ព្រះរាជបុត្រារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រូវបានតែងតាំងជាប្រធានគណបក្សស្ដីទី ជំនួសព្រះអង្គ ដែលអាចពិការមួយជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍។
សេចក្ដីសម្រេចរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលឡាយព្រះហស្តលេខា ដោយទ្រង់ រណឫទ្ធិ កាលពីថ្ងៃទី៨ ខែសីហា តែងតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ក្នុងតំណែងនេះ ដើម្បីដឹកនាំបក្ស ដោយសារអវត្តមានប្រធានគណបក្ស ដែលកំពុងសម្រាកព្យាបាលជំងឺ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រាច្បងរបស់ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។
ការតែងតាំងប្រធានស្តីទីនេះ ធ្វើឡើងដោយសារតែព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ កំពុងតែបន្តសម្រាកព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យនៅឡើយ តាំងពីក្រោយគ្រោះថ្នាក់ចរាចរណ៍ នៅពាក់កណ្ដាលខែមិថុនា ដែលធ្វើឲ្យព្រះអង្គរងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បានបាត់បង់ជីវិត។
ទោះបីមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា ព្រះអង្គម្ចាស់ រណឫទ្ធិ ប្រាប់អាស៊ីសេរី តាំងពីដំបូង ថាព្រះអង្គ បានធូរស្បើយច្រើន និងរហូតអះអាងថា ព្រះអង្គអាចមកចូលរួមក្នុងយុទ្ធនាការ បោះឆ្នោតកាលពីខែ កក្កដា យ៉ាងណាក្តី ក៏ព្រះអង្គមិនអាចចូលរួមក្នុងការបោះឆ្នោតកន្លងទៅនេះបានទេ។ មិនតែប៉ុណ្ណោះ សារព័ត៌មានចិន The South China Morning Postចុះផ្សាយតាំងពីថ្ងៃទី ១២ ខែកក្កដា មកម្ល៉េះ ថាព្រះអង្គនឹងត្រូវពិការ ដោយត្រូវប្រើរទេះរុញរហូតថែមទៀតផង។
ប៉ុន្តែ មន្ត្រីនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ច្រានចោលព័ត៌មាននេះ៖ «ទេ ! អត់ទេ ! ពីព្រោះថា អាចថាអ៊ីចឹងដែរ ប៉ុន្តែខ្ញុំសន្និដ្ឋានទេ ព្រោះលោកប៉ះពាល់ជើង ! ប៉ុន្តែ រឿងប៉ះជើង មិនអាចក្នុងកន្លះខែ ឬមួយខែ អាចស្រួលភ្លាមទេ ! ព័ត៌មានដែលគេផ្សាយថា ព្រះអង្គអាចនឹងពិការជីវិត គឺជាព័ត៌មានមិនត្រឹមត្រូវទេ»។
គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានអាសនៈ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះទេ។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថា ការណ៍ដែលប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ងាកចាប់ដៃជាមួយលោក ហ៊ុន សែន គឺជាការបង្ហាញជំហរមិនច្បាស់លាស់ ទើបប្រជាពលរដ្ឋដកសេចក្ដីទុកចិត្ត លែងបោះឆ្នោតជូនបក្សនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
