សមាជិកសភាខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ត្រូវបានរដ្ឋាភិបាលខ្មែរប្រកាសចាត់ទុកជាជនមិនត្រូវបានស្វាគមន៍ ក្រោយពេលលោករក្សាជំហរលើមតិរបស់លោកថា របបរបស់លោក ហ៊ុន សែន ជារបបតិរច្ឆាន។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋាភិបាលកម្ពុជា ហាមសមាជិកសភាខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា គឺលោក ហុង លីម មិនអោយចូលប្រទេសកំណើតរបស់ខ្លួន។ ក្រសួងការបរទេសសម្រេចបែបនេះ បន្ទាប់ពីលោក ហុង លីម នៅប្រកាន់ជំហរហៅរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នថា ជារបបតិរច្ឆាន។
អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែសីហា បានចេញសេចក្ដីប្រកាសមួយហៅសម្ដីរបស់លោក ហុង លីម ថាជាពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរ ធ្វើអោយក្រសួងរំជួលចិត្តជាខ្លាំង ហើយជំរុញអោយសម្រេចចិត្តដាក់តំណាងរាស្ត្រអូស្ត្រាលី រូបនេះ ជាជនមិនត្រូវបានស្វាគមន៍របស់កម្ពុជា។ នៅក្នុងលិខិតដដែលបញ្ជាក់ថា ក្រសួងសង្ឃឹមថា ពាក្យសម្ដីរបស់លោក ហុង លីម មិនឆ្លុះបញ្ចាំងពីការយល់ឃើញរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ឡើយ។
ឆ្លើយតបទៅនឹងការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ថានទូតអូស្ត្រាលី បានចេញសេចក្ដីថ្លែងការណ៍មួយក្នុងថ្ងៃទី១០ ខែសីហា ដដែលថា ពាក្យសម្ដីរបស់លោក ហុង លីម មិនតំណាងអោយរដ្ឋាភិបាល ឫស្ថានទូតអូស្ត្រាលីទេ។ ស្ថានទូតអូស្ត្រាលី បានបន្ថែមទៀតថា ធាតុសំខាន់មួយរបស់របបប្រជាធិបតេយ្យរបស់ខ្លួន គឺស្ថិតលើការផ្សព្វផ្សាយជាសាធារណៈនូវមតិផ្ទុយគ្នា។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ បានលើកឡើងថា រដ្ឋាភិបាលក្នុងប្រទេសនីមួយៗ មានសិទ្ធិអាចដាក់ឈ្មោះបុគ្គលណាម្នាក់ចូលក្នុងបញ្ជីខ្មៅ មិនអោយចូលក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែបុគ្គលទាំងនោះភាគច្រើនជាអ្នកជាប់ពាក់ព័ន្ធនឹងរឿងភេរវកម្ម រឿងលាងលុយកខ្វក់ ឫជួញដូរមនុស្សជាដើម។ ករណីរបស់លោក ហុង លីម វិញ ប្រសិនបើការមិនត្រូវបានស្វាគមន៍នេះ ស្មើនឹងការត្រូវបានចុះចូលក្នុងបញ្ជីខ្មៅ វានឹងបង្ហាញពីនយោបាយការបរទេសបែបប្រតិកម្មនិយម និងក្មេងខ្ចីរបស់កម្ពុជា៖ «ខ្ញុំយល់ថា ការប្រើពាក្យសម្ដីហៅឈ្មោះប្រទេសនេះវាមិនធ្ងន់ធ្ងរដល់ថ្នាក់ដាក់សមាជិកសភាមួយរូបរបស់អូស្ត្រាលី ដាក់ចូលបញ្ជីខ្មៅ ហើយហាមមិនអោយចូលប្រទេសកម្ពុជា នោះទេ។ ជាការពិតណាស់ការហៅរបស់គាត់ប្រើពាក្យសម្ដីមិនសមរម្យ តែមិនធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេ។ អ៊ីចឹងវាបង្ហាញថា ការដឹកនាំ និងនយោបាយការបរទេសរបស់យើងហ្នឹងនៅមិនទាន់មានភាពចាស់ទុំក៏ថាបាន។ នេះបើតាមខ្ញុំយល់»។
អាស៊ីសេរីមិនអាចទំនាក់ទំនងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីបំភ្លឺពីពាក្យមិនត្រូវបានស្វាគមន៍នេះបានឡើយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។
លោក ហុង លីម ដែលសមាជិកសភាខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា ធ្លាប់ត្រូវបានអាស៊ីសេរី សម្ភាសនៅថ្ងៃ៣ ខែសីហា ២០១៦ ជុំវិញរឿងឃាតកម្មរបស់លោកបណ្ឌិត កែម ឡី។ អំឡុងពេលសម្ភាសន៍នោះ លោក ហុង លីម បានហៅរបបកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ថាជារបបតិរច្ឆាន។
នៅថ្ងៃទី៨ ខែសីហា ២០១៦ រដ្ឋសភាកម្ពុជា បានចេញសេចក្ដីប្រកាសមួយថា ទស្សនៈរបស់លោក ហុង លីម មានភាពខ្មៅងងឹត ផ្ទុយពីការពិតគឺរបបកម្ពុជាក្រោមលោក ហ៊ុន សែន បានអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួនតាំងតែពីឆ្នាំ១៩៩៣ មកម្ល៉េះ។ សភាទាមទារអោយលោក ហុង លីម សុំទោសជាសាធារណៈ តែត្រូវបានលោកបានបដិសេធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
