លោក​ហ៊ុន សែន​ ព្រមាន​ចាត់​ការ​​គ្រួសារ​លោក ហូរ វ៉ាន់ ​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​​​រឿង​គម្រោង​ចង់​ផ្ដួល​រំលំ​​របប​ក្រុង​ភ្នំពេញ

ដោយ វ៉ែន សុមេធ
2020-10-26
Share
ហូរ វ៉ាន់ ហ៊ុន សែន លោក ហូរ វ៉ាន់ (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោ ហូរ វ៉ាន់ និង​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​​ ព្រមាន​​ចាត់​វិធាន​ការ​​​​​ប្រពន្ធ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោក​ ហូរ វ៉ាន់​ ​ដោយ​លោក​ចោទ​ថា មាន​ពាក់ព័ន្ធ​នឹង​រឿង​​​​នៅ​ពី​ក្រោយ​ហេតុ​ការណ៍​ដឹក​នាំ​ប្រជា​ពលរដ្ឋ​​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន ​ប្រចាំ​នៅ​រាជធានី​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣​តុលា​។​​​ អ្នក​វិភាគ​នយោបាយ​ ​យល់​ថា​ ​ការព្រមាន​របស់​លោក ​ហ៊ុន សែន នេះ​ គឺ​ជា​ការ​​ព្រួយ​បារម្ភ​ខ្លាច​កម្លាំង​មហា​​ងើប​​តវ៉ា​​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​​ការ​ដឹក​នាំ​របស់​លោក។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន​ ប្រកាស​​ដោយ​ប្រើ​ភាសា​អសុរោះ​អាមឹង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ពិធី​បើក​ការដ្ឋាន​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៦ តុលា​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហូរ វ៉ាន់ ​​ជា​​អ្នក​​​បញ្ជា​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​​តវ៉ា​​នៅ​មុខ​ស្ថាន​ទូត​ចិន​​ប្រចាំ​​​ក្រុង​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣​តុលា។​​ លោក​​​ហ៊ុន​ សែន​ បាន​ចាក់​ខ្សែអាត់​សំឡេង​របស់​លោក​ ហូរ វ៉ាន់​ ដែល​បញ្ជា​ឱ្យ​​កូន​ចៅ​របស់​ខ្លួន​​ធ្វើ​សកម្មភាព​នៅ​ក្រុង​ភ្នំពេញ​​ និង​ចាត់​ទុក​រឿង​នេះ​ថា ​ជា​គម្រោង​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​របស់​លោក​។ ​​លោក​​​ហ៊ុន សែន​ ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​​សំឡេង​ខ្សែ​អាត់​​​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ ដោយ​លោក​ព្រមាន​ដល់​គ្រួសារ​របស់​លោក ​ហូរ វ៉ាន់ និង ​ស្ត្រី​​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ​ ដែល​ទំនង​សំដៅ​លើ​​ប្រពន្ធ​របស់​ លោក អេង ឆៃអ៊ាង ​ថា​ ប្រសិន​បើ​​រក​ឃើញ​ពួកគេ​​មាន​​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​ផ្ដល់​ប្រាក់​ឱ្យ​​ក្រុម​បាតុករ​​លោក​នឹង​​ចាត់​វិធានការ​ក្ដៅ​តែ​ម្ដង៖ «ហូរ​ វ៉ាន់​ អាយុ​ច្រើន​ជាង​ខ្ញុំ​បន្តិច​ តែ​ខ្ញុំ​ហៅ​តែ​ម្ដង​ទៅ​អា​វ៉ាន់​អើយ! អាហ្នឹង​បែប​​កំពុង​មើល​ខ្ញុំ​ហើយ​។អា​វ៉ាន់​ អាអ្ហែង​ត្រូវ​​នេះ​ ប្រពន្ធ​របស់​ ហូរ​ វ៉ាន់​ ក៏​មើល​ដែរ​។​ពិតមែន​ហើយ​កូន​ប្រុស​របស់​ខ្ញុំ​ធ្លាប់​ទៅ​លែង​ជា​មួយ​​ប្រពន្ធ​ហូរ វ៉ាន់​អី​នេះ​ ប៉ុន្តែ​ឯង​ត្រូវ​ដឹង​ប្រពន្ធ​អាអ្ហែង​កំពុង​នៅ​​ភ្នំពេញ​ អាអ្ហែង​ជា​មេ​ខ្លោង​ នៃ​អំពើ​ក្បត់​ អីចឹង​រឿង​ដែល​មិន​ចាត់​ការ​​ពួក​អា​មេ​ក្បត់​ដែល​នៅ​ខាង​ក្នុង​ បើ​អា​ពួក​ក្បត់​នៅ​ខាង​ក្នុង​ទទួល​បទ​បញ្ជា​ពី​​អា​មេ​ក្បត់​។ អីចឹង​អាជ្ញាធរ​គេ​ចាត់​ការ​អាហ្នឹង​រឿង​ត្រឹម​ត្រូវ​តាម​ច្បាប់»

លោក ហ៊ុន សែន​ ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​ពុំ​មាន​​គម្រោង​សាង​សង់​មូលដ្ឋាន​​យោធា​ចិន​ ឬ​បរទេស​ណា​មួយ​នៅ​កម្ពុជា​នោះ​ឡើយ។

ទាក់​ទង​នឹង​ការ​គំរាម​របស់​មេ​ដឹក​នាំ​របប​ឯក​បក្ស​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ហូរ វ៉ាន់ ​ទទួល​ស្គាល់​​សំឡេង​សារ​​ដែល​លោក ហ៊ុន សែន បង្ហាញ​នោះ​ជា​សំឡេង​របស់​លោក​ពិតប្រាកដ​មែន​ ក៏​ប៉ុន្តែ​លោក​ថា ​អ្វី​ដែល​លោក​និយាយ​នោះ គឺ​គ្រាន់​តែ​ជា​ការ​ពន្យល់​​​​​ដល់​ពលរដ្ឋ​​អំពី​សិទ្ធិ​ចូល​រួម​សម្ដែង​មតិ​ដោយ​សន្តិវិធី​ ដែល​​ពុំ​​មែន​បញ្ជា​​ឱ្យ​ពលរដ្ឋ​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «មិន​មែន​ខ្ញុំ​បញ្ជា​គេ​ទៅ​តាម​ខ្ញុំ​ទេ​​ខ្ញុំ​មិន​មាន​ឥទ្ធិពល​អី​ដល់​ថ្នាក់​ទៅ​បញ្ជា​​អីចឹង​បាន​ទេ​ លុះ​ត្រា​តែ​​ម្ចាស់​ខ្លួន​មាន​ឆន្ទៈ​ ហើយ​ខ្ញុំ​​សុំ​ជម្រាប​បើ​សព្វ​ថ្ងៃ​នេះ​​បើ​អត់​មាន​កម្លាំង​​កងទ័ព​​កម្លាំង​អី​ទេ​ប្រជាជន​មិន​មែន​មក​​សម្ដែង​មតិ​ប៉ុណ្ណឹង​ទេ​ ខ្ញុំ​សុំ​ជម្រាប​ថា​ មនុស្ស​អាច​មក​រាប់​ពាន់​នាក់»

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ភៀសខ្លួន​​នយោបាយ​​នៅ​ក្រៅ​ប្រទេស​ លោក អេង ឆៃអ៊ាង​ ប្រាប់​អាស៊ី​សេរី​ថា ​​លោក​ហ៊ុន សែន​ ​ខឹង​គោ​ទៅ​វាយ​រទេះ​​​បែប​នេះ​​គឺ​ជា​​រឿង​មិន​ត្រឹមត្រូវ​​​ទេ​ ​ ព្រោះ​លោក​ថា​ប្រពន្ធ​របស់​លោក​មិន​មាន​ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​​ពលរដ្ឋ​នោះ​ឡើយ​។​ លោក​​ថា ប្រសិន​បើ​លោក​ហ៊ុន​ សែន​ពិតជា​​ស្អាតស្អំ​​​មិន​​មាន​គម្រោងការណ៍​សម្ងាត់​ឱ្យ​យោធា​ចិន​​សង់​លាន​ដ្ឋាន​នៅ​​កម្ពុជា​​​ គឺ​លោក​មិន​គួរ​​ព្រួយបារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​​​​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថានទូត​ចិន​នោះ​​ឡើយ​។លោក​​​​ បញ្ជាក់​ថា ការ​ដែល​លោក​ ហ៊ុន សែន​ បាន​ប្រើប្រាស់​ភាព​កាច​សាហាវ​របស់​ខ្លួន​បង្ក្រាប​​​​និង​ចាប់​ចង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​​​សព្វ​ថ្ងៃ​នេះ​​ គឺ​ដើម្បី​​​​​បំពេញ​មហិច្ឆតា​អំណាច​របស់​ខ្លួន​​ប៉ុណ្ណោះ៖ «ទៅ​ផ្ដួល​យ៉ាង​ម៉េច​កើត​បើ​មនុស្ស​អត់​មាន​អី​ ទៅ​ដៃ​ទទេ​ទៅ​ផ្ដួល​យ៉ាង​ម៉េច។ ប្ដូរ​ទាល់​តែ​មាន​កម្លាំង​ប្រដាប់​អាវុធ​ ទាល់​តែ​មាន​កម្លាំង​ទ័ព​ ហើយ​ចេញ​ទៅ​គឺ​ដាក់​ប្រាវ​តែ​ម្ដង​អា​ហ្នឹង​បាន​ហៅ​ថា​ផ្ដួល​។​បើ​​អា​នេះ​មាន​តែ​ដៃ​ទទេ​លើក​តែ​បដា​​សម្ដែង​មតិ​ហ្នឹង​មាត់​អីចឹង​ទៅ​ផ្ដួល​យ៉ាង​ម៉េច? អា​ហ្នឹង​ស្រេច​តែ​គាត់​ថា​ បើ​គាត់​មាន​ខ្លួន​គាត់​ចេះ​តែ​ភ័យ​ព្រួយ​​ទៅ​ហើយ​គាត់​ចេះ​តែ​ចោទ​គេ​ចោទ​ឯង​ទៅ​ហើយ​ចាប់​គេ​យក​ទៅ​ដាក់​គុក​ដោយ​គ្មាន​ហេតុ​ផល»

ចំណែក​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ ​​វិញ​ ​យល់​ថា​​ ការ​គំរាម​​របស់​លោក​ ហ៊ុន សែន ​នេះ​ គឺ​ជា​ការ​ព្រួយបារម្ភ​​របស់​លោក​ ដែល​ខ្លាច​គណបក្ស​​សង្គ្រោះ​ជាតិ​ដឹក​នាំ​​​ប្រជាពលរដ្ឋ​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​ ដូច​ពលរដ្ឋ​​​ថៃ​តវ៉ា​​ទម្លាក់​​រដ្ឋាភិបាល​​ថៃ​នៅ​ទីក្រុង​បាងកក​​​ ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​ដឹក​នាំ​របស់​លោក​។ ​​​​លោក​បញ្ជាក់​​ថា ​ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​​នោះ​ទេ​ ដូច្នេះ​ប្រសិន​បើ​​​អំឡុង​ពេល​នេះ​​មាន​ចលនា​​ធ្វើ​បាតុកម្ម​​​ទ្រង់ទ្រាយ​ធំ​ណា​មួយ​​​​កើត​ឡើង​ នោះ​អាជ្ញាធរ​របប​លោក​ហ៊ុន សែន​​នឹង​មិន​អាច​ទប់ទល់​​បាន​ឡើយ៖ «ដូច្នេះ​ហើយ​លោក​ហ៊ុន​ សែន​ គាត់​ភ័យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​ដឹក​នាំ​ដ៏​កខ្វក់​របស់​គាត់​ហ្នឹង​ងើប​ឡើង​ តាម​ចលនា​ការ​រៀប​ចំ​របស់​គណបក្ស​ប្រឆាំង​នៃ​ការ​អនុវត្ត​សិទ្ធិ​ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ ដូច​នៅ​ប្រទេស​ថៃ​អីចឹង​។​ដូច្នេះ​ហើយ​ទើប​គាត់​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ឱ្យ​បាន​មុន​ និយាយ​រួម​គឺ​ជា​វិធី​បន្លាច​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ងើប​ឡើង​​ទេ​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​​តាម​គោលការណ៍​ប្រជាធិបតេយ្យ​​ដូច​លោក​ហ៊ុន សែន​ និយាយ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៣​តុលា​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បង្ក្រាប​និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន​បី​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ក្នុង​ពេល​ដែល​ពួក​គេ​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ស្រែក​តវ៉ា និង​ដាក់​ញត្តិ​នៅ​​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ការ​បង្ក្រាប​និង​ចាប់​ខ្លួន​​នេះ​ ​ធ្វើ​ឡើង​ភ្លាម​ៗ​​បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​ប្រកាស​ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ចាត់​​​ទុក​រឿង​នេះ​ថា ​ជា​ការ​​ដើរ​ចាក​ឆ្ងាយ​ពី​កន្លង​ប្រជាធិបតេយ្យ​និង​ជា​ការ​រឹតត្បិត​​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។