លទ្ធផលបឋម៖ បក្សកាន់អំណាចរបូតអាសនៈក្រុមប្រឹក្សាឃុំសង្កាត់អស់ជិត២ពាន់អាសនៈទៅបក្សភ្លើងទៀន
2022.06.06
លទ្ធផលបឋមក្រៅផ្លូវការឱ្យដឹងថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចរបូតអស់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់អស់ជិត ២ពាន់អាសនៈទៅគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ។
ភ្នាក់ងារសារព័ត៌មានអាមេរិក អេ.ភី (AP) រាយការណ៍កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ថាផ្អែកតាមប្រភពពី គ.ជ.ប ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសសរុបជាង ១ម៉ឺន១ពាន់អាសនៈ (១១.៦២២) គណបក្សប្រជាជនកម្ពុជា ទទួលបានជាង ៩ពាន់៣រយអាសនៈ (៩.៣៣៨)។ ដោយឡែក មន្ត្រីជាន់ខ្ពស់ និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃដដែលនេះថា តាមតួលេខបឋមដែលគណបក្សប្រមូលបាន គណបក្សភ្លើងទៀនអាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២ពាន់១រយ៨០អាសនៈ (២.១៨០)។
កាលពីចុងឆ្នាំ២០១៧ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ និងការយកអាសនៈរបស់គណបក្សនេះទៅបែងចែកឡើងវិញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សប្រជាជនកម្ពុជាក្រសោបអាសនៈក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង ១ម៉ឺន១ពាន់អាសនៈ (១១.០៥១)។ តួលេខនេះបង្ហាញថា គណបក្សកាន់អំណាចអាចរបូតអាសនៈរហូតដល់ទៅជិត ២ពាន់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ (១.៧១៣) នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ។
បើយោងតាមលទ្ធផលបឋមផ្សាយដោយវិទ្យុបាយ័នរបស់កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ម្សិលមិញសម្រាប់អាណត្តិទី៥នេះ នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាអាចទទួលបានសំឡេងឆ្នោតសរុបប្រមាណ ៥លាន៣សែនសំឡេង។ គណបក្សភ្លើងទៀន ឈរនៅលេខរៀងទី២ ទទួលបានសំឡេងជាង ១លាន៦សែនសំឡេង។ រីឯ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានជិត ១សែនសំឡេង ឈរនៅលេខរៀងទី៣ ខណៈគណបក្សខ្មែររួបរួមជាតិរបស់លោក ញ៉ឹក ប៊ុនឆៃ ទទួលបានសំឡេងជាង ៦ម៉ឺនសំឡេង ឈរនៅលេខរៀងទី៤។
តួលេខបឋមប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយរបស់កូនស្រីលោក ហ៊ុន សែន ទាំងនៅមុនពេលដែល គ.ជ.ប ប្រកាសតួលេខបណ្តោះអាសន្ននៅទូទាំងប្រទេសនេះ បង្ហាញថា ចំនួនសំឡេងឆ្នោត និងអាសនៈដែលគណបក្សភ្លើងទៀនទទួលបានពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ គឺស្រដៀងគ្នាទៅនឹងតួលេខដែលអតីតគណបក្ស សម រង្ស៊ី ដែលជាគណបក្សដើមរបស់គណបក្សភ្លើងទៀន ធ្លាប់ទទួលបានកាលពីអាណត្តិទី៣ ឆ្នាំ២០១២។ កាលណោះ គណបក្ស សម រង្ស៊ី ទទួលបានសំឡេងគាំទ្រនៅទូទាំងប្រទេសជាង ១លាន២សែនសំឡេង និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួនជាង ២ពាន់១រយអាសនៈ (២.១៥៥)។
ដោយឡែក គណបក្សដទៃទៀតដូចជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) របស់លោក យ៉េង វីរៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ដែលធ្លាប់ឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧ គណបក្សទាំងនេះនៅមិនទាន់ប្រកាសពីតួលេខបឋមដែលពួកគេទទួលបាននៅឡើយទេ។ ក៏ប៉ុន្តែ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញថា គណបក្សនេះទទួលបានសំឡេងគាំទ្រច្រើននៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី, ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត, ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ, ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ និងឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បដិសេធមិនផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងសំឡេងឆ្នោត និងអាសនៈដែលគណបក្សនយោបាយនានាអាចទទួលបាននៅទូទាំងប្រទេសនេះទេ ស្របពេលដែល គ.ជ.ប កំពុងប្រកាសលទ្ធផលបឋមនៅតាមឃុំសង្កាត់នីមួយៗ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។