អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នឹង​ទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន

ដោយ ទីន ហ្សាការីយ៉ា
2024.02.20
អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នឹង​ទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន (ឆ្វេង) លោក ថាក់ ស៊ីន (Thaksin Sinawatra) អតីត​នាយក​រដ្ឋមន្ត្រី​ថៃ និង​អតីត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន នឹង​ទៅ​ជួប​សួរ​សុខ​ទុក្ខ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Sinawatra) នៅ​ថ្ងៃ​ទី២១ កុម្ភៈ។ នេះ​បើ​យោង​តាម​កាសែត​ថៃ​ចុះ​ផ្សាយ​នៅ​មុន​នេះ​បន្តិច។

កាសែត Thai Newsroom ចុះ​ផ្សាយ​ថា លោក ហ៊ុន សែន នឹង​ទៅ​សួរ​សុខ​ទុក្ខ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅ​ឯ​គេហដ្ឋាន​របស់​លោក (Chan Song Lah Residence) នា​ទីក្រុងបាកក។

លោក ហ៊ុន សែន ជា​មនុស្ស​ទី១ ហើយ ដែល​គ្រោង​នឹង​ទៅ​ជួប​សួរសុខទុក្ខ​លោក ថាក់ស៊ីន នេះ នៅ​បន្ទាប់​ពី​អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​លោក​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៨ កុម្ភៈ ក្រោយ​ពី​ស្នាក់នៅ​ក្រោម​លេស​ព្យាបាល​ជំងឺ​អស់​រយៈ​ពេល ៦ខែ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក​មិន​បាន​ដឹង​ពី​រឿង​ឯកជន​របស់​លោក ហ៊ុន សែន ដែល​ថា នឹង​ទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន នៅ​ឯ​ប្រទេស​ថៃ​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា។ ដូច្នេះ​លោក​ថា លោក ហ៊ុន សែន អាច​នឹង​ទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន ដែរ។

លោក សុខ ឥសាន៖ «លោក (ហ៊ុន សែន) ចង់​ទៅ​ពេល​ណា​ក៏​បាន​ដែរ។ មិន​ដូច​កាល​ពី​មុន គាត់​ជា​នាយក​រដ្ឋមន្ត្រី​មាន​ការងារ​ច្រើន ឥឡូវ​នេះ លោក​មាន​ពេល​សម្រាក។ ទី២ លោក ថាក់ ស៊ីន ក៏​ចាត់​ទុក​ជា​បងធម៌​គាត់ ដូច្នេះ គាត់​ចង់​ទៅ​ពេល​ណា​ក៏​បាន នៅ​ស្រប​ពេល​លោក ថាក់ស៊ីន ត្រូវ​បាន​តុលាការ​ដោះ​លែង​វិញ។ ដូច្នេះ អាច​មាន​លទ្ធភាព​គាត់ ទៅ​ក្នុង​នាម​ជា​បង​ជា​ប្អូន​អ៊ីចឹង​ទៅ។

លោក ថាក់ស៊ីន មាន​វ័យ ៧៤ឆ្នាំ បាន​រត់​និរទេស​ខ្លួន​នៅ​ឯ​បរទេស​ជាង ១៥ឆ្នាំ ក្រោយ​ពី​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ចេញ​ពី​តំណែង កាល​ពី​ឆ្នាំ២០០៦។ ព្រះមហាក្សត្រ​ថៃ​បាន​បន្ធូរ​បន្ថយ​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៨ឆ្នាំ មក​នៅ ១ឆ្នាំ ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​រំលោភ​អំណាច ក្រោយ​ពេល​លោក​វិល​ចូល​ប្រទេស​ថៃ​វិញ កាល​ពី​ខែសីហា ឆ្នាំ២០២៣។ លោក​នៅ​អនុវត្តទោសព្យួររយៈពេល ៦ខែទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។