បេក្ខជន​បក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា រំពឹង​ថា គ.ជ.ប​ នឹង​លុបចោល​ការ​ផាកពិន័យ​ ៥​លាន​រៀល

ដោយ ថា ថៃ
2022.06.01
Share on WhatsApp
Share on WhatsApp
បេក្ខជន​បក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា រំពឹង​ថា គ.ជ.ប​ នឹង​លុបចោល​ការ​ផាកពិន័យ​ ៥​លាន​រៀល លោក គង់ រ៉ៃយ៉ា បេក្ខជន​មេឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម ​របស់​គណបក្ស​ភ្លើងទៀន យកញត្តិ​ទៅដាក់​នៅស្ថានទូតអាមេរិក នៅ​ថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប​ លុបចោល​សេចក្តី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំពង់ចាម ដែល​តម្រូវ​ឲ្យ​លោក​បង់​ផាកពិន័យ​ ៥​លាន​រៀល​ចូល​រដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ផ្អែក​តាមច្បាប់​និង​សកម្មភាព​របស់​លោក គង់ រ៉ៃយ៉ា គឺ​គ្មាន​កំហុស​នោះ​ទេ ដូច្នេះ​ គ​.​ជ​.​ប គួរតែ​បញ្ចប់​រឿង​នេះ។

បេក្ខជន​មេឃុំ​ស្តៅ​របស់​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា សង្ឃឹម​ថា ប្រសិនបើ​ គ​.​ជ​.​ប បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ​និង​តាម​គោលការណ៍​ច្បាប់​ពិតប្រាកដ​នោះ លោក​នឹង​ទទួល​បាន​យុត្តិធម៌​ដោយ​រួច​ផុត​ពី​​ការ​បង់​ផាកពិន័យ​ជា​ប្រាក់​ ៥​លាន​រៀល​។ ក្តី​សង្ឃឹម​របស់​លោក គង់ រ៉ៃយ៉ា បែប​នេះ គឺ​ស្របពេល​គ​.​ជ​.​ប ចេញ​លិខិត​កោះហៅ​លោក​ចូលរួម​ដោះស្រាយ នៅ​ថ្ងៃទី​២ ខែមិថុនា បន្ទាប់​ពី​លោក​បាន​ដាក់​បណ្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

លោក គង់ រ៉ៃយ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ ខែ​មិថុនាថា លោក នឹង​ចូលរួម​ដោះស្រាយ​តាម​លិខិត​កោះហៅ​របស់​ គ​.​ជ​.​ប​។ លោក​បញ្ជាក់​ថា សេចក្តី​សម្រេច​របស់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពង់ចាម ដែល​តម្រូវ​ឲ្យ​លោក​បង់ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន​ ៥​លាន​រៀល គឺជា​រឿង​អយុត្តិធម៌ ។ លោក​ទទូច​ឲ្យ​ គ​.​ជ​.​ប លុបចោល​សេចក្តី​សម្រេច​នេះ​វិញ ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​យល់ថា បើ គ​.​ជ​.​ប មាន​ភាព​ឯករាជ្យ ប្រាកដជា​ទទួល សំណូមពរ​របស់ខ្ញុំ​នេះ​ដើម្បី​លុបចោល​ការ​ផាកពិន័យ​ជា​ថវិកា​ចំនួន ​៥​លាន​។ ខ្ញុំ​បារម្ភ​ពី ឯករាជ្យ​របស់​ គ​.​ជ​.​ប ​ដែរ​ថា បើសិនជា​ខាង​សហគមន៍​អឺរ៉ុប​រក​ឃើញ​ថា ការបោះឆ្នោត ឃុំ​សង្កាត់​ឆ្នាំ២០២២ មិន​មាន​តម្លាភាព សេរី និង​យុត្តិធម៌​ទេ ដូច្នេះ​ប្រទេស​កម្ពុជា ប្រឈម​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ EBA១០០​ភាគរយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ»

កាល​ពី​ថ្ងៃទី​២៨ ខែ​ឧសភា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ខេត្ត​កំពង់ចាម លោក យឹម សុធានី បាន​សម្រេច​រក្សា​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ទាំង​ ១៥​នាក់​នៅ​ស្រុក​កងមាស​ដដែល ប៉ុន្តែ​សម្រេច​ផាក​ពិន័យ​តែ​លោក គង់ រ៉ៃយ៉ា ម្នាក់ឯង ចំនួន ៥លាន​រៀន​។ សេចក្តី​សម្រេច​នេះ ក្រោយពី​ដោះស្រាយ​បណ្តឹង​របស់​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ស្នើសុំ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពង់ចាម​ដក​បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ចំនួន ១៥នាក់ រួមមាន​ទាំង​លោក គង់ រ៉ៃយ៉ា។ ក្រៅ​ពី​នេះ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ឲ្យ​ផាកពិន័យ​ម្នាក់ៗ​ ជា​ប្រាក់ ២០លាន​រៀល និង​ផាកពិន័យ​គណបក្ស​ភ្លើងទៀន​ចំនួន ៣០​លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា លោក គង់ រ៉ៃ​យ៉ា ចែក​លុយ​ជា​សាធារណៈ ជូន​សកម្មជន​របស់​ខ្លួន។

ទោះជា​យ៉ាងណា លោក គង់ រ៉ៃយ៉ា យល់ថា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​ពួក​លោក​នេះ ព្រោះ​ព្រួយបារម្ភ​ខ្លាច​ចាញ់​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាងមុខ។ លោក​បញ្ជាក់​ថា ក្នុងនាម​លោក​ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុក​កងមាស និង​ជា​ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំ​ស្តៅ គឺ​លោក មាន​សិទ្ធិ​ចែក​លុយ​និង​សម្ភារៈ​ដល់​បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ទាំងនោះ ដើម្បី​ឲ្យ​ពួកគាត់​ប្រើប្រាស់​សម្រាប់​ឃោសនា​រក​សំឡេងឆ្នោត ពោល​គឺ​មិនមែន​ជា​ការទិញ​ទឹកចិត្ត ឬ​សន្លឹកឆ្នោត​ពី​ពលរដ្ឋ​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ គ..ប លោក ហង្ស ពុទ្ធា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​គណៈកម្មាធិការ​អព្យាក្រិត​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច លោក សំ គន្ធាមី មើល​ឃើញ​ថា ការ​ប្តឹងផ្តល់​លោក គង់ រ៉ៃយ៉ា និង​បេក្ខជន​បក្ស​ភ្លើងទៀន​ផ្សេងទៀត​នេះ គឺ​អាច ពាក់ព័ន្ធ​នឹង​ការ​ច្រណែន​លើ​ប្រជាប្រិយភាព​របស់​បេក្ខជន​មេឃុំ​ទាំង​នោះ​។ លោក​យល់ថា គ​.​ជ​.​ប​ គួរ​តែ​លុបចោល​ការ​ផាកពិន័យ​នេះ ព្រោះ​ផ្អែក​តាមច្បាប់​ និង​សកម្មភាព​របស់​លោក គង់ រ៉ៃយ៉ា ពុំ​ចាត់​ចូល​ក្នុង​អំពើ​ល្មើសច្បាប់​បោះឆ្នោត​នោះ​ទេ៖ «បើ​ឲ្យ​បេក្ខជន​គេ ជា​មន្ត្រី ជា​បេក្ខជន​ស្រាប់​ហើយ ចាំបាច់​ទិញ​ស្អី បើ​គេ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​ស្រាប់​ហើយ មានអី​ត្រូវ​ទិញ​។ អានេះ គេ​ផ្តល់​លុយ​ធ្វើការ​សម្រាប់​ឃោសនា​តើ​។​ អាហ្នឹង​អត់​មានអី​ខុស​ទេ​។ និយមន័យ​ទិញ​សន្លឹក​ឆ្នោត​អត់​មាន​អ៊ីចឹង​ទេ ក្នុង​ផ្លូវច្បាប់​ដូច្នេះ​អត់​មានអី​ខុសច្បាប់​ទេ​។ គួរតែ គ​.​ជ​.ប ហ្នឹង ពិនិត្យ​ទៅ​បើ​ឃើញ ដូច​សម្ដី​អ៊ីចឹង​មែន​គឺ​បញ្ចប់​ទៅ​រឿង​ហ្នឹង​ទម្លាក់​ចោល​ទៅ»

កន្លងមក គណបក្ស​ដែល​រង​ការរិះគន់​រឿង​ចែក​លុយ​និង​អំណោយ​ដូចជា​សារ៉ុង ប៊ីចេង ជាដើម​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ខ្លាំង​ជាង​គេ​ក្នុង​រដូវ​កាល​បោះឆ្នោត​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។ លើស​ពី​នេះ គណបក្សកាន់អំណាច ថែមទាំង​បង្ខំ​ឲ្យ​ពលរដ្ឋ​ដែល​បាន​អំណោយ​ហើយ ត្រូវ​ស្បថ​ថា នឹង​បោះឆ្នោត​ឲ្យ​បក្ស​ខ្លួន និង​ព្រមាន​បង្ក​សង្គ្រាម​ទៀត​ផង ប្រសិន​បើ​ចាញ់​ឆ្នោត។ អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង អះអាង​ថា បើ​ទោះ​បី​ជា​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បំពាន​ច្បាប់ បោះឆ្នោត​ធ្ងន់ធ្ងរ​បែប​ណា​ក្តី ប៉ុន្តែ​ គ..ប ដែល​ជា​សមាសភាព​ថ្នាក់ដឹកនាំ​ភាគច្រើន​ចេញ​មកពី​ជួរ​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា ហាក់​មើល​មិន​ឃើញ និង​មិន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។​​​​​​​​​​​​​​​

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។