ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មាន​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2020-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។
លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។
Photo courtesy of his Facebook

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មាន​វិធានការ​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន។ គម្រោង​នៃ​ការ​ទាមទារ​នេះ ក្រោយ​ពួក​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ទាន់​វិល​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដូច​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ។

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ចង់​ឃើញ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​មាន​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​នេះ ដូច​ជា ការ​ធ្វើ​ច្បាប់​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ហាម​មិន​ឲ្យ​មន្ត្រី ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដាក់​បញ្ចូល​បញ្ជី​ខ្មៅ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា និយាយ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​សម្បូរ​មន្ត្រី​ពុក​រលួយ​ជា​ច្រើន​បាន​លួច​លុយ​ជាតិ​យក​ទៅ​លាក់​ទុក ឬ​រក​ស៊ី​នៅ​ក្រៅ​ប្រទេស។

លោក ហៃ វណ្ណា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​របស់​លោក​កំពុង​ធ្វើ​ការងារ​ការ​ទូត​ស្នើ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ឬ​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន៖ «យើង​នឹង​បន្ត​ធ្វើ​ការងារ​ការ​ទូត​ស្នើ​ទៅ ជាពិសេស សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​អង់គ្លេស ដើម្បី​គាប​ទៅ​លោក ហ៊ុន សែន រើ​ខ្លួន​លែង​រួច»

លោក ហៃ វណ្ណា ឲ្យ​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​បណ្ដា​ប្រទេស​នានា មាន​វិធានការ​លើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ហ៊ុន សែន បូក​ផ្សំ​ទាំង​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា​ផង​នោះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​តាម​គន្លង​ផ្លូវ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ។

ទាក់ទង​ការ​គម្រោង​របស់​យុវជន​នៅ​ប្រទេស​ជប៉ុន​បែប​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​ប្រតិកម្ម​តប​ពី​អ្នក​នាំ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ទី១៦ ខែ​កុម្ភៈ។ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ហៅ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​របស់​ពលករ​ខ្មែរ​នៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ថា ជា​សកម្មភាព​ក្រុម​ឧទ្ទាម​ក្រៅ​ប្រទេស​ដែល​ចង់​បំផ្លាញ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់ថា ការ​គិតគូរ​របស់​យុវជន​ពី​ជោគវាសនា​ជាតិ​ក្នុង​ការ​ចង់​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​បែប​នេះ គឺ​ជា​រឿង​ល្អ។

អ្នកវិភាគ​រូប​នេះ​យល់​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ពន្លឿន​ការ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ប្រទេស​ជា​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ផ្សេង​ទៀត​ក៏​មិន​អាច​នៅ​ស្ងៀម​ដែរ៖ «ពិត​មែន​ហើយ​អាមេរិក​គេ​បាន​ធ្វើ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​វិធានការ និង​ទណ្ឌកម្ម​វា​នៅ​ស្រាល​នៅ​ឡើយ និង​គ្រាន់​តែ​ជំហាន​ដំបូង ម៉្លោះ​ហើយ បើ​យុវជន​ជួយ​ជំរុញ​បន្ថែម​ពន្លឿន​ទណ្ឌកម្ម​ហ្នឹង​ឲ្យ​ខ្លាំង និង​ធ្ងន់ធ្ងរ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ឆាប់​ប្រើ​រយៈ​ពេល​ខ្លី​បែប​នេះ គឺ​មាន​ប្រសិទ្ធភាព»

គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ភាគ​រយ​ពី​កម្ពុជា​ដោយសារ​រដ្ឋាភិបាល​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

កាលពីចុងឆ្នាំ២០១៩ រដ្ឋ​​សភា​អាមេរិក​ដែល​​បាន​​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ​ H.R 526 ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​សព្វថ្ងៃ​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​ព្រឹទ្ធសភា។  ក្រៅ​ពី​នេះ​ក៏​រួម​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុក​រលួយ ឬ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​រំលោភ​ច្បាប់​ដែល​ហៅ​ថា the Global Magnitsky Act ផង​ដែរ។

ចំណែក​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហភាព​អឺរ៉ុប ក៏​មាន​ចេតនា​ចង់​ធ្វើ​ច្បាប់​ស្រដៀង​គ្នា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល និង​មន្ត្រី​របស់​លោក ហ៊ុន សែន ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល