មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​ផ្ដាំ​​ថ្នាក់​លើ​របស់​ខ្លួន​កុំ​ចុះចូល​បក្ស​កាន់​អំណាច

ដោយ អាស៊ីសេរី
2017.11.12
ពង្រឹង​បក្ស សង្គ្រោះជាតិ កំពង់ចាម ២០១៧ ៦២២ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​កំពង់ចាម អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​ខ្លួន ពង្រឹង​សាមគ្គីភាព​ឲ្យ​បាន​កាន់​តែ​​រឹងមាំ​ថែម​ទៀត ដើម្បី​ដឹក​នាំ​នាវា​ព្រះអាទិត្យ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​​ពេល​ពួកគាត់​ជួប​ជុំ​គ្នា​​ពង្រឹង​គណបក្ស​នៅ​ស្រុក​ចំការលើ និង​ស្រុក​ស្ទឹងត្រង់ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា។

សមាជិក​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង នៅ​គ្រប់​ឃុំ-សង្កាត់​ក្នុង​ខេត្ត​កំពង់ចាម ភាគ​ច្រើន​អះអាង​ថា ពួកគាត់​នឹង​មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​ចុះចូល​គណបក្ស​កាន់​អំណាច​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ចាម លោក សាន សឿង មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ខេត្ត បាន​ចុះ​ពង្រឹង​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ រយៈ​ពេល ២ថ្ងៃ​ហើយ គឺ​​នៅ​ថ្ងៃ​ទី១១ និង ១២​វិច្ឆិកា​នោះ ដោយ​​ពួកគាត់​ម្នាក់ៗ​សច្ចា​ថា នឹង​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស។ទន្ទឹម​គ្នា​នេះ ពួកគាត់​ក៏​ទទូច​ឲ្យ​មន្ត្រី​ដឹក​នាំ​គណបក្ស នៅ​ថ្នាក់​ជាតិ​ធ្វើ​យ៉ាងណា សាមគ្គីភាព​ឲ្យ​បាន​ល្អ ដោយ​មិន​​ទៅ​ចុះចូល​ជា​មួយ​គណបក្ស​កាន់​អំណាច៖ «ពេល​ខ្លះ​គឺ​គាត់​គេច​ខ្ជិល​ធុញ មិន​មាត់​មិន​ក មិន​តប​អីចឹង​ទៅ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​តប​វិញ​ បាន​សួរ​ត្រឡប់​ទៅ​វិញ​ថា ចុះ​បើ​សិន​ជា​លោក​គិត​ខ្ញុំ​មែន​ហេតុ​អី​បាន​មិន​គិត​ឲ្យ​ខ្ញុំ​នៅ​ក្នុង​មុខ​តំណែង​ក្នុង​តួនាទី​របស់​ខ្ញុំ​ដែល​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​អស់​លោក​ខ្លះ​ដែល​មក​ទាញ​ខ្ញុំ​មក​អូស​ខ្ញុំ​នោះ គឺ ថា​លោក​អត់​ទាំង​មាន​តួនាទី​អី​ផង ហើយ​ខោ​មិនៗ​អាវ​មិន​អាវ មក​បបួល​គេ​ឲ្យ​ចុះ​ចូល​បក្ស​ខ្លួន»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided

ទាក់ទង​នឹង​បញ្ហា​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា ជំហរ​​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​លោក ក៏​មិន​មុខ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ដែរ​ គឺ​ស្ថិត​ក្នុង​ស្មារតី​ស្នេហា​ប្រទេស​ជាតិ និង​រួម​រស់​ជា​មួយ​ម្ចាស់​ឆ្នោត។ លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ទៀត​ថា អ្នក​ដែល​ចុះ​ចូល​គណបក្ស​កាន់អំណាច​ភាគ​ច្រើន ជា​មនុស្ស​វិញ្ញាណ​ខ្សោយ ដែល​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​​ងាយ​នឹង​អូសទាញ​យក​ប្រើប្រាស់​បាន៖ «ខ្ញុំ​ចង់​សរុប​មក​វិញ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា​ ជំហរ​របស់​សង្គ្រោះ​ជាតិ នៅ​តាម​មូលដ្ឋាន​ក៏​ដូច​ថ្នាក់​ជាតិ​មាន​ជំហរ​រឹងមាំ ហើយ​យើង​នៅ​តែ​រក្សា​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ហើយ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា យើង​នឹង​មាន​ដំណោះ​ស្រាយ​សម្រាប់​ជាតិ​យើង​ទាំង​អស់​គ្នា ហើយ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​អោយ​តក់ស្លុត​ចំពោះ​ការ​រំលាយ​គណបក្ស​នេះ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​អង្គការ​ខុមហ្រែ្វល (Comfrel) លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា ការ​ប្រើ​ទឹក​លុយ​អូសទាញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ដទៃ​ឲ្យ​ចុះចូល​គណបក្ស​ខ្លួន ដើម្បី​​ឈ្នះ​ការ​បោះឆ្នោត​ គឺ​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មើភាព​គ្នា​ និង​ដោយ​​អ​សុចរិត៖ «បើ​កាល​ណា​នៅ​តែ​មាន​ការ​ប្រកួតប្រជែង ដោយ​មិន​ស្មើ​ភាព​មិន​សុចរិត​​ គឺ​ធ្វើ​ឲ្យ​សង្គម​របស់​យើង​ទៅ​ជា​បែក​បាក់ មាន​ការ​រើសអើង​នយោបាយ​ជ្រាលជ្រៅ​ ហើយ​សាមគ្គី​នៅ​សង្គម​បែកបាក់​កាន់​តែ​ជ្រាលជ្រៅ​ ដូច្នេះ​បញ្ហា​នេះ​ចង់​មិន​ចង់​នឹង​ទៅ​ជា​បញ្ហា​នៅ​ក្នុង​ស្រុក​ទេស​ជៀស​មិន​រួច»

សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ចុះ​ចូល​គណបក្ស​កាន់​អំណាច រហូត​មក​ទល់​ពេល​នេះ សរុប​មាន​ជាង ៩០​នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​សរុប​ជាង ៥ពាន់​នាក់ ក្នុង​នោះ​នៅ​កំពង់ចាម​មាន​ជាង ២០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។