លោក កឹម សុខា ជាប់​ឃុំ​​នៅ​ក្នុង​ផ្ទះ​២ឆ្នាំ​ហើយ តែ​​សាលាឧទ្ធរណ៍​មិន​ទាន់​ជម្រះ​ក្តី

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​រយៈពេល​២ឆ្នាំមក​ហើយ គិត​ត្រឹម​ថ្ងៃទី៣ មីនា នេះ ខណៈ​សាលាឧទ្ធរណ៍​ភ្នំពេញ​មិនទាន់​បន្ត​នីតិវិធី​រឿង​ក្តី​ដែល​លោក​ប្ដឹង​ជំទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ឡើយ។ មេធាវី និង​មន្រ្តី​សិទ្ធិមនុស្ស​ចង់​ឃើញ​សាលាឧទ្ធរណ៍​ភ្នំពេញ​កាត់ក្តី​ ដោយ​ឯករាជ្យ​ពី​រឿង​នយោបាយ និង​ប្រគល់​សេរីភាព​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះជាតិលោក កឹម សុខា ឱ្យ​ជាប់​ឃុំ​ក្នុងផ្ទះ​រយៈពេល​២៧ឆ្នាំ កាល​ពី​ថ្ងៃ​ទី៣ មីនា ឆ្នាំ២០២៣។ ប៉ុន្តែ​ក្តីក្តាំ​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​ថា​ជា​រឿង​នយោបាយ​នេះ ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ​អូស​បន្លាយ​នីតិវិធី​រហូត​ដល់​សព្វថ្ងៃ។

មេធាវី​បន្ត​អះអាង​ថា លោក កឹម សុខា ជា​អ្នកនយោបាយ​ស្អាតស្អំ

សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ផែង ហេង ប្រាប់​វិទ្យុអាស៊ីសេរី ​នៅ​ថ្ងៃ​ទី៣ ខែ​មីនា ថា បច្ចុប្បន្ន​លោក កឹម សុខា មាន​វ័យ​កាន់តែ​ចាស់ មាន​ជំងឺ​ប្រចាំកាយ រង​សម្ពាធ​ផ្លូវចិត្ត ហើយ​អំឡុង​ពេល​គាត់​ជាប់ឃុំ​នៅក្នុង​ផ្ទះ​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ​ដែរ កូន​ក្តី​របស់​លោក​ពុំ​មាន​សិទ្ធិ​សេរីភាព​ដើរហើរ​សូម្បីតែ​ទៅ​សួរសុខទុក្ខ ឬ​ទៅ​មើល​ថែ​ម្តាយ​បង្កើត​ដែល​មាន​វ័យ​ចាស់​ជរា​ឈឺ​បាត់បង់​ស្មារតី។ លោក​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​ជា​អ្នកនយោបាយ​ស្អាតស្អំ ដោយ​មិន​បាន​ឃុបឃិត​គ្នា​ជាមួយ​បរទេស​ផ្ដួលរំលំ​រដ្ឋាភិបាល​ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក ផែង ហេងសង្ឃឹម​ថាសាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ក្តី​នៅពេល​ខាងមុខ​ដោយ​យុត្តិធម៌ ដើម្បី​ឱ្យ​កូន​ក្តី​របស់​លោក​រួចផុត​ពី​ការ​ចោទ​ប្រកាន់ និង​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ។

លោក ផែង ហេង៖«គាត់​(កឹម សុខា)​នៅតែ​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ នេះ​យើង​គិត​រយៈពេល​២ឆ្នាំ​ ដែល​​តុលាការ​ផ្ដន្ទាទោស ចុះ​មុន​ថ្ងៃ​ផ្ដន្ទាទោស និង​ថ្ងៃ​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម៣ បន្ទាប់មក​ដាក់​ឃុំ​នៅ​ផ្ទះ​ទៀត ហើយ​ទំរាំ​មាន​សវនាការ ហើយ​សេរីភាព​ត្រូវ​បាន​រឹតត្បិត​ឱ្យ​នៅក្នុង​ផ្ទះ​ទៀត នេះ​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព និង​សិទ្ធិមនុស្ស​របស់​គាត់(កឹម សុខា)»។

សំណុំរឿង​របស់​លោក កឹម សុខា ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ពុំ​មាន​ការវិវត្តន៍​អ្វី​ជា​ដុំកំភួន​

ងាក​មក​មើល​ដំណើរការ​ក្តីក្តាំ​របស់​លោក កឹម សុខា នៅ​តុលាការ​វិញ លោក ផែង ហេង ឱ្យ​ដឹង​ថា សំណុំរឿង​កូន​ក្តី​របស់​លោក​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ពុំ​មាន​ការវិវត្តន៍​អ្វី​ជា​ដុំកំភួន​នោះ​ទេចាប់តាំង​ពី​សាលាឧទ្ធរណ៍​នេះ​ផ្ញើ​លិខិត​ទៅ​ក្រុម​មេធាវី​តាំង​ពី​ខែធ្នូ​ឆ្នាំ២០២៤ ថា តុលាការ​នឹង​ដាក់​កម្មវិធី​សវនាការ​លើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​នៅ​ពេល​ឆាប់ៗ​នោះ។ លោក ផែង ហេង បញ្ជាក់​ថ ​ថ្វីត្បិត​តុលាការ​មាន ឆន្ទានុសិទ្ធិ ក្តី បើ​តាម ច្បាប់​ជាតិ និង​អន្តរជាតិ​ភាព​យឺតយ៉ាវ​ក្នុង​ការ ស្វែងរក​យុត្តិធម៌​ជូន​ជន​ណា​ម្នាក់​ស្មើ​នឹង​ការ​បដិសេធ​ការ​ផ្ដល់​យុត្តិធម៌ និង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​នោះ។

លោក ផែង ហេង៖«នៅក្នុង​នីតិវិធី​មេធាវី មាន​សិទ្ធិ​ដាស់​តឿន និង​តាម​សំណុំ​រឿង​តែ​ប៉ុណ្ណឹង យើង​អត់​មាន​សិទ្ធិ​ថា​សម្រេច​ដាក់​សវនាការ​នៅ​ថ្ងៃនេះ​នៅ​ថ្ងៃ​នោះ​ឱ្យ​យើង​ទេ ហើយ​រឿង​នេះ​គេ(តុលាការ)​គិត​អាស្រ័យ​ទៅលើ​ចៅក្រម​មាន​សុភវិនិច្ឆ័យ​របៀប​ម៉េច ហើយ​(តុលាការ)​មាន​ចិត្ត​មនុស្សធម៌​របៀប​ម៉េច មាន​គោលបំណង​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ឱ្យ​គាត់(កឹម សុខា)របៀប​ម៉េច»។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ឃុន លាងម៉េង មិន​ទាន់​ឆ្លើយតប​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅឡើយ​ទេ គិតត្រឹម​ម៉ោង​ផ្សាយ​នេះ។

កន្លងមក​នៅក្នុង​អង្គ​សវនាការ លោក កឹម សុខា ធ្លាប់​ប្រកាស​ជំហរ​ថា លោក​បន្ត​ជ្រើសរើស​រក​ដំណោះស្រាយ តាមរយៈ​ការ​ចរចា​គ្នា បើទោះបី​តុលាការ​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ថា មិន​ឯករាជ្យ​ក្ដី។ លោក​ក៏​បាន​បញ្ជាក់​ថា លោក​ពុំ​មែន​ក្បត់ជាតិ​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

អត្ថបទ​ដែល​ទាក់ទង៖

តុលាការ​កាត់​ទោស​លោក កឹម សុខា ឲ្យ​ជាប់ឃុំក្នុងផ្ទះ២៧​ឆ្នាំ​ពី​បទ​ក្បត់ជាតិOpens in new window ]

សហ​មេធាវី​លោក កឹម សុខា ទទូច​ឱ្យ​សាលាឧទ្ធរណ៍​កំណត់​ថ្ងៃ​បន្ត​នីតិវិធី​ឱ្យ​បាន​ឆាប់ ក្រោយ​ពន្យារ​ពេល​ប្រមាណ ៤​ខែOpens in new window ]

តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា ដែល​សុំ​ឱ្យ​បើក​សេរីភាព​ខ្លះ​ជួប​ជុំ​គ្រួសារ​​ពេល​បុណ្យ​ចូល​ឆ្នាំOpens in new window ]

សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន​៨​នាក់​ដោយ​គ្មាន​ដីកា​ចាប់​ខ្លួនOpens in new window ]

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​តាម​ឃ្លាំមើល​ករណី​នេះ​មើល​ឃើញ​ថា បន្ទាប់​ពី​សវនាការ​ចំនួន ១២លើក រឿង​ក្តី​លោក កឹម សុខា ដល់​ដំណាក់កាល​នៃ​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ភាគី​អយ្យការ និង​មេធាវី ប៉ុន្តែ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ប្រកាស​ពន្យារពេល​ជា​បន្តបន្ទាប់ ដែល​មតិ​ជាតិ​និង​អន្តរជាតិ​យល់​ថា ជា​ការដាក់​សម្ពាធ​ផ្លូវចិត្ត និង​រឹតត្បិត​លើ​សិទ្ធិ​នយោបាយ​លោក កឹម សុខា ដែល​ជា​មេបក្ស​ប្រឆាំង។ លោក​យល់​ថា ការ​ឃុំខ្លួន និង​ការ​អូស​បន្លាយ​ពេល​ក្នុង​សំណុំរឿង​លោក កឹម សុខា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច្នេះ​លោក​ចង់​ឃើញ​អ្នក​យោបាយ​ទាំងអស់​ងាក​មក​ជជែកគ្នា​ឡើងវិញ​ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​រួម។

លោក យី សុខសាន្ត៖«ចំណុច​នេះ​យើង​គិត​ថា​នៅពេល​អ្នកនយោបាយ​ត្រូវ​បាន​តុលាការ​យក​មក​ធ្វើ​តាម​ផ្លូវច្បាប់ គឺ​វា​មិន​អាច​ស្រុះស្រួល​ហ្នឹង​គ្នា​បាន​ទេ។ យើង​ស្នើ​សុំ​ថា​បើ​រក​កំហុស​មេបក្ស​ប្រឆាំង​មិន​ឃើញ​ទេ(តុលាការ)គួរ​ដោះលែង​ឱ្យ​គាត់​មាន​សេរីភាព​វិញ​ទៅ​បាទ»។

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក កឹម សុខា កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ​២០១៧។ សាលាដំបូង​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី០៣ ខែមីនា ឆ្នាំ២០២៣ បាន ​ផ្ដន្ទាទោស​លោក កឹម សុខា វ័យ៧០ឆ្នាំ​ឱ្យ​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល​២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទប្រកាន់​តាំង​ពី​ឆ្នាំ២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើកលែងតែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

សាលាឧទ្ធរណ៍​ភ្នំពេញ​បន្ត​ពន្យារពេល​សំណុំ​រឿង​លោក កឹម សុខា ដោយគ្មាន​មូលហេតុ

លោក កឹម សុខា តាមរយៈ​ក្រុមមេធាវី​របស់​លោក បាន​បន្ត​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ ជំទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ។ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ជាង​១០លើក ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០២៤។ លុះដល់​វគ្គ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា សាលាឧទ្ធរណ៍ បាន​សម្រេច ផ្អាក​រហូត​មក​ដល់​ពេល​នេះ។ សាលាឧទ្ធរណ៍​មិនទាន់​ពន្យល់​មូលហេតុ​ច្បាស់លាស់​ចំពោះ​ការ​ផ្អាក​សវនាការ​ជាច្រើន​ខែ​មកនេះ​នៅឡើយ។

ទោះ​បី​ជា​យ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា សំណុំរឿង​ប្រធាន គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ប្រគល់​សេរីភាព​ពេញលេញ​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។