អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី មិនទាន់មានទំនុកចិត្តវិលទៅកម្ពុជាវិញឡើយទេ ទោះបីជាមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសឲ្យតុលាការបញ្ឈប់ដីកាតាមចាប់ខ្លួនលោកក្តី។ ការលើកឡើងបែបនេះ ដោយសារលោកមិនទាន់ឃើញតុលាការប្រកាសទម្លាក់ចោលដីកាចាប់ខ្លួន និងបទចោទប្រកាន់លើរូបលោកនៅឡើយ។
បណ្ឌិត សេង សារី ដែលកំពុងស្នាក់នៅនិងគេចខ្លួនក្នុងប្រទេសថៃ សាទរដោយប្រយ័ត្នប្រយែងចំពោះការផ្លាស់ប្តូរជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើការវិភាគបែបសេនារីយ៉ូរបស់លោក។
បណ្ឌិត សេង សារី ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២០ ខែកញ្ញាថា លោកត្រេកអរ និងអរគុណដល់លោក ហ៊ុន សែន ដែលបានយោគយល់ចំពោះទស្សនៈវិភាគរបស់លោកកន្លងមក។ លោកចាត់ទុកថា នេះជាសញ្ញាណល្អមួយ ដែលប្រមុខរដ្ឋាភិបាលចាប់ផ្តើមស្តាប់មតិយោបល់របស់អ្នកវិភាគ ឬបញ្ញវន្ត ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។ ទោះជាយ៉ាងណាអ្នកវិភាគនយោបាយរូបនេះយល់ថា លោកនៅមិនទាន់មានសុវត្ថិភាពទាំងស្រុងនៅឡើយទេ ព្រោះលោកមិនទាន់ឃើញតុលាការបញ្ឈប់ដីកាចាប់ខ្លួន និងទម្លាក់ចោលបទចោទប្រកាន់តាមការស្នើសុំរបស់លោក ហ៊ុន សែន នៅឡើយទេ៖ «ដូចខ្ញុំបានលើកឡើងអ៊ីចឹង បើខ្ញុំអត់ទាន់ឃើញតុលាការទម្លាក់ចោលករណីខ្ញុំទេ ខ្ញុំក៏ពិបាកសម្រេចចិត្តថា តើខ្ញុំគួរត្រឡប់ទៅកម្ពុជាដែរឬទេ ព្រោះវាទាក់ទងនឹងសុវត្ថិភាពរបស់ខ្ញុំដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានការទម្លាក់ចោលបទចោទរបស់ខ្ញុំក្នុងពេលឆាប់ៗ»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកពីការផ្លាស់ប្តូរចិត្តរបស់លោកវិញ ដោយស្នើដល់ស្ថាប័នតុលាការឲ្យពិនិត្យពិចារណាបញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិត សេង សារី។ លោក ហ៊ុន សែន បញ្ជាក់ថា ការបកស្រាយពន្យល់របស់បណ្ឌិត សេង សារី នៅលើបណ្តាញសារព័ត៌មានកន្លងមក គឺសមហេតុផល និងអាចទទួលយកបានថា ជាការវិភាគបែបសេណារីយ៉ូ មិនមែនជាគាំទ្រគំនិតផ្តួចផ្តើមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលប្រកាសដោយលោក សម រង្ស៊ី នោះទេ។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន លើកទឹកចិត្តឲ្យបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ មេដឹកនាំរបបឯកបក្សរូបនេះ ក៏បានអំពាវនាវដល់ភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឲ្យមានការព្រួយបារម្ភជុំវិញបញ្ហានេះទៀត។
ការស្នើឲ្យតុលាការបញ្ឈប់ការចាប់ខ្លួនអ្នកវិភាគនយោបាយនេះ ធ្វើឡើង ៤ ថ្ងៃក្រោយពីលោក ហ៊ុន សែន បានប្រតិកម្មខ្លាំង និងប្រកាសតាមចាប់ខ្លួនបណ្ឌិត សេង សារី ពាក់ព័ន្ធនឹងការបង្ហោះទស្សនៈវិភាគនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំពីលក្ខខណ្ឌ ៦ចំណុចដែលអាចបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិតាមការអំពាវនាវរបស់លោក សម រង្ស៊ី។ បើតាមបណ្ឌិត សេង សារី លក្ខខណ្ឌទាំង ៦ចំណុចនេះ រួមមាន កម្លាំងអ្នកគាំទ្រគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ ដែលលោកថា អាចធ្វើឱ្យនយោបាយនៅកម្ពុជាប្រែប្រួលបាន។ លោក ហ៊ុន សែន ថែមទាំងព្រមានបណ្ឌិត សេង សារី ថាអាចប្រឈមនឹងការបាញ់ចោលផងប្រសិនបើលោកគាំទ្រអ្វីមួយ ដែលលោក ហ៊ុន សែន ហៅថា «ចលនាឧទ្ទាម» ហើយបានជំរុញឱ្យបណ្ឌិត សេង សារី លុបទស្សនៈវិភាគនោះចេញពីទំព័រហ្វេសប៊ុករបស់លោក បើមិនចង់ប្រឈមនឹងការចាប់ខ្លួន។ ប៉ុន្តែបណ្ឌិត សេង សារី នៅតែរក្សាជំហររបស់លោកដដែល។
ជុំវិញការបន្ទន់ឥរិយាបថរបស់លោក ហ៊ុន សែន នេះ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានទេដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
បណ្ឌិត សេង សារី ចាត់ទុកថា ជាសំណាងល្អដែលក្នុងថ្ងៃលោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួននោះលោកកំពុងស្ថិតក្នុងប្រទេសថៃ បើពុំនោះទេ លោកប្រាកដជាមិនអាចរួចខ្លួន ហើយគ្មានឱកាសបកស្រាយឲ្យលោកនាយករដ្ឋមន្ត្រី ឈប់ភ័ន្តច្រឡំលើការវិភាគរបស់លោកនោះទេ៖ «ខ្ញុំសង្ឃឹមថា ទៅមុខទៀតប្រមុខរដ្ឋាភិបាលនឹងមានការពិចារណាឲ្យបានល្អិតល្អន់ទៅលើសំណេរលើបណ្តាញសង្គម ជាពិសេសអ្នកដែលមាននិន្នាការផ្ទុយក្តី អ្នកដែលសរសេរសំណេរដោយមិនបានយល់ដឹងគ្រប់ជ្រុងជ្រោយក្តី សូមឲ្យរដ្ឋាភិបាល ផ្តល់ការយោគយល់ឲ្យបានខ្ពស់ចំពោះទស្សនៈដែលមានលក្ខណៈផ្ទុយ ឬទស្សនៈនយោបាយដែលពលរដ្ឋចង់បាន។ ខ្ញុំគិតថា ការយោគយល់នេះ មិនមែនសម្រាប់តែខ្ញុំទេ គឺសម្រាប់សកម្មជននយោបាយ សម្រាប់សង្គមស៊ីវិល ក៏ដូចជាអ្នកវិភាគផ្សេងទៀត»។
មន្ត្រីសង្គមស៊ីវិល ស្វាគមន៍ចំពោះការបញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិត សេង សារី និងទទូចឲ្យរដ្ឋាភិបាលបើកចិត្តឲ្យទូលាយទទួលយកមតិយោបល់ចម្រុះរបស់ប្រជាពលរដ្ឋទូទៅ ទាំងអ្នកវិភាគ និងបញ្ញវន្តជាដើម។
នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិដោយគ្មានការភ័យខ្លាច ឬប្រឈមការដាក់ទោសទណ្ឌតាមផ្លូវតុលាការនោះទេ ហើយរដ្ឋាភិបាលមានកាតព្វកិច្ចលើកស្ទយ និងធានាបរិយាកាសអំណោយផល ព្រមទាំងស្តាប់នូវមតិយោបល់ពីគ្រប់ភាគីដើម្បីធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចរបស់ខ្លួន។ អ្នកស្រីបន្តថា ករណីគំរាមកំហែង និងតាមចាប់ខ្លួនបណ្ឌិត សេង សារី នេះ មិនគួរកើតមានតាំងពីដំបូងមកម្ល៉េះ។ អ្នកស្រីយល់ថា ដើម្បីឲ្យបណ្ឌិត សេង សារី និងពលរដ្ឋទូទៅមានទំនុកចិត្តឬមានភាពកក់ក្តៅនោះ រដ្ឋាភិបាលត្រូវស្តាស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យល្អប្រសើរឡើងវិញ និងធានានូវប្រព័ន្ធតុលាការមួយដែលឯករាជ្យ៖ «សំខាន់បំផុត គឺការធានានូវបរិយាកាសអំណោយផលជាលក្ខណៈប្រព័ន្ធ មិនមែនចោះៗទេ គឺជាលក្ខណៈប្រព័ន្ធ គឺត្រូវធានាថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ ហើយមិនគួរមានការចោទប្រកាន់ ឬក៏ចាប់ខ្លួនដោយគ្រាន់តែពលរដ្ឋបញ្ចេញមតិទេ»។
ចំពោះការផ្លាស់ប្តូរចិត្តរបស់លោក ហ៊ុន សែន នេះដែរ ប្រជាពលរដ្ឋមួយចំនួនបង្ហាញសារគាំទ្រ និងមួយចំនួនទៀត នៅមិនទាន់ជឿជាក់នៅឡើយទេ ដោយពួកគេយល់ថា លោក ហ៊ុន សែន កំពុងប្រើគុណធម៌ក្លែងក្លាយ។ មូលហេតុដែលពលរដ្ឋមួយចំនួន មិនទាន់ជឿជាក់បែបនេះ ព្រោះកន្លងទៅលោក ហ៊ុន សែន តែងលេបសម្តីរបស់ខ្លួនវិញ ដូចជាករណីលោក ហ៊ុន សែន មិនគោរពតាមការសន្យាក្នុងការបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។