អ្នកវិភាគលើកឡើងថា ឥរិយាបថលោក ហ៊ុន សែន ការពារចិនរឿងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បណ្តាលមកពីវីរុសកូរ៉ូណា មិនមែនដោយខ្លាចប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិននោះទេ គឺដោយសារតែ លោក ហ៊ុន សែន ចង់អែបអបប្រទេសចិនដើម្បីការពារអំណាចរបស់ខ្លួននៅថ្ងៃអនាគត។
អ្នកហ៊ាននិយាយរិះគន់ឥតសំចៃ ចំពោះរបបក្រុងភ្នំពេញដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក គឹម សុខ ប្រាប់អាស៊ីសេរីថា ការខិតខំយកចិត្តយកថ្លើម និងការប្រកាសម្តងហើយម្តងទៀតរបស់លោក ហ៊ុន សែន ថា រួមសុខរួមទុក្ខជាមួយប្រទេសចិននៅពេលប្រទេសនេះ កំពុងផ្ទុះជំងឺឆ្លងថ្មីនេះ គឺលោកចង់ប្រើប្រាស់ប្រទេសចិនធ្វើជាខ្នងបង្អែកការពារអំណាចបក្សពួកគ្រួសាររបស់លោកនៅពេលអនាគត។
កាលពីថ្ងៃទី៥ កុម្ភៈកន្លងទៅនេះលោក ហ៊ុន សែន បានដឹកនាំប្រតិភូមួយក្រុម រួមទាំងកូនប្រុសច្បងរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិនដើម្បីបង្ហាញថា កម្ពុជាជាមិត្តដែកថែបនឹងចិន។ ការទៅចិនជួបមេដឹកនាំកំពូលនេះ ដោយសារតែលោក ហ៊ុន សែន លោកត្រូវបានក្រសួងការបរទេសចិនហាមមិនឱ្យទៅជួបនឹងនិស្សិតខ្មែរនៅជាប់ផុងនៅទីក្រុងវូហាន (Wuhan)។

លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន បានដឹងច្បាស់ថា បច្ចុប្បន្នមានតែប្រទេសចិនតែមួយគត់ដែលជាជន្ទល់នៅក្នុងការការពារអំណាចត្រកូលហ៊ុន របស់លោក។ លោកបញ្ជាក់ថា បើគ្មានប្រទេសចិនការពារនោះអំណាចរបស់លោក ហ៊ុន សែន និងដួលរលំ៖ «ក៏គ្មានអ្វីចម្លែកដែរ បើលោក ហ៊ុន សែន មិនអែបចិនគ្រប់កាលៈទេសៈ ទោះបីជាក្នុងស្ថានភាពដ៏អាក្រក់យ៉ាងណានោះទេ គាត់បារម្ភខ្លាចចិនដោះដៃអំពីគាត់។ការដោះដៃពីគាត់ពីចិនស្មើហ្នឹងការដួលរំលំនៃអំណាចគ្រួសារត្រកូលហ៊ុន»។
ចំណែក អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា លោក ហ៊ុន សែនមិនបានខ្វល់ជីវិតប្រជាពលរដ្ឋដែលជាប់គាំងនៅក្នុងប្រទេសចិនទេ គឺលោកខ្វល់នឹងអំណាចរបស់លោកតាមរយះយកចិត្តប្រទេសចិនក្នុងរឿងផ្ទុះជំងឺមេរោគកូរ៉ូណា ដែលទង្វើនេះគណបក្សប្រឆាំងមិនអាចទទួលយកបានជាដាច់ខាត៖ «យើងសូមថ្កោលទោសហើយយើងសូមឱ្យលោក ហ៊ុន សែន គិតពិចារណាឡើងវិញក្នុងការទទួលខុសត្រូវនៅចំពោះមុខនិស្សិតយើង នៅចំពោះមុខប្រជាពលរដ្ឋយើង និងចំពោះមុខសហគមន៍អន្តរជាតិទាំងមូល»។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិន ចេញសារការពារ

ការធ្វើដំណើររបស់លោក ហ៊ុន សែន ទៅប្រទេសចិន។ ស្ថានទូតចិនថា លោក ហ៊ុន សែន ជាអ្នកដឹកនាំបរទេសទីមួយដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិនក្នុងអំឡុងពេលដែលប្រទេសចិនកំពុងកើតមាននូវជំងឺរលាកផ្លូវដង្ហើម។ ស្ថានទូតបន្ថែមទៀតថា ទស្សនកិច្ចរបស់មេដឹកនាំបង្ហាញថា មិត្តកម្ពុជាចិនគឺជា"មិត្តដែកថែប" ហើយចិននិងកម្ពុជាជាសហគមន៍ជោគវាសនារួម ដែល"ដកដង្ហើមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នាយ៉ាងពិតប្រាកដ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ទំនាក់ទំនងជាមួយប្រទេសចិនគឺជាទំនាក់ទំនងដើម្បីផលប្រយោជន៍ខ្មែរ មិនមែនដើម្បីអំណាចរបស់នាយករដ្ឋមន្ត្រី និងគ្រួសាររបស់លោកទេ ហើយអ្នកផ្តល់អំណាចឱ្យនាយករដ្ឋមន្ត្រីគឺធ្វើឡើងតាមសន្លឹកឆ្នោត៖ «ដូច្នេះអ្នកផ្ដល់អំណាចគឺមិនមែនចិនទេ ហើយចិនផ្ដល់ផលប្រយោជន៍សម្រាប់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយធំៗពាក់ព័ន្ធនៅលើពិភពលោក។ ដូច្នេះចិនមិនមែនដើរតួជាអ្នកជួយទេ គឺថែមទាំងជាអ្នកការពារប្រទេសកម្ពុជាទៀត។ នេះគួរតែទាំងអស់គ្នាយោគយល់អ្វីទៅដែលថាកម្ពុជា ត្រូវការសម្រាប់សន្តិសុខជាតិសម្រាប់ការអភិវឌ្ឍជាតិ»។
បច្ចុប្បន្ន និស្សិតកម្ពុជាចំនួន២៣ នាក់ដែលកំពុងសិក្សានៅសកលវិទ្យាល័យ ហ៊ូបេ (Hubei) ទីក្រុងវូហាន ( Wuhan) ប្រទេសចិនជាទីកន្លែងផ្ទះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា ដែលបានសម្លាប់មនុស្សជាច្រើនរយនាក់។ លោក ហ៊ុន សែន បាននិយាយមិនឱ្យនិស្សិតទាំងនោះចាកចេញពីប្រទេសចិនទេ ដោយសារតែលោកមិនចង់ប៉ះពាល់ដល់ទំនាក់ទំនងចិនខ្មែរ និងខ្លាចប៉ះពាល់សេដ្ឋកិច្ច កម្ពុជា ប្រសិនបើបិទជើងយន្តហោះពីចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។