លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ធ្នូ ថ្វាយលិខិតមួយច្បាប់ទៅសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ស្នើឱ្យពន្យារពេលធ្វើសមាជ រហូតដល់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សចប់សព្វគ្រប់ជាមុនសិន។ ក្រសួងមហាផ្ទៃ ក៏បង្គាប់ឱ្យបក្សរាជានិយមមួយនេះ អនុវត្តតាមប្រការ២៤ នៃលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃដែរ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីអនុប្រធានគណៈកម្មការរៀបចំសមាជរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ឆឹង ចំរើន បានទេ ដោយសារហៅទូរស័ព្ទជាច្រើនដងតែ គ្មានអ្នកទទួល។
មជ្ឈដ្ឋានទូទៅមើលឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច នៅពេលបច្ចុប្បន្ននេះ បែកគ្នាចេញជាបីក្រុមគឺ ១ក្រុម ខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាបុត្រច្បងរបស់សម្ដេចក្រុមព្រះ ១ក្រុម ជារបស់លោក ញ៉េប ប៊ុនជិន ជាមួយលោក យូ ហុកគ្រី និង១ក្រុមទៀត ដឹកនាំដោយលោក ណុប សុធារិទ្ធិ។
តាមគម្រោង គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ នឹងបូកបញ្ចូលគ្នាជាគណបក្សតែមួយ តាមរយៈការធ្វើសមាជវិសាមញ្ញ នៅថ្ងៃទី២៣ ខែធ្នូ។
កាលពីចុងខែតុលា ឆ្នាំ២០១៩ ប្រធានបក្សរាជានិយមទាំងពីរ ជួបពិភាក្សាអំពីការបង្រួបបង្រួមគ្នាឱ្យក្លាយទៅជាគណបក្សតែមួយវិញ ដោយស្ថិតក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច។ ភាគីទាំងពីរ សម្រេចបង្កើតគណៈកម្មការរួមគ្នាមួយ ដែលម្ខាងៗ មានសមាសភាពចំនួនបីរូប ដើម្បីពិនិត្យលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង រួមទាំងគោលការណ៍មួយចំនួនទៀត ដើម្បីចៀសវាងកុំឱ្យមានបញ្ហាដូចលើកមុនទៀត។
នេះជាលើកទី៤ ហើយ នៃការប្រកាសធ្វើនយោបាយរួមគ្នារវាងលោក ញឹក ប៊ុនឆៃ និងព្រះអង្គម្ចាស់ រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ កន្លងទៅលោក ហ៊ុន សែន ក៏ធ្លាប់បានអន្តរាគមន៍ក្នុងការផ្សះផ្សាជម្លោះនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។