សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តវ៉ា​ជាថ្មី​ទាមទារ​ឱ្យ​ដោះលែង​គ្រួសារ​របស់​ពួកគេ

ចអាជ្ញាធរ​ប្រមាណ​ជាង ៥០​នាក់ បាន​រារាំង​មិន​ឱ្យ​ក្រុម​ស្ត្រី​ស្រែក​តវ៉ា ឬ​ឈរ​នៅមុខ​សាលាដំបូង​នៅ​ថ្ងៃ​សុក្រ​នេះ នោះ​ទេ​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល និង​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ និង​ស្វែងរក​យុត្តិធម៌​ជូន​ពួកគេ​។

ក្រុម​ស្ត្រី​ជា​សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់ឃុំ បាន​នាំគ្នា​ធ្វើដំណើរ​ទៅ​ស្ថានទូត​អង់គ្លេស ដើម្បី​ដាក់​ញត្តិ​ជា​លើក​ទី​៣ ក្រោយ​តវ៉ា​នៅមុខ​តុលាការ​។ អាជ្ញាធរ​បាន​រារាំង​ស្ត្រី​ទាំងនោះ​មិន​ឱ្យ​ដើរ ហើយ​បង្ខំ​ឱ្យ​ក្រុម​ស្ត្រី​ឡើង​ជិះ​ផាស់អាប់​វិញ។ ក្រុម​ស្ត្រី​ទាំងនោះ​ក៏​សម្រេចចិត្ត​ជិះ​ផាស់អាប់​មក​ស្ថានទូត​អង់គ្លេស ដើម្បី​ដាក់​ញត្តិ ដោយមាន​ក្រុម​សន្តិសុខ​ខណ្ឌ និង​ប៉ូលិស​ជិះ​តាម​ពួកគេ​ផង​ដែរ។

ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក កុម្ភារ គឺ​អ្នកស្រី ព្រំ ចន្ថា ឱ្យ​ដឹង​ថា លោកស្រី​សម្រេចចិត្ត​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​នេះ​ម្តង​ទៀត គឺ​ដោយសារ​ប្រទេស​នេះ ក៏​ជា​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខី​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ។ លោកស្រី សង្ឃឹមថា ស្ថានទូត​នេះ​នឹង​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះលែង​ប្តី​របស់​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ៖ «អ៊ីចឹង​ប្រជាជន​ត្រូវ​មាន​សិទ្ធិ​ទាមទារ សិទ្ធិ​នឹង​ការរិះគន់ សិទ្ធិ​នឹង​ការរិះគន់​ដល់​ថ្នាក់ដឹកនាំ ដើម្បី​ឱ្យ​គាត់​កែតម្រូវ​ឡើងវិញ មិនមែន​គេ​រិះគន់ គេ​ធ្វើ​ទៅ​ខុស​ទេ មិនមែន​ទេ អ៊ីចឹង​បាន​ថា សូម​ឱ្យ​លោក​គិត​ឡើងវិញ​ទៅ​។ ក្រុម​គ្រួសារ​ខ្ញុំ​ជាប់ពន្ធនាគារ គឺ​ពិបាក​ណាស់ ខ្ញុំ​ជា​ស្ត្រី រាល់ថ្ងៃ​នេះ ដើរតួ​ជា​ម្តាយ ជា​ឪពុក ដើម្បី​ចិញ្ចឹម​គ្រួសារ ហើយ​នៅ​ជំពាក់​បំណុល​ធនាគារ​សព្វ​បែបយ៉ាង លើស​តែមួយ​ថ្ងៃ​គឺ​គេ​តេ​មក​ហើយ​និយាយ​រួម​ទៅ​។ ហើយ​បើ​សិន​ជា​មាន​ពួកគាត់​នៅ គឺ​ខ្ញុំ​គ្រាន់តែ​ជួយ​មាន​ដំណោះស្រាយ​ខ្លះ ជួយ​ខ្ញុំ​បាន​ខ្លះ ហើយ​ដល់ពេល​អញ្ចឹង​ទៅ​ពិបាក​ខ្លាំង​មែនទែន»។

ចំណែក ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន​ស្នើ​ឱ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ក្នុង​ការ​តវ៉ា ការ​បញ្ចេញ​មតិ និង​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​ទៅលើ​សកម្មជន​នយោបាយ​ផង​ដែរ៖ «សូម​ឱ្យ​គាត់​ពិចារណា ហើយ​ដោះលែង​ពួក​ខ្ញុំ​មកវិញ ហើយ​ដើម្បី​ឱ្យ​ប្រទេសជាតិ​មួយ​ដែល​ហៅថា ជា​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឱ្យ​គេ​មើល​ឃើញ ពួក​បរទេស​ខាងក្រៅ​ដែល​គេ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ដោយ​សារ​ពួកគាត់​បាន​ដោះលែង​អ្នក​នយោបាយ​ដែល​គ្មាន​កំហុស​សោះ​ឱ្យ​មាន​សេរីភាព»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការ​តវ៉ា​ដោយ​សន្តិវិធី​នេះ គឺជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ករណី​ចាប់ខ្លួន​សកម្មជន​កន្លង​មក គឺជា​ការរំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ហើយ អាជ្ញាធរ គួរតែ​ពិនិត្យមើល និង​ពន្លឿន​នីតិវិធី​បញ្ហា​នយោបាយ និង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​វិញ៖ «ទាំង​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ គេ​សំណូមពរ​ឱ្យ​មាន​ការ​គោរព​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​កន្លងមក គឺ​កត្តា​នៃ​បញ្ហា​នយោបាយ​នេះ វា​រុញច្រាន​ឱ្យ​មាន​បញ្ហា​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​អ៊ីចឹង ទាក់ទង​នឹង​រឿង​នយោបាយ ខ្ញុំ​គិត​ថា អ្នកនយោបាយ​ទាំងអស់​គឺ​គួរតែ​ឈរ​លើ​គោលការណ៍​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ ហើយ​មាន​ការចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ទៅ ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ហ្នឹង​មាន​ការ​រង​ធ្វើ​ទុក​បុក​ម្នេញ ដោយសារ​បញ្ហា​នយោបាយ ដោយសារតែ​គាត់​អនុវត្ត​នូវ​សិទ្ធិ និង​សេរីភាព​របស់​គាត់​ក្នុង​បញ្ហា​ជីវភាព​នយោបាយ​នោះ»។

របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យ៉ាងហោចណាស់​ក៏​ជិត ៥០​នាក់ ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ចុងខែ​ធ្នូ​នេះ ។ សកម្មជន​បក្ស​ប្រឆាំង​ច្រើន​រង​ការចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​មិន​ឱ្យ​យោធិន​ស្តាប់​បញ្ជា និង​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។ ចំណែក ក្រុម​សកម្មជន​សិទ្ធិមនុស្ស​និង​បរិស្ថាន និង​យុវជន​វិញ ពួកគេ​ក៏​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។