តំណាង​រដ្ឋាភិបាល​ថា កង្វល់​របស់​សហជីព​ជុំវិញ​បញ្ហា EBA គ្មាន​អ្វី​ត្រូវ​យកចិត្តទុកដាក់

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា រដ្ឋាភិបាល​មិន​ខ្វាយខ្វល់​នឹង​ការ​ព្រួយបារម្ភ​របស់​ក្រុម​សហជីព​អំពី​ផលវិបាក​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ ព្រោះ​ពួកគេ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ក្រុម​សហជីព​ថា កង្វល់​ទាំងឡាយ ដែល​ពួកគេ​បាន​លើកឡើង សុទ្ធសឹងតែ​ជា​ការ​ព្រួយបារម្ភ​របស់​កម្មករ ដែល​រដ្ឋាភិបាល​មិន​អាច​មើល​រំលង​បាន​ឡើយ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​នឹង​កង្វល់​របស់​ក្រុម​សហជីព​ជុំវិញ​បញ្ហា EBA ទេ ព្រោះ​លោក​ថា រដ្ឋាភិបាល​មាន​វិធានការ​ត្រៀម​ទប់​ទល់នឹង​បញ្ហា​នេះ​ហើយ ហើយ​ម្យ៉ាង​លោក​ថា ក្រុម​សហជីព​បាន​ត្រឹម​តែ​ភ័យ​ព្រួយ​ប៉ុណ្ណោះ មិន​អាច​ជួយ​អ្វី​បាន​ឡើយ​។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ចោទប្រកាន់​ដោយ​មិន​បញ្ចេញ​ឈ្មោះថា មាន​សហជីព​ខ្លះ​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ដកហូត​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា៖ «អាហ្នឹង គ្រាន់តែ​ជា​កង្វល់​តើ ប៉ុន្តែ​យើង​មាន​វិធាន​ដោះស្រាយ​។ គ្រាន់តែ​គាត់​អ្នក​ភ័យ​ទេ​សហជីព​​នោះ ក៏ប៉ុន្តែ​គាត់​គ្មាន​សមត្ថភាព​ជួយ​ដោះស្រាយ​ទេ ហើយ​សហជីព​មួយ​ចំនួន​ហ្នឹង គឺជា​អ្នក​ដែល​ចង់​ឱ្យ​មានការ​កាត់ EBA នេះឯង​។ ដូច្នេះ​យើង​មិន​យកចិត្តទុកដាក់​នឹង​អ្នក​ទាំងអស់​នោះ​ទេ»។

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុម​សហជីព​បាន​បង្ហាញ​កង្វល់​ជា​បន្តបន្ទាប់​ជុំវិញ​ហានិភ័យ​នៃ​ការបាត់បង់​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ សម្រាប់​កម្មករ ប្រសិនបើ​សេចក្ដី​សម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ពី​កម្ពុជា ចូល​ជា​ធរមាន​នៅ​ខែ​សីហា ខាង​មុខ។

ទោះជា​យ៉ាងណា ក្រុម​សហជីព​ឯករាជ្យ​ច្រានចោល​ការ​លើកឡើង​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ដោយ​ចាត់ទុកថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មើល​រំលង​ពី​កង្វល់​របស់​កម្មករ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជឿ​ថា គ្មាន​សហជីព​ណា​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ឡើយ ព្រោះ​សហជីព​ដឹង​ច្បាស់​ថា វិធានការ​នេះ​នឹង​ប៉ះ​ពាល់​​ដល់​ប្រយោជន៍​របស់​កម្មករ​។ លោក​បន្ត​ថា ការសម្ដែង​កង្វល់​របស់​សហជីព​ជា​ហូរហែ​នេះ មិនមែន​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​មេ​សហជីព​នោះ​ឡើយ ប៉ុន្តែ​គឺជា​ការ​ព្រួយបារម្ភ​ជាក់ស្ដែង​របស់​ក្រុម​កម្មករ​។ ម្យ៉ាងវិញទៀត លោក​ថា មិនមែន​តែ​សហជីព និង​កម្មករ​នោះ​ទេ សូម្បីតែ​ក្រុម​ថៅកែ​រោងចក្រ​សំលៀកបំពាក់ និង​ស្បែកជើង​ក៏​លើកឡើង​នូវ​កង្វល់​អំពី​ផលវិបាក​នៃ​ការបាត់បង់ EBA ដែរ៖ «សង្គម​លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល​ត្រូវតែ​ស្ដាប់​សំឡេង​សង្គម​ស៊ីវិល សហជីព សមាគម និង​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ហ្នឹង មិនមែន​ឆ្លើយ​ដោះសា​រថា សហជីព​គ្រាន់តែ​បាន​ខ្វល់ មិន​ជួយ​ដោះស្រាយ​នោះ​ទេ​។ ដោយសារតែ​ខ្វល់​ហ្នឹងហើយ បានជា​ផ្ដល់​គំនិត​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​តាម​នេះ តាម​នោះ»។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​សមាគម​រោងចក្រ​ស្បែកជើង​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​ថ្លែងការណ៍​របស់​ពួកគេ​កាល​ពី​ពេល​ថ្មីៗ នេះ ថា ការ​ដកហូត EBA ២០% ពី​កម្ពុជា​នេះ ទំនងជា​បណ្ដាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ ឬក៏​ថា ធ្វើ​ឱ្យ​បាត់បង់​ការងារ​យ៉ាង​ច្រើន​សម្រាប់​ឧស្សាហកម្ម​នេះ​។ សមាគម​ទាំងពីរ​សុទ្ធតែ​សំណូមពរ​ដល់​គណៈកម្មការ​អឺរ៉ុប​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​វិញ ដើម្បី​បន្ត​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ឱ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា អ្វី​ដែល​សហជីព​បាន​ធ្វើ និង​កំពុងតែ​ធ្វើ​នេះ គឺ​ដើម្បី​តែ​ប្រយោជន៍​កម្មករ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា ខាង​សហជីព​មិនមែន​ស្នើ​ទៅ​តែ​រដ្ឋាភិបាល​នោះ​ទេ ក៏ប៉ុន្តែ​ក៏បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​បន្ត​ទៅ​ទៀត៖ «មិនមែន​ត្រឹម​ស្នើ​រដ្ឋាភិបាល​ទេ សហភាព​អឺរ៉ុប​ក៏​យើង​ស្នើ​ដែរ ហើយ​សូម្បី​តែ​ការ​កាត់​ផ្តាច់​នេះ ក៏​យើង​គិត​ទៀត ថា បើ​វា​អត់​មាន​ជម្រើស មិន​គួរ​កាត់​ផ្តាច់​រឿង​កម្មករ​យើង​មុនគេ​ទេ គួរតែ​រឿង​អ្វី​ផ្សេងៗ​ឯណោះ​។ គ្មាន​អ្វី​ជាហេតុ​ផល​ដែល​យើង​ចង់​ឱ្យ​កាត់​ផ្តាច់​នោះ​ទេ ព្រោះ​យើង​ដឹង​ថា អ្នក​ដែល​ពិបាក គឺ​កម្មករ​នោះ​ឯង»។

កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា ហើយ​បើ​គិត​លើ​មុខទំនិញ ដែល​ត្រូវ​ជាប់​ពន្ធ គឺ​មាន​ចំនួន ៤០​មុខ​។ ប្រសិនបើ​គ្មាន​ការ​ជំទាស់​ពី​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប​ទេ សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ សីហា ពេលនោះ​ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​កាបូប​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ ទោះជា​យ៉ាងណា ប្រសិនបើ​នៅ​ក្នុង​រយៈពេល​ជាង ៥​ខែ​ទៀត​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រម​កែ​លម្អ​កំណត់ត្រា​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​តាម​លក្ខខណ្ឌ​របស់​គណៈ​កម្ម​ការ​អឺរ៉ុប នោះ​កម្ពុជា​អាច​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។