លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃសៅរ៍ ទី៣០ ខែមិថុនា បានផ្ទេរតំណែងរបស់ឧត្តមសេនីយ៍គ្រាក់ៗ ចំនួនបីរូបទៅឲ្យលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន និងលោក សៅ សុខា ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដែលអង្គការឃាំ្លមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វច្ឆ (Human Rights Watch) រកឃើញថា មេបញ្ជាការកងរាជអាវុហត្ថរូបនេះ មានកេរ្តិ៍ឈ្មោះអាក្រក់ បាតដៃកង្វក់ប្រឡាក់ឈាមខាងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
នៅក្នុងពិធីផ្ទេរតំណែងនោះ លោក ទៀ បាញ់ បានប្រាប់លោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត ថា តំណែងស្តីទីសំខាន់ៗ ដែលទើបផ្ទេរទៅឲ្យអ្នកទាំងពីរនេះ មិនមានការប្រែប្រួលទេ រហូតដល់មានការសម្រេចរបស់រាជរដ្ឋាភិបាលថ្មី ក្រោយពេលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខ។ ការតម្លើងនៅពេលនេះ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលអង្គការសិទ្ធិមនុស្សអន្តរជាតិថា ជាមេដឹកនាំយោធាផ្តាច់ការ នឹងទទួលជោគជ័យក្នុងការបោះឆ្នោត ដោយសារតែគណបក្សសង្គ្រោះជាតិត្រូវបានរបបលោករម្លាយចោល។
ប្រព័ន្ធឃោសនាលោក ហ៊ុន សែន បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ មិថុនាថា ការផ្ទេរតំណែងឲ្យលោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត គឺដោយសារលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានព្យួរឈ្មោះទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលព្រះសីហនុ រីឯលោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តឧត្តរមានជ័យ ហើយលោក មាស សុភា មេបញ្ជាការកងទ័ពជើងគោក ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិនៅមណ្ឌលព្រះវិហារ។
លោក ឈុំ សុជាតិ បន្តថា តួនាទីជាអគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេរភូមិន្ទ ត្រូវប្រគល់ជូន លោក សៅ សុខា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ចំណែកតំណែងពីរទៀត គឺនាយសេនាធិការចម្រុះស្ដីទីនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការស្ដីទី នៃបញ្ជាការដ្ឋានកងទ័ពជើងគោកត្រូវប្រគល់ឲ្យ លោក ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។