លោក កឹម សុខា បន្ត​ស្ងៀមស្ងាត់​ប៉ុន្តែ​មនុស្ស​ជុំវិញ​ខ្លួន​វាយ​ប្រហារ​លោក សម រង្ស៊ី រឿង​​បោះឆ្នោត

0:00 / 0:00

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​ប្រតិកម្ម ចំពោះ​ការ​រិះគន់​របស់​លោក សម រង្ស៊ី ថា លោក មិន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​៥ មិថុនា គឺជា​កំហុស​របស់​លោក កឹម សុខា​។ ទោះបី លោក កឹម សុខា រក្សា ជំហរ​ស្ងៀមស្ងាត់​ក៏ដោយ ប៉ុន្តែ មនុស្ស​ជុំវិញ​ខ្លួន​លោក កឹម សុខា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ទៅ​លោក សម រង្ស៊ី រហូត​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ទៅវិញ​ទេ​ថា ជា​អ្នកធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បែក​បាក់។

អ្នក កឹម សុខា និយម នៅ​ក្រៅ​ប្រទេស​មួយចំនួន កំពុង​បណ្ដាក់​គ្នា​វាយប្រហារ​លោក សម រង្ស៊ី តាម​ហ្វេសប៊ុក និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​។ ខណៈ លោក កឹម សុខា បន្ត​ភាព​ស្ងៀមស្ងាត់ មិនទាន់​តបត​នឹង​លោក សម រង្ស៊ី នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី​១១ ខែ​មិថុនា។

មនុស្ស​ជំនិត​លោក កឹម សុខា គឺ លោក មុត ចន្ថា ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា បាន​ក្បត់​ឆន្ទៈ​ប្រជា​ពលរដ្ឋ ដោយ​រត់ចោល​ស្មារតី​បង្រួបបង្រួម និង​បាន​បំភ័ន្ត​បំភ្លៃ​ថា បក្ស​ភ្លើងទៀន និង​បក្ស​សង្គ្រោះ​ជាតី គឺ​តែមួយ​។ អតីត​ប្រធាន​ខុទ្ទកាល័យ លោក កឹម សុខា រូប​នេះ លើកឡើង​ដូច្នេះ​តាមរយៈ​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ។ លោក​ថា លោក កឹម សុខា មិន​ទៅ​បោះឆ្នោត ព្រោះ​លោក​មិន​គាំទ្រ​គណបក្ស​នយោបាយ​ប្រកួតប្រជែង​ណាមួយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ១៧​បក្ស ។ លោក មុត ចន្ថា យល់​ថា ការ​ដែល​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​ទើប​បណ្ដាល​ឲ្យ​គណបក្ស​ភ្លើងទៀន​ចាញ់ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ យ៉ាងធ្ងន់ធ្ងរ ខុសពី​ការ​រំពឹងទុក​របស់​ក្រុម​លោក សម រង្ស៊ី។

ចំណែក​មនុស្ស​ជំនិត​លោក កឹម សុខា ម្នាក់ទៀត គឺ​លោក មាជ សុវណ្ណារ៉ា បាន​យក​អត្ថបទ​របស់​លោក មុត ចន្ថា ដែល​វាយប្រហារ​លោក សម រង្ស៊ី ទៅ​ចែកចាយ​បន្ត​លើ​ហ្វេសប៊ុក​លោក។

ចំណែក មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​គឺ​លោក ផែង ហេង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​មិនទាន់​ដឹង​ថា លោក កឹម សុខា បញ្ចេញ​ប្រតិកម្ម​បែប​ណា​ចំពោះ​លោក សម រង្ស៊ី ព្រោះ​មួយ​រយៈ​នេះ​លោក​មិន​បាន​ទៅ​ជួប​កូនក្ដី​របស់​លោក​។ អ្នកច្បាប់​រូប​នេះ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​របស់​លោក​ថា បើ​ផ្អែក​តាមច្បាប់​អ្នកនយោបាយ​ទាំង​ ១១៨​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​នោះ​ក៏​មាន​លោក កឹម សុខា ផង​ដែរ​នោះ​មិន​អាច​ទៅ​បោះឆ្នោត​បាន​ឡើយ៖ «ព្រោះ​អីយើ​ង​មើល​រដ្ឋធម្មនុញ្ញ​គេ​ថា សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត និង​សិទ្ធិ​បោះឆ្នោត ការ​ដក​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​បោះឆ្នោត​នឹង​មាន​កំណត់​ក្នុង​ច្បាប់ យើង​មើល​មក​ក្នុង​ច្បាប់​មានតែ​ច្បាប់​គណបក្ស​នយោបាយ ហើយ​គណបក្ស​នយោបាយ គាត់​សរសេរ​ថា ហាម​ធ្វើ​សកម្មភាព​នយោបាយ​ដល់ពេល​សាលដីកា​គេ​សរសេរ​តាម​ច្បាប់​ហ្នឹង អ៊ីចឹង​សម្រាប់​ខ្ញុំ​ឲ្យ​ខ្ញុំ​បកស្រាយ​ច្បាប់​ខ្ញុំ​គិត​ថា ១១៨​ហ្នឹង​ នៅតែ​អត់​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត»។

ប្រតិកម្ម​ក្រុម​និយម​លោក កឹម សុខា បែបនេះ ក្រោយ​ពេល​លោក សម រង្ស៊ី ថ្លែង​ក្នុង​វិធី​​ផ្សាយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​៩ ខែមិថុនា ថា លោក កឹម សុខា មិន​ទៅ​បោះឆ្នោត ដូច​ទៅ​នឹង​ការ​បំភ្លេច វីរភាព​របស់​អតីត​អ្នកគាំទ្រ​គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​​៥ មិថុនា កន្លង​ទៅ៖ «អ៊ីចឹង​ជា​ការ​សោកស្ដាយ ខ្ញុំ​សង្ឃឹមថា គាត់​ (​ លោក កឹម សុខា​ ) ថា ភ្លើងទៀន គ្រាន់បើ​ឆ្ងាយ គ្រាន់​បើ​ជាង​គណបក្ស​ប្រជាជន​ឆ្ងាយ​ណាស់ ជ្រើសរើស​ថា ប្រជាជន​ដូច​ភ្លើងទៀន ភ្លើងទៀន ដូច​ប្រជាជន​ខុស​ធ្ងន់​ណាស់​បាទ ខ្ញុំ​សូម​បញ្ចប់​ត្រឹមតែ​ប៉ុណ្ណឹង​ចុះ​នេះ​ជា​ការ​កត់សម្គាល់​មិនមែន​ជា​ការ​ស្ដីបន្ទោស​ទេ»។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់​ថា ករណី​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត និង​ករណី​លោក សម រង្ស៊ី រិះគន់ លោក កឹម សុខា ពី​រឿង​មិន​ទៅ​បោះឆ្នោត​នេះ គឺ​អ្នកនយោបាយ​ជាន់ខ្ពស់​ទាំងពីរ​នេះ មាន​ហេតុផល​រៀងៗ ​ខ្លួន​។ ទោះ​បែប​នេះ លោក​យល់​ថា ប្រសិន​ការ​ប្រឈម​ដាក់គ្នា​របស់​អ្នក​ទាំង​កាន់តែ​ខ្លាំង​ថែមទៀត ដែល​អាច​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​មើលឃើញ​ថា លោក កឹម សុខា និង​លោក សម រង្ស៊ី ដើរ​ដល់​ផ្លូវ បំបែក គឺ​គណបក្សកាន់អំណាច​អាច​នឹង​បន្ធូរបន្ថយ​ការ​ដាក់​បន្ទុក​លើ លោក កឹម សុខា បាន​ខ្លះ​៖ «លោក កឹម សុខា គាត់​ធ្វើ​ហ្នឹង​គាត់​ក៏​មាន​ហេតុផល​តាម​គោលការណ៍​ច្បាប់​ការ​ធ្វើ​ពហិការ​ ដើម្បី​ទាមទារ​រក​ភាព​យុត្តិធម៌​របស់​គាត់​ដែរ ហើយ​លោក សម រង្ស៊ី ហ្នឹង​មាន​ហេតុផល​មួយ​របស់​គាត់​ដែរ បើសិន​លោក កឹម សុខា គាត់​ទៅ​ជួយ​គាំទ្រ ប៉ុន្តែ​គាត់​មិន​ទៅ​ទេ ទុក​ឲ្យ​អ្នកគាំទ្រ​គាត់​ទៅ ក៏​ជា​យន្តការ​មួយ​ឲ្យ​គណបក្ស​ភ្លើងទៀន​ឡើង​ប្រជាប្រិយភាព»។

ទាក់ទង​ការ​យល់​ឃើញ​របស់​អ្នកឃ្លាំមើល​នយោបាយ​បែបនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន បាន​ទេ​ នៅ​ថ្ងៃទី​១១ ខែ​មិថុនា​។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​លើកឡើង​ជាច្រើន​ដង​ថា រដ្ឋាភិបាល​នឹង​មិន​លូកដៃ​ចូល​កិច្ចការ​តុលាការ​ទេ​។ ទោះ​បី​យ៉ាងណា លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហើយ​ថា លោក​មិន​ជំទាស់​នឹង​លោក កឹម សុខា សុំ​តុលាការ​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺ ហើយ​ថា លោក កឹម សុខា​ចេះ​ឆ្លៀតពេល​ចំណេញ​នយោបាយ ពេល​បុណ្យសព​របស់​បងប្រុស​លោក។

លោក ឯម សុវណ្ណារ៉ា បន្ត​ទៀត​ថា នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ លោក កឹម សុខា អាច​នឹង​បញ្ចេញ​ប្រតិកម្ម​ទៅ​លោក សម រង្ស៊ី វិញ​ដើម្បី​បញ្ជាក់​ជំហរ​របស់​ខ្លួន​។ លោក​យល់​ថា សារ​របស់​លោក កឹម សុខា អាច​នឹង​ធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ក្នុង​វាយប្រហារ​លើ​លោក សម រង្ស៊ី៖ «ខ្ញុំ​គិតថា សារ​ដែល​គាត់​ (​ លោក កឹម សុខា ) អាច​ទាញ​ទៅ​ចំណេញ​គាត់​គួរតែ​ប្រើ​យន្តការ​មួយ​ចំនួន ឬក៏​ឈរ​លើ​ស្មារតី​ប្រជាធិបតេយ្យ ប៉ុន្តែ​ដើម្បី​ឲ្យ​គណបក្ស​កាន់អំណាច ​គេ​បន្ធូរបន្ថយ​ទៅ គាត់​បាន​លុះត្រាតែ នៅ​ក្នុង​ខ្លឹមសារ​នោះ​វាយ​ប្រហារ​ទៅ លោក សម រង្ស៊ី ប៉ុន្តែ​បើ​វាយប្រហារ​ខ្លាំងពេក ហើយ​ពុំ​មាន​ហេតុផល ​ឬ​សំអាង​ពិត​ប្រាកដ ខ្ញុំ​គិត​គាត់​អាច​ខាតបង់។ ប៉ុន្តែ​យន្តការ​នេះ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង អ៊ីចឹង​បាន​គាត់​មិន​ប្រតិកម្ម​ទៅ​ភ្លាមៗ​ ទេ​បាទ»។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ចេញ​ពី​សម្ព័ន្ធភាព​នយោ​បាយ​រវាង​លោក សម រង្ស៊ី គណបក្ស សម រង្ស៊ី និង​លោក កឹម សុខា គណបក្ស​សិទ្ធិមនុស្ស មិនទាន់​អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​វិញ​បាន​នៅ​ឡើយ​ទេ ក្រោយ​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​សំណុំរឿង​ក្បត់ជាតិ លោក កឹម សុខា។ មុន​ការ​បោះឆ្នោត​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ​នេះ ប្រមាណ​ ៣​ខែ ក្រុម​និយម​លោក សម រង្ស៊ី បាន​យក​គណបក្ស​ភ្លើងទៀន ដែល​ជា​អតីត​គណបក្ស សម រង្ស៊ី មក​ចូលរួម​ប្រកួតប្រជែង និង​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ២០% ពី​ការ​បោះឆ្នោត ទោះបី​មាន​ការ​គំរាមកំហែង គាបសង្កត់​និង​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព​លើ​សកម្មជន​បក្ស​ភ្លើងទៀន​ក៏ដោយ​។ លោក សម ង្ស៊ី ថា លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នេះ បង្ហាញថា ការដឹកនាំ​របៀប​ឯក​បក្ស​របស់​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​បញ្ចប់ ហើយ​គណបក្ស​ភ្លើង​ទៀន​​មាន​ឱកាស ឈ្នះ​ឆ្នោត​ទទួល​បាន​អាសនៈ​រដ្ឋសភា​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។