លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមិនទាន់ប្រតិកម្ម ចំពោះការរិះគន់របស់លោក សម រង្ស៊ី ថា លោក មិនទៅបោះឆ្នោតកាលពីថ្ងៃទី៥ មិថុនា គឺជាកំហុសរបស់លោក កឹម សុខា។ ទោះបី លោក កឹម សុខា រក្សា ជំហរស្ងៀមស្ងាត់ក៏ដោយ ប៉ុន្តែ មនុស្សជុំវិញខ្លួនលោក កឹម សុខា បានបញ្ចេញប្រតិកម្មខ្លាំងៗទៅលោក សម រង្ស៊ី រហូតចោទប្រកាន់ថា លោក សម រង្ស៊ី ទៅវិញទេថា ជាអ្នកធ្វើឲ្យគណបក្សសង្គ្រោះជាតិបែកបាក់។
អ្នក កឹម សុខា និយម នៅក្រៅប្រទេសមួយចំនួន កំពុងបណ្ដាក់គ្នាវាយប្រហារលោក សម រង្ស៊ី តាមហ្វេសប៊ុក និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ខណៈ លោក កឹម សុខា បន្តភាពស្ងៀមស្ងាត់ មិនទាន់តបតនឹងលោក សម រង្ស៊ី នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១១ ខែមិថុនា។
មនុស្សជំនិតលោក កឹម សុខា គឺ លោក មុត ចន្ថា ចោទប្រកាន់លោក សម រង្ស៊ី ថា បានក្បត់ឆន្ទៈប្រជាពលរដ្ឋ ដោយរត់ចោលស្មារតីបង្រួបបង្រួម និងបានបំភ័ន្តបំភ្លៃថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតី គឺតែមួយ។ អតីតប្រធានខុទ្ទកាល័យ លោក កឹម សុខា រូបនេះ លើកឡើងដូច្នេះតាមរយៈការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែមិថុនា ។ លោកថា លោក កឹម សុខា មិនទៅបោះឆ្នោត ព្រោះលោកមិនគាំទ្រគណបក្សនយោបាយប្រកួតប្រជែងណាមួយក្នុងចំណោមគណបក្សនយោបាយទាំង ១៧បក្ស ។ លោក មុត ចន្ថា យល់ថា ការដែលលោក កឹម សុខា មិនទៅបោះឆ្នោតទើបបណ្ដាលឲ្យគណបក្សភ្លើងទៀនចាញ់ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ យ៉ាងធ្ងន់ធ្ងរ ខុសពីការរំពឹងទុករបស់ក្រុមលោក សម រង្ស៊ី។
ចំណែកមនុស្សជំនិតលោក កឹម សុខា ម្នាក់ទៀត គឺលោក មាជ សុវណ្ណារ៉ា បានយកអត្ថបទរបស់លោក មុត ចន្ថា ដែលវាយប្រហារលោក សម រង្ស៊ី ទៅចែកចាយបន្តលើហ្វេសប៊ុកលោក។
ចំណែក មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់គឺលោក ផែង ហេង ឲ្យវិទ្យុអាស៊ីសេរីដឹងថា លោកមិនទាន់ដឹងថា លោក កឹម សុខា បញ្ចេញប្រតិកម្មបែបណាចំពោះលោក សម រង្ស៊ី ព្រោះមួយរយៈនេះលោកមិនបានទៅជួបកូនក្ដីរបស់លោក។ អ្នកច្បាប់រូបនេះ បានបញ្ចេញទស្សនៈផ្ទាល់របស់លោកថា បើផ្អែកតាមច្បាប់អ្នកនយោបាយទាំង ១១៨រូប នៃគណបក្សសង្គ្រោះជាតិ ដែលក្នុងនោះក៏មានលោក កឹម សុខា ផងដែរនោះមិនអាចទៅបោះឆ្នោតបានឡើយ៖ «ព្រោះអីយើងមើលរដ្ឋធម្មនុញ្ញគេថា សិទ្ធិឈរឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោត ការដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរបោះឆ្នោតនឹងមានកំណត់ក្នុងច្បាប់ យើងមើលមកក្នុងច្បាប់មានតែច្បាប់គណបក្សនយោបាយ ហើយគណបក្សនយោបាយ គាត់សរសេរថា ហាមធ្វើសកម្មភាពនយោបាយដល់ពេលសាលដីកាគេសរសេរតាមច្បាប់ហ្នឹង អ៊ីចឹងសម្រាប់ខ្ញុំឲ្យខ្ញុំបកស្រាយច្បាប់ខ្ញុំគិតថា ១១៨ហ្នឹង នៅតែអត់មានសិទ្ធិទៅបោះឆ្នោត»។
ប្រតិកម្មក្រុមនិយមលោក កឹម សុខា បែបនេះ ក្រោយពេលលោក សម រង្ស៊ី ថ្លែងក្នុងវិធីផ្សាយវិទ្យុអាស៊ីសេរីកាលពីថ្ងៃ៩ ខែមិថុនា ថា លោក កឹម សុខា មិនទៅបោះឆ្នោត ដូចទៅនឹងការបំភ្លេច វីរភាពរបស់អតីតអ្នកគាំទ្រគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ ដែលបាននាំគ្នាទៅបោះឆ្នោតឲ្យគណបក្សភ្លើងទៀន កាលពីថ្ងៃទី៥ មិថុនា កន្លងទៅ៖ «អ៊ីចឹងជាការសោកស្ដាយ ខ្ញុំសង្ឃឹមថា គាត់ ( លោក កឹម សុខា ) ថា ភ្លើងទៀន គ្រាន់បើឆ្ងាយ គ្រាន់បើជាងគណបក្សប្រជាជនឆ្ងាយណាស់ ជ្រើសរើសថា ប្រជាជនដូចភ្លើងទៀន ភ្លើងទៀន ដូចប្រជាជនខុសធ្ងន់ណាស់បាទ ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងចុះនេះជាការកត់សម្គាល់មិនមែនជាការស្ដីបន្ទោសទេ»។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា ករណីលោក កឹម សុខា មិនទៅបោះឆ្នោត និងករណីលោក សម រង្ស៊ី រិះគន់ លោក កឹម សុខា ពីរឿងមិនទៅបោះឆ្នោតនេះ គឺអ្នកនយោបាយជាន់ខ្ពស់ទាំងពីរនេះ មានហេតុផលរៀងៗ ខ្លួន។ ទោះបែបនេះ លោកយល់ថា ប្រសិនការប្រឈមដាក់គ្នារបស់អ្នកទាំងកាន់តែខ្លាំងថែមទៀត ដែលអាចធ្វើឲ្យគណបក្សកាន់អំណាចមើលឃើញថា លោក កឹម សុខា និងលោក សម រង្ស៊ី ដើរដល់ផ្លូវ បំបែក គឺគណបក្សកាន់អំណាចអាចនឹងបន្ធូរបន្ថយការដាក់បន្ទុកលើ លោក កឹម សុខា បានខ្លះ៖ «លោក កឹម សុខា គាត់ធ្វើហ្នឹងគាត់ក៏មានហេតុផលតាមគោលការណ៍ច្បាប់ការធ្វើពហិការ ដើម្បីទាមទាររកភាពយុត្តិធម៌របស់គាត់ដែរ ហើយលោក សម រង្ស៊ី ហ្នឹងមានហេតុផលមួយរបស់គាត់ដែរ បើសិនលោក កឹម សុខា គាត់ទៅជួយគាំទ្រ ប៉ុន្តែគាត់មិនទៅទេ ទុកឲ្យអ្នកគាំទ្រគាត់ទៅ ក៏ជាយន្តការមួយឲ្យគណបក្សភ្លើងទៀនឡើងប្រជាប្រិយភាព»។
ទាក់ទងការយល់ឃើញរបស់អ្នកឃ្លាំមើលនយោបាយបែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំឆ្លើយតបពីអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានទេ នៅថ្ងៃទី១១ ខែមិថុនា។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់លើកឡើងជាច្រើនដងថា រដ្ឋាភិបាលនឹងមិនលូកដៃចូលកិច្ចការតុលាការទេ។ ទោះបីយ៉ាងណា លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានបង្ហើយថា លោកមិនជំទាស់នឹងលោក កឹម សុខា សុំតុលាការចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ ហើយថា លោក កឹម សុខាចេះឆ្លៀតពេលចំណេញនយោបាយ ពេលបុណ្យសពរបស់បងប្រុសលោក។
លោក ឯម សុវណ្ណារ៉ា បន្តទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោក កឹម សុខា អាចនឹងបញ្ចេញប្រតិកម្មទៅលោក សម រង្ស៊ី វិញដើម្បីបញ្ជាក់ជំហររបស់ខ្លួន។ លោកយល់ថា សាររបស់លោក កឹម សុខា អាចនឹងធ្វើដោយប្រយ័ត្នប្រយែងក្នុងវាយប្រហារលើលោក សម រង្ស៊ី៖ «ខ្ញុំគិតថា សារដែលគាត់ ( លោក កឹម សុខា ) អាចទាញទៅចំណេញគាត់គួរតែប្រើយន្តការមួយចំនួន ឬក៏ឈរលើស្មារតីប្រជាធិបតេយ្យ ប៉ុន្តែដើម្បីឲ្យគណបក្សកាន់អំណាច គេបន្ធូរបន្ថយទៅ គាត់បានលុះត្រាតែ នៅក្នុងខ្លឹមសារនោះវាយប្រហារទៅ លោក សម រង្ស៊ី ប៉ុន្តែបើវាយប្រហារខ្លាំងពេក ហើយពុំមានហេតុផល ឬសំអាងពិតប្រាកដ ខ្ញុំគិតគាត់អាចខាតបង់។ ប៉ុន្តែយន្តការនេះត្រូវមានការប្រយ័ត្នប្រយែង អ៊ីចឹងបានគាត់មិនប្រតិកម្មទៅភ្លាមៗ ទេបាទ»។
គណបក្សសង្គ្រោះជាតិដែលកើតចេញពីសម្ព័ន្ធភាពនយោបាយរវាងលោក សម រង្ស៊ី គណបក្ស សម រង្ស៊ី និងលោក កឹម សុខា គណបក្សសិទ្ធិមនុស្ស មិនទាន់អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតវិញបាននៅឡើយទេ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន សែន រំលាយចោលកាលពីឆ្នាំ២០១៧ ពាក់ព័ន្ធសំណុំរឿងក្បត់ជាតិ លោក កឹម សុខា។ មុនការបោះឆ្នោតបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះ ប្រមាណ ៣ខែ ក្រុមនិយមលោក សម រង្ស៊ី បានយកគណបក្សភ្លើងទៀន ដែលជាអតីតគណបក្ស សម រង្ស៊ី មកចូលរួមប្រកួតប្រជែង និងទទួលបានសំឡេងគាំទ្រជាង ២០% ពីការបោះឆ្នោត ទោះបីមានការគំរាមកំហែង គាបសង្កត់និងទុក្ខបុកម្នេញគ្រប់រូបភាពលើសកម្មជនបក្សភ្លើងទៀនក៏ដោយ។ លោក សម ង្ស៊ី ថា លទ្ធផលបោះឆ្នោតឃុំសង្កាត់នេះ បង្ហាញថា ការដឹកនាំរបៀបឯកបក្សរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ត្រូវបានពលរដ្ឋបោះឆ្នោតបញ្ចប់ ហើយគណបក្សភ្លើងទៀនមានឱកាស ឈ្នះឆ្នោតទទួលបានអាសនៈរដ្ឋសភាក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
