ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយចោល គឺ លោក កឹម សុខា បន្តទទួលជួបភារធារីនៃស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ។ អ្នកវិភាគនយោបាយមើលឃើញថា ការជួបសួរសុខទុក្ខពីសំណាក់អ្នកការទូតប្រទេសសេរីធំៗ នេះ មិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែជាចេតនាបង្ហាញថា រដ្ឋាភិបាលប្រទេសទាំងនោះ នៅតែ យកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះសិទ្ធិសេរីភាពរបស់មេបក្សប្រឆាំងរូបនេះ ដែលពួកគេយល់ថា ការចាប់ឃុំឃាំង និងចោទប្រកាន់កន្លងមក ជារឿងអយុត្តិធម៌ និងគ្មានមូលដ្ឋាន។
នាយខុទ្ទកាល័យរបស់លោក កឹម សុខា គឺលោក មុត ចន្ថា ឲ្យដឹងថា លទ្ធផលជំនួបរវាងលោក កឹម សុខា និងភារធារីនៃស្ថានទូតកាណាដាប្រចាំកម្ពុជា អ្នកស្រី អាលីសិន ស្ទេវ៉ាត់ (Allison Stewart) គឺផ្តោតសំខាន់លើការសួរសុខទុក្ខ និងពិភាក្សាលើការងារមួយចំនួន ដែលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោក មុត ចន្ថា សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អ្នកស្រី អាលីសិន ស្ទេវ៉ាត់ (Allison Stewart) ថ្លែងថា ប្រទេសកាណាដា នឹងនៅតែបន្តជួយ និងគាំទ្រដំណើរការប្រជាធិបតេយ្យ និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។ ភារៈធារីនៃស្ថានទូតប្រទេសកាណាដារូបនេះ បន្តថា រដ្ឋាភិបាលកាណាដា ក៏នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាព និងករណីរបស់លោក កឹម សុខា ជាពិសេស ក្នុងពេលសវនាការជំនុំជម្រះក្តីនៅពេលខាងមុខនេះ។
ក្នុងជំនួបនោះ លោក កឹម សុខា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកាណាដា ដែលបានជួយគាំទ្រ ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្វាគមន៍ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងល្អរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ដើម្បីបម្រើការពារ និងកសាងផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្មែរ។
ការទទួលជួបជាមួយអ្នកការទូតបរទេសជាបន្តបន្ទាប់គ្នានៅផ្ទះរបស់លោក ស្ថិតនៅខណ្ឌទួលគោក ក្រុងភ្នំពេញនេះ គឺបន្ទាប់ពីតុលាការរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា អនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពអាចធ្វើដំណើរបាននៅក្នុងប្រទេសបាន ប៉ុន្តែមិនឱ្យហួសពីព្រំប្រទល់ដែនរបស់កម្ពុជាឡើយ ហើយក៏មិនឲ្យលោកធ្វើសកម្មភាពនយោបាយបាននោះដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត លើកឡើងថា ករណីអ្នកការទូតប្រទេសសេរីធំៗ បណ្តាក់គ្នាទៅជួបសួរសុខតុក្ខលោក កឹម សុខា ដល់ផ្ទះនេះ គឺបង្ហាញថា ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសិទ្ធិសេរីភាពរបស់មេបក្សប្រឆាំងរូបនេះ ខណៈតុលាការកម្ពុជាគ្រោងបើកសវនាការជំនុំជម្រះនៅពាក់កណ្តាលខែមករាខាងមុខ។ លោកបន្តថា កាយវិការនេះ ក៏ជំរុញតុលាការ ដែលស្ថិតក្រោមសម្ពាធរបស់លោក ហ៊ុន សែន ឱ្យទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា ដែរ បើពុំនោះទេ រដ្ឋាភិបាលលោក ហ៊ុន សែន នឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរទាំងលើបុគ្គលជាមន្ត្រីធំៗ ផ្ទាល់ផង និងប្រទេសកម្ពុជាផង ដូចដែលអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ត្រីជំនិតរបស់លោក ហ៊ុន សែន ពីរនាក់ គឺលោកផ្កាយ៤ គន់ គីម និងក្រុមគ្រួសារ ព្រមទាំងឈ្មួញឈើដ៏ល្បីនៅស្រុកខ្មែរ គឺឧកញ៉ា ទ្រី ភាព តាមរយៈការប្រើប្រាស់ច្បាប់ Global Magnitsky Act៖ «អង្គទូតខ្លះខំមកប្រទេសថៃដោយសារខ្លះមានទីស្នាក់ការនៅទីនោះ គឺសបញ្ជាក់ថា មានការយកចិត្តទុកដាក់ខ្លាំងចំពោះកម្ពុជា ជាពិសេស អ្នកនយោបាយ ដែលត្រូវរងសម្ពាធពីគណបក្សកាន់អំណាច។ បើសិនជាការកាត់ទោសលោក កឹម សុខា នៅពេលខាងមុខ នៅតែមានភាពល្អប្រសើរ ខ្ញុំគិតថា អ្នកការទូតទាំងនេះ អាចរុញឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើគណបក្សប្រជាជនកម្ពុជា ដែលមិនបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យល្អប្រសើរឡើង » ។
ការប្រកាសបន្តតាមដានករណីលោក កឹម សុខា ពីក្រុមប្រទេសប្រធាធិបតេយ្យនេះ គឺបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចបញ្ជូនសំណុំរឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយបរទេសរបស់លោក កឹម សុខា ដែលជាសំណុំរឿងមានចរិតនយោបាយ និងធ្វើឡើងតាមការចង់បានរបស់លោក ហ៊ុន សែន ទៅជំនុំជម្រះថ្ងៃទី១៥ ខែមករា។
រហូតមកដល់ពេលនេះ មានឯកអគ្គរដ្ឋទូតបរទេសជាង ១០ហើយ ដែលបានបណ្ដាក់គ្នាចូលជួបសួរសុខទុក្ខ លោក កឹម សុខា រួមមាន ឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន អង់គ្លេស ប្រទេសស្វីស ស៊ុយអែត ហ្វាំងឡង់ បែលហ្ស៊ិក ប្រទេសណូវែលហ្សេឡង់ និងប្រទេសកាណាដានេះ។ តំណាងរដ្ឋាភិបាលនៃប្រទេសសេរីធំៗ ទាំងនេះ នៅតែជំរុញដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ ដោយការទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងជនទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ក្នុងនោះរួមមានអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល ព្រមទាំងអ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំងផងដែរ។ ប្រទេសទាំងនោះសង្កត់ធ្ងន់ថា មានតែធ្វើតាមអនុសាសន៍របស់ពួកគេនេះទេ ទើបមានប្រយោជន៍សម្រាប់កម្ពុជាទាំងវិស័យអភិបាលកិច្ច និងសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។