លោក កឹម សុខា ថា កងកម្លាំងស៊ីវិលដែលតាមដានឃ្លាំមើលធ្វើឱ្យពលរដ្ឋខ្លាចនិងបង្កការបារម្ភ
2020.11.29
ប្រធានបក្សប្រឆាំងលោក កឹម សុខា អះអាងថា កម្លាំងសមត្ថកិច្ចដែលមិនស្លៀកពាក់ឯកសណ្ឋាន មានទាំងជិះម៉ូតូ និងជិះឡាន បានតាមដានលោក និងតាមថតសកម្មភាពរបស់លោក ស្ទើរតែនៅគ្រប់ខេត្តនៃភាគឦសាន។ ប៉ុន្តែអ្នកនាំពាក្យនគរបាលឆ្លើយតបវិញថា បើមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលតាមដានមែននោះ គឺមិនបង្ហាញឱ្យលោក កឹម សុខា ដឹងខ្លួននោះទេ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យដឹងលើហ្វេសប៊ុកនៅថ្ងៃទី២៨ វិច្ឆិកាថា ក្នុងពេលលោកចុះមូលដ្ឋានក្នុងទឹកដីភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរយៈពេលពីរយប់ បីថ្ងៃ អាជ្ញាធរមូលដ្ឋានខ្លះបានផ្ដល់កិច្ចសហការឱ្យពលរដ្ឋបានជួប និងទទួលជំនួយសប្បុរសធម៌ពីលោក។ ក៏ប៉ុន្តែ លោកថា មានអាជ្ញាធរខ្លះមិនបានសហការល្អនោះទេ ដោយតម្រូវឱ្យលោកសុំច្បាប់ទៅថ្នាក់លើរបស់ពួកគេ។
លោកបន្តទៀតថា នៅកន្លែងខ្លះអាជ្ញាធរមានសមត្ថកិច្ចដែលមានឯកសណ្ឋានត្រឹមត្រូវ បានមកជួយការពារ និងរៀបចំសណ្ដាប់ធ្នាប់ រហូតដល់ជួយលើកជំនួយជូនពលរដ្ឋចាស់ជរា ស្ត្រី ឬកុមារទៀតផង។ ទោះជាយ៉ាងណា លោកថា មានកម្លាំងស្លៀកពាក់ស៊ីវិលជាច្រើននាក់បានតាមជិះម៉ូតូឡានតាមដាន និងតាមថតសកម្មភាពរបស់លោកស្ទើរគ្រប់កន្លែង ដែលធ្វើឱ្យពលរដ្ឋព្រួយបារម្ភ និងភ័យខ្លាច មិនដឹងថា ជាមនុស្សល្អ ឬអាក្រក់នោះឡើយ។
ទាក់ទងការលើកឡើងនេះ អាស៊ីសេរីបានសុំការបំភ្លឺពីអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន តែលោកប្រាប់ថា ជាប់រវល់៖ «ខ្ញុំជាប់មានភ្ញៀវបងសុំអធ្យាស្រ័យបង»។
អាស៊ីសេរីក៏ព្យាយាមសុំការបំភ្លឺពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តរតនគិរី លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ប៉ុន្តែពេលទូរស័ព្ទចូលគ្មានអ្នកទទួលនៅថ្ងៃទី២៨ ខែវិច្ឆិកា។
ចំណែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន យល់ថា មនុស្សដែលតាមសកម្មភាពលោក កឹម សុខា នោះ អាចជាអ្នកគាំទ្រលោក កឹម សុខា។ លោកអះអាងថា ប្រសិនបើសមត្ថកិច្ចស្លៀកពាក់ជាស៊ីវិល គឺបន្លំខ្លួនមិនឱ្យលោក កឹម សុខា ដឹងខ្លួននោះទេ៖ «គេតាមថតតាមអីចឹងគេតាមគាំទ្រគាត់ (លោក កឹម សុខា) តាមខ្ញុំយល់ អត់ត្រូវភ័យអីសោះ រឿងកម្លាំងស៊ីវិលអីខ្ញុំអត់ឆ្លើយទេសំនួរហ្នឹង គេស៊ីវិលហ្នឹងគេសមត្ថកិច្ចត្រង់ចំណុចណា? សួរថា លោក កឹម សុខា គាត់ស្គាល់សមាជិកដែលគាំទ្រគាត់អស់អត់?»។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ និងបន្តឃុំខ្លួនក្នុងផ្ទះក្រោយ ក្រោមបទចោទក្បត់ជាតិកាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យតាមផ្លូវតុលាការដោយអនុញ្ញាតឱ្យលោកធ្វើដំណើរក្នុងប្រទេសតែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ ទោះយ៉ាងណា ប្រធានគណបក្សប្រឆាំងរូបនេះទើបធ្វើសកម្មភាពតាមបណ្ដាខេត្តញឹកញាប់កាលពីខែកក្កដា ឆ្នាំ២០២០។
ជាញឹកញាប់មេធាវី និងមន្ត្រីលោក កឹម សុខា ដែលចុះមូលដ្ឋានជាមួយលោក កឹម សុខា តែងត្អូញត្អែរថា សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននៅតែបន្តឃ្លាំមើលរាល់សកម្មភាពលោក កឹម សុខា។ តែទោះយ៉ាងណា លោក ឆាយ គឹម ខឿន និយាយថា ជាតួនាទីរបស់សមត្ថកិច្ចក្នុងកិច្ចការពារភូមិឃុំមានសុវត្ថិភាពហើយបើលោក កឹម សុខា ជាមនុស្សស្អាតស្អំមិនគួរខ្លាចវត្តមានសមត្ថកិច្ចឡើយ។
សាលាដំបូងរាជធានី ភ្នំពេញបានផ្អាកសវនាការលោក កឹម សុខា អស់រយៈពេលជាង ១០ខែមកហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩។ សហមេធាវីបានស្នើតុលាការបន្តសវនាការលោក កឹម សុខា ឡើងវិញពីរដងមកហើយ ប៉ុន្តែតុលាការមិនទាន់បើកការជំនុំជម្រះវិញនៅឡើយទេ គិតត្រឹមចុងខែវិច្ឆិកានេះ ទោះជាស្ថានការណ៍កូវីដ-១៩ បានធូរស្រាលជាងមុនយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។