមស៊ើបសួរ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២។ ទោះយ៉ាងណាប្រពន្ធលោក ថាច់ សេដ្ឋា អះអាងថា គ្រួសារលោកស្រីមិនដែលទទួលដីកាកោះរបស់តុលាការទាំងពីរលើកនោះទេ ហើយប្តីលោកស្រីមិនមានបំណងគេចវេសដោះស្រាយរឿងក្តីនោះដែរ។
មេធាវីការពារក្ដី លោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ឱ្យដឹងថា លោកបានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចឃុំខ្លួនអនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា រួចហើយ ដើម្បីស្នើសុំសាលាឧទ្ធរណ៍បដិសេធដីកាឃុំខ្លួនរបស់សាលាដំបូង ហើយដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ។ លោកថា កូនក្ដីរបស់លោកអះអាងថា គាត់មិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់ទេ។
លោក ជូង ជូងី៖ «ខ្ញុំបានថតចម្លងសំណុំរឿងយកមកនឹងដៃអស់ហើយ ហើយអ្វីដែលឯកឧត្តម ថាច់ សេដ្ឋា បញ្ជាក់មកខ្ញុំ គឺវាដូចទៅហ្នឹងសំណុំរឿងដែលថតបានមកហ្នឹង។ ផ្លូវច្បាប់បន្ទាប់សាលាឧទ្ធរណ៍ បន្ទាប់ពីទទួលចុះបញ្ជីសំណុំរឿងយ៉ាងយូររយៈពេល១៥ថ្ងៃត្រូវដាក់កាត់ អ៊ីចឹងបែបបទផ្លូវច្បាប់សាលាឧទ្ធរណ៍នឹងដាក់កាត់រឿងគាត់ ដែលខ្ញុំប្តឹងឧទ្ធរណ៍នៅពេលឆាប់ៗខាងមុខនេះហើយ»។

លោកមេធាវី ជូង ជូងី ឱ្យដឹងទៀតថា សំណុំរឿងនេះ ភាគីដើមបណ្ដឹងបានប្ដឹងលោក ថាច់ សេដ្ឋា កាលពីអំឡុងឆ្នាំ២០១១ ម្ដងរួចហើយ ពីបទឆបោក តែត្រូវបានតុលាការច្រានចោល ហើយទើបពេលនេះ ឃើញភាគីដើមបណ្ដឹងនោះចេញមកប្ដឹងកូនក្ដីរបស់លោកជាថ្មី ពីករណីចេញសែកស្អុយនេះទៅវិញ។
លោក ជូង ជូងី ឱ្យដឹងថា ក្រោយពេលលោកជួបជជែកជាមួយកូនក្តី និងថតចម្លងសំណុំរឿងយកទៅពិនិត្យមើលឃើញថា ក្រុមហ៊ុនបានយកសែកចំនួន ៥សន្លឹក ធ្វើជាភស្តុតាងដែលសែកនីមួយៗមានសរសេរចំនួនទឹកប្រាក់បើកជាង ៤លាន ២សែនរៀល (៤.២៣២.០០០) និងមានចុះថ្ងៃខែអំឡុងពាក់កណ្តាលឆ្នាំ២០១៩។ ទោះយ៉ាងណាលោកថា កូនក្តីរបស់លោកអះអាងថាចាប់តាំងពីឆ្នាំ២០១៦ គាត់មិនដែលបានជួប ឬផ្តល់សែកទៅក្រុមហ៊ុន ឬដើមបណ្តឹងទេ។ ដូច្នេះលោកយល់ថា សែកដែលដើមបណ្តឹងយកធ្វើជាមូលដ្ឋានមកប្តឹងនោះមានភាពមិនប្រក្រតី ។ លោកឆ្ងល់ថា តើក្រុមហ៊ុនយកសែកទាំងប្រាំសន្លឹកមកប្តឹងកូនក្តីរបស់លោកដោយរបៀបមិច? តើនរណាជាអ្នកសរសេរចំនួនប្រាក់ និងកាលបរិច្ឆេទលើសែក ខណៈសែកដែលលោក ថាច់ សេដ្ឋា ចេញឱ្យក្រុមហ៊ុន កាលពីឆ្នាំ២០១១ គ្រាន់តែចុះហត្ថលេខា តែមិនបានចុះកាលបរិច្ឆេទថ្ងៃខែឆ្នាំនៃការបើកប្រាក់ និងចំនួនទឹកប្រាក់ដែលត្រូវផ្ដល់ឱ្យនោះ។ លោកយល់ថា អ្នកដែលសរសេរជាអ្នកក្លែងបន្លំ ដូច្នេះមេធាវីកត់សម្គាល់ថា មានការក្លែងបន្លំសែកទាំងនោះ។
ចំណែកអ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត លើកឡើងថា បញ្ហាខ្ចីប្រាក់ជារឿងរដ្ឋប្បវេណី។ ទោះយ៉ាងណាលោកថា តាមច្បាប់នោះអ្នកដែលប្រើប្រាស់សែកមិនមានលុយអាចរងបណ្តឹងទោសព្រហ្មទណ្ឌ តែករណីបែបនេះមិនមែនត្រូវតែយកច្បាប់មកអនុវត្តទាំងស្រុងនោះទ ដោយត្រូវសិក្សាពីចេតនារបស់ម្ចាស់សែក និងបរិយាកាសនានានៃការចេញសែកដែរ។
លោកមើលឃើញថា លោក ថាច់ សេដ្ឋា មិនគេចវេសការសងប្រាក់ទេ ដោយសារគាត់កន្លងមកបានយកទ្រព្យទៅបញ្ចាំជាមួយក្រុមហ៊ុននោះ។ លោកបន្តថា តាមច្បាប់បើសិនម្ចាស់បំណុលរកឃើញថា កូនបំណុលមិនសងប្រាក់អាចប្រើប្រាស់សិទ្ធិស្របច្បាប់លក់ឡាយឡុងទ្រព្យទាំងនោះដើម្បីទូទាត់បំណុលបាន។ តែយ៉ាងណាលោកយល់ថា ករណីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនយោបាយរបស់លោក ថាច់ សេដ្ឋា និងប្រជាប្រិយភាពរបស់បក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខ។

លោក វ៉ន ចាន់ឡូត៖ «អ្នកច្បាប់ មេធាវីរបស់លោក ថាច់ សេដ្ឋា បើសិនលោក ថាច់ សេដ្ឋា ពិតជាស្អាតស្អំនោះ ខ្ញុំគិតថា នឹងមានការបង្ហាញនៅពេលខាងមុខហើយ ដំណើរនេះមានតែយើងរង់ចាំនៅពេលខាងមុខហើយអំពីអង្គហេតុ អង្គច្បាប់ ប៉ុន្តែគ្រាន់តែខ្ញុំមើលឃើញថាទោះបីយ៉ាងណាក៏ដោយវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការធ្វើនយោបាយរបស់លោក ថាច់ សេដ្ឋា ផងដែរ វាអាចត្រូវការពេលវេលាក្នុងករណីនេះ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា បើសិនភស្តុតាងចោទប្រកាន់ទាំងឡាយបានដោយអំពើទុច្ចរិតនោះ គឺមិនអាចយកមកចោទប្រកាន់ជនជាប់ចោទបានទេ។ លោកយល់ថា ដើម្បីស្រាយមន្ទិលជុំវិញភស្តុតាងដាក់បន្ទុកលើលោក ថាច់ សេដ្ឋា នោះមេធាវីគួរស្នើយកភស្តុតាងធ្វើកោសល្យវិច័យឱ្យច្បាស់។ ទោះយ៉ាងណាលោក នី សុខា យល់ថា ការចាត់វិធានការរបស់តុលាការមកលើលោក ថាច់ សេដ្ឋា មិនផ្តល់ផលចំណេញដល់រដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញធ្វើបរិយាកាសនយោបាយមុនការបោះឆ្នោតខាងមុនកាន់តែអាប់អួរ ខណៈគណបក្សភ្លើងទៀនជាដៃគូប្រកួតប្រជែងក៏លេចធ្លោជាមួយបក្សកាន់អំណាច។

លោក នី សុខា៖ «រឿងរដ្ឋប្បវេណីហៅមកដោះស្រាយគ្នាចរចាគ្នា រកភស្តុតាងអីឱ្យបានច្បាស់លាស់សិនទៅមុននឹងចាប់ខ្លួនអ៊ីចឹង បើតាមលោកមេធាវីលើកឡើងពីភស្តុតាងទាំងអស់ហ្នឹង ខ្ញុំគាត់ថា ជាភស្តុតាំងមួយមានលក្ខណៈនៅមានមន្ទិលសង្ស័យនៅឡើយទេ ដូច្នេះយើងមិនគួរមានវិធានការចាប់លឿនពេកទេ បាទ! យើងគួរមានមធ្យោបាយក្នុងការដោះស្រាយបញ្ហានេះបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែមករា។
ទោះយ៉ាងណា គណបក្សភ្លើងទៀន និងអ្នកឃ្លាំមើល ចាត់ទុកថា ការចាប់ និងឃុំខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ អ្នកឃ្លាំមើល យល់ថា ជារឿយៗ រដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើតុលាការ ជាឧបករណ៍ដើម្បីចាប់អ្នករិះគន់ដាក់ពន្ធនាគារ ហើយតែងតែប្រឌិតបទចោទប្រកាន់មិនសមរម្យផ្សេងៗ ដើម្បីបង្ខូចកិត្តិយសរបស់ពួកគេថែមទៀតដូចជាករណី លោក ថាច់ សេដ្ឋា ជាដើម។
សំណុំរឿងចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មិនបានធ្វើឱ្យស្ថានទូតលោកខាងលិច សម្ងំស្ងៀមឡើយ បើទោះជាមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឱ្យជនបរទេសលូកដៃក៏ដោយ។
ស្ថានទូតសហរដ្ឋអាមេរិកបានជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយអនុញ្ញាតឱ្យមានទស្សនៈនយោបាយផ្ទុយ ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌សម្រាប់ភាគីទាំងអស់ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្ដូរគំនិតយោបល់ដោយសេរី និងបើកចំហ។ ជាមួយគ្នានេះ ស្ថានទូតសហរដ្ឋអាមេរិកក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកឱ្យមានសេរីភាពនៃការប្រមូលផ្ដុំ និងការចងក្រងជាសមាគម ព្រមទាំងបើកឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបំពេញការងាររបស់ខ្លួនបានដោយសេរីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។