លោក ហ៊ុន សែន ថា​ខុមហ្វ្រែល​ធ្វើ​​ឲ្យ​សង្គម​​ចលាចល​មុន​​ថ្ងៃ​បោះ​ឆ្នោត

នៅ​ក្នុង​ពេល​ឡើង​កាន់​តំណែង​​នាយករដ្ឋមន្ត្រី​ថ្ងៃ​ដំបូង​នៃ​រដ្ឋាភិបាល​​អាណត្តិ​ទី​៥ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រំលឹក​រឿង​ចាស់​មុន​ពេល​បោះ​ឆ្នោត​ថា អង្គការ​ខុមហ្វ្រែល (Comfrel) បាន​ធ្វើ​ឲ្យ​សង្គម​កើត​ចលាចល​មុន​ពេល​បោះឆ្នោត។ លោក ហ៊ុន សែន បាន​ព្រមាន​ថា បញ្ហា​នេះ ខុមហ្វ្រែល ត្រូវ​តែ​ទទួល​ខុស​ត្រូវ។

0:00 / 0:00

ថ្លែង​​ទៅ​កាន់​​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​​ឯ​វិមាន​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​២៤ កញ្ញា លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​ធ្វើ​ឲ្យ​សង្គម​​ចលាចល​មុន​​ថ្ងៃ​បោះ​ឆ្នោត ដោយសារ​ខុមហ្វ្រែល បាន​ប្រកាស​ថា ទឹក​ខ្មៅ​​​សម្រាប់​ជ្រលក់​ដៃ​សម្គាល់​អ្នក​បោះឆ្នោត​ដែល​​ចែក​ចាយ​ដោយ គ.ជ.ប នោះ អាច​លុបលាង​ជ្រះ។

លោក​នាយករដ្ឋមន្ត្រី​​បាន​បញ្ជាក់​ថា ការ​អះអាង​របស់​ខុមហ្វ្រែល​នោះ ថា​ជា​រឿង​មិន​ពិត ដោយ​លោក​បាន​បង្ហាញ​ចង្អុល​ដៃ​របស់​លោក​ដែល​ជ្រលក់​ក្រោយ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា នោះ ធ្វើ​ជា​ភស្តុតាង​ថា ទឹក​ខ្មៅ​នោះ​មិន​​អាច​លុប​ជ្រះ​បាន​ទេ ហើយ​មាន​ស្នាម​ជាប់​ម្រាម​ដៃ​រហូត​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល​ជិត ២​ខែ​ហើយ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ថា ខុមហ្វ្រែល ត្រូវ​ទទួល​ខុស​ត្រូវ​​បញ្ហា​​នេះ៖ «ហើយ​នេះ​ទឹក​ខ្មៅ​ដែល​ខុមហ្វ្រែល បាន​ខិតខំ​មុន​ប៉ុន្មាន​ម៉ោង មិន​បោះ​ឆ្នោត ធ្វើ​ឲ្យ​មាន​ការ​ឆោឡោ ថា​ទឹក​ខ្មៅ​ជូត​ជ្រះ។ ខ្ញុំ​បាន​ប្រើ​អស់​លទ្ធភាព​ដើម្បី​សាកល្បង ប៉ុន្តែ​ទី​ចុង​បំផុត ថ្ងៃ​នេះ​ជិត ២​ខែ​​ហើយ​មិន​ទាន់​រលុប​ទេៗ។ អ៊ីចឹង! ខាង​ខុមហ្វ្រែល ត្រូវ​តែ​យល់​ខ្លួន​ឯង…។ ដូច្នេះ​តើ​​អ្នក​និយាយ​ធ្វើ​ឲ្យ​ឆោឡោ​មុន​ ការ​បោះឆ្នោត​ប៉ុន្មាន​ម៉ោង​ ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​អំពី​សាធារណៈ​មតិ អំពី​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល? ហើយ​ទទួល​បន្ទុក​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា ការ​បោះ​ឆ្នោត។ ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណា តើ​ត្រូវ​សុំទោស​ចំពោះ​ប្រជាជាតិ​ទាំង​មូល​យ៉ាង​ណា អំពី​ការ​ដែល​ខ្លួន​ធ្វើ​ឆោឡោ​​មុន​​ការ​បោះ​ឆ្នោត​តែ​​ប៉ុន្មាន​ម៉ោង? ខ្ញុំ​គិត​ថា ហោច​ណាស់​ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​សីលធម៌​ដែរ ព្រោះ​វា​ទាក់ទង​នឹង​រឿង​ធំ​ណាស់»

គេ​នៅ​ចាំ​បាន​ថា ​មុន​​ថ្ងៃ​​បោះ​ឆ្នោត​មួយ​ថ្ងៃ​​ គឺ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៣ ខុមហ្វ្រែល បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​បង្ហាញ​​ការ​អំពី​សាកល្បង​លុប​​ទឹក​ខ្មៅ​ដែល​ចែក​ចាយ​ដោយ គ.ជ.ប នោះ អាច​លុប​ជ្រះ​ដោយ​ងាយ បន្ទាប់​ពី​ជ្រលក់​ដៃ​ហើយ​ក្នុង​រយៈ​ពេល​ពីរ ឬ​បី​ម៉ោង​ក្រោយ​បោះ​ឆ្នោត​រួច។ កាល​នោះ ខុមហ្វ្រែល បាន​បង្ហាញ​ថា ទឹក​ខ្មៅ​នោះ​អាច​លុប​ជ្រះ​បាន​ដោយ​ងាយ ដោយ​ប្រើ​សារជាតិ​គីមី​ដែល​ងាយ​រក​បំផុត​នៅ​ទីផ្សារ។

ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា បញ្ជាក់​នៅ​ថ្ងៃ​​ទី​​២៤ កញ្ញា ថា មន្ត្រី​ខុមហ្វ្រែល បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ពេល​នោះ ព្រោះ​ព្រួយ​បារម្ភ​ថា ទឹក​ខ្មៅ​ដែល​​លុប​ជ្រះ​នោះ អាច​​ធ្វើ​ឲ្យ​​មនុស្ស​​ម្នាក់​អាច​បោះ​ឆ្នោត​បាន​ច្រើន​ដង​នាំ​​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត។

លោក​បាន​រំលឹក​ថា ​ការ​ធ្វើ​ការ​ពិសោធ​សាកល្បង​លុប​ទឹក​ខ្មៅ​​នៅ​ពេល​​នោះ ក៏​ធ្វើ​ឡើង​តាម​សំណើ​របស់ គ.ជ.ប ​ដែល គ.ជ.ប ចង់​ឲ្យ​តំណាង​បក្ស​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នោះ ​មាន​ជំនឿ​ថា ទឹក​ខ្មៅ​នោះ​មិន​អាច​លុប​ជ្រះ​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។