របប​ភ្នំពេញ​អំពាវនាវ​ដល់​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ​ជួយ​ចាប់​លោក សម រង្ស៊ី មក​កម្ពុជា

ដោយ យន់ សាមៀន
2019-07-27
Share
លោក សម រង្ស៊ី ៦២២ លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូប៖ សន ចាន់រដ្ឋា

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​ប្ដេជ្ញា​ចិត្ត និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​ក្នុង​ការ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បញ្ជូន​មក​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា​។ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា គ្មាន​សហគមន៍​អន្តរជាតិ​ណា​ជួយ​របប​លោក ហ៊ុន សែន ឡើយ ហើយ​សមត្ថកិច្ច​ក្នុង​របប​លោក ហ៊ុន សែន ក៏​គ្មាន​សមត្ថភាព​តាម​ចាប់ខ្លួន លោក សម រង្ស៊ី ពី​ក្រៅ​ប្រទេស​ដែរ។អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​ស្នើសុំ​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ការអនុវត្ត​ដីកា​តុលាការ​កម្ពុជា ចាប់ខ្លួន លោក សម រង្ស៊ី និង​បក្ខពួក ពី​ក្រៅ​ប្រទេស​យក​ទៅ​ផ្ដន្ទាទោស​នៅ​ពន្ធនាគារ​ប្រទេស​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៧ កក្កដា​របស់​សមត្ថកិច្ច​កម្ពុជា​សរសេរ​ថា ស្ថាប័ន​ប៉ូលិស បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​តាម​ចាប់ខ្លួន លោក សម រង្ស៊ី និង​បក្ខពួក តាម​គ្រប់​មធ្យោបាយ គ្រប់​រូបភាព ពី​ក្រៅ​ប្រទេស​ឱ្យ​ទាល់តែ​បាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​តុលាការ។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ព្រមាន​ថា ពលរដ្ឋ ឬ​សហគមន៍​អន្តរជាតិ ដែល​ធ្វើ​សកម្មភាព​រារាំង​ការអនុវត្ត​សាលដីកា​តុលាការ ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​ដែរ។

ការ​អំពាវនាវ​ឱ្យ​ជួយ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​ការព្រមាន​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ទទួល​ដំណើរ​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយពេល ប្រធាន​ស្ដីទី​បក្សប្រឆាំង និង​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​គម្រោង​ដឹកនាំ​ពលរដ្ឋ និង​ឥស្សរជន​ប្រជាធិបតេយ្យ​វិល​ចូល​កម្ពុជា​វិញ នៅ​ខែ​កញ្ញា ខាងមុខ​។ វិធានការ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល ក្រសួងការបរទេស​ខ្មែរ​បាន​ចេញ​លិខិត​ណែនាំ​ឱ្យ​មន្ត្រី​ទូត​នៅ​លើ​ពិភពលោក បដិសេធ​ទិដ្ឋាការ​ដល់​ជនបរទេស​ណា ដែល​គ្រោង​នឹង​អម​ដំណើរ​របស់ លោក សម រង្ស៊ី មក​កម្ពុជា​វិញ ជាពិសេស​តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា របស់​សមត្ថកិច្ច​កម្ពុ​ជា​នេះ ជា​យុទ្ធសាស្ត្រ​គំរាម​ពលរដ្ឋ និង​បំភាន់​សហគមន៍​អន្តរជាតិ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។ លោក គឹម សុខ យល់ថា យុទ្ធសាស្ត្រ​របស់​របប​លោក ហ៊ុន សែន ជា​យុទ្ធសាស្ត្រ ចុងក្រោយ ព្រោះ​សហគមន៍​អន្តរជាតិ​មិន​ចាប់អារម្មណ៍ ជាមួយ​ការ​អំពាវនាវ​នេះ​ឡើយ៖ «ហើយ​លោក ហ៊ុន សែន គិត​ថា អាច​នឹង​ទប់ស្កាត់​មិនបាន ម្ល៉ោះហើយ​ទើប​គាត់​ប្រើ​វិធី​ឱ្យ​កូនចៅ ឃាត់​គ្រប់​ជំហាន​ទាំងអស់​ក្នុង​ការ​ទប់ស្កាត់​ដំណើរ​វិល​ត្រលប់​របស់ លោក សម រង្ស៊ី បើ​ទោះ​បី​ជា លោក ហ៊ុន សែន ខ្លួនឯង​សំងំ​ក៏ដោយ»

មុន​ពេល​មានការ​ប្ដេជ្ញា​ចិត្ត តាម​ចាប់ខ្លួន​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​នេះ មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ គឺ​លោក ហ៊ុន សែន និង​លោក ស ខេង ចង់​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង​ម្ដង​ហើយ​។ តែ​បំណង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា ទំនង​គ្រាន់​ចង់​បង្អួត​ពលរដ្ឋ​ប៉ុណ្ណោះ ព្រោះ​មកដល់ពេលនេះ លោក ហ៊ុន សែន និង លោក ស ខេង មិនទាន់​បាន​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង​ពី​បទ​បរិហារកេរ្តិ៍​នៅឡើយ​ទេ​ប៉ុន្តែ បាន​បន្ត​ប្ដឹង​ទៅ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ដែល​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុកជា​តុលាការ​អាយ៉ង​របស់​របប​លោក ហ៊ុន សែន​។

មន្ត្រី​បក្ស​ប្រឆាំង នៅ​ប្រទេស​កាណាដា លោក សោ ចាន់ដេត អះអាង​ស្រដៀង​លោក គឹម សុខ ដែរ​ថា សហគមន៍​អន្តរជាតិ នឹង​មិន​ព្រម​សហការ ឬ​គាំទ្រ​ការ​ចាប់ខ្លួន លោក សម រង្ស៊ី នោះ​ទេ​។ លោក សោ ចាន់ដេត ពន្យល់​ថា ការប្រកាស​របស់​សមត្ថកិច្ច​ស្រុក​ខ្មែរ គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ភូត​កុហក​ពលរដ្ឋ។ លោក សោ ចាន់ដេត យល់ថា សហគមន៍​អន្តរជាតិ នៅតែ​តាម​ជួយ​ការពារ​លោក សម រង្ស៊ី ចូល​ទៅ​កម្ពុជា​ដដែល៖ «ទៅ​ធ្វើ​ស្អី​បាន​។ គាត់​មិន​អាច​ទៅ​ធ្វើ​ស្អី​ខុសច្បាប់​នៅ​ស្រុក​គេ​ទេ​។ គាត់​ធ្លាប់​ធ្វើ​បាន តែ​នៅ​ស្រុក​ខ្មែរ ដល់​នៅ​ប្រទេស​គេ ទៅ​ធ្វើ​អ្វី​បាន​។ ស្រុក​ខ្មែរ​ដល់ពេល សម រង្ស៊ី ទៅ​ដល់ ទៅ​ធ្វើ​ស្អី​កើត​។ មិនដែល​ពួក​ហ្នឹង​ទៅ​ចាប់​សម រង្ស៊ី បាន​។ ចេះតែ​ថា កម្លា​។ បើ​ពួក​ហ្នឹង​ចាប់​បាន មិនមែន​ពួក​ហ្នឹង​(​ខំប្រឹង​)​ស្រែក​ចាប់ សម រង្ស៊ី ទេ ទៅដល់​ចាំ​ចាប់​ទៅ​។ ឆ្កែ​តែ​ព្រួស​មិនដែល​ខាំ​ទេ ព្រោះតែ​ខាំ​មិនកើត​ហើយ បាន​វា​ព្រួស»

តុលាការ​របប​លោក ហ៊ុន សែន បាន​កាត់ទោស​ឱ្យ លោក សម រង្ស៊ី ជាប់ពន្ធនាគារ និង​សង​សំណង​ជាច្រើន​ករណី​ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍​។ ទោះជា​បី​ជា​របប​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា កំពុង​ស្វែងរក​ចាប់ខ្លួន​លោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​នេះ មិន​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​តំបន់​អាស៊ីអាគ្នេយ៍ ឱ្យ​ចាប់​លោក សម រង្ស៊ី នោះ​ទេ។ ចំណែក​គេហទំព័រ ប៉ូលិស​អន្តរជាតិ (INTERPOL) ក៏​គ្មាន​ឃើញ​លិខិត​ស្វែងរក​ចាប់ខ្លួន លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង​ដែល​ត្រូវ​របប​លោក ហ៊ុន សែន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ដែរ។ គេហទំព័រ INTERPOL បង្ហាញ​ថា មានតែ​ពលរដ្ឋ​ខ្មែរ​ម្នាក់ ជា​អតីត​ព្រះសង្ឃ ដែល​កម្ពុជា​ស្នើ​ឱ្យ​ប៉ូលិស​អន្តរជាតិ​ចាប់​ខ្លួន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល