"តំណាង​កម្ពុជា​នៅ ​អ.ស.ប​ កំពុង​ការពារ​របប​ឯកបក្ស ដែល​គ្រប់គ្រង​ប្រទេស​ពី​ការ​ប្លន់​អំណាច​ខុស​ច្បាប់”

0:00 / 0:00

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បដិសេធ​ការ​អំពាវនាវ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ឱ្យ​របប​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​បក្ស​ប្រឆាំង​ឡើងវិញ​។ ស្ថាន​អចិន្ត្រៃយ៍​កម្ពុជា បាន​ចាត់​ទុក​ការ​លើកឡើង​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថា បាន​តាំង​ខ្លួន​ជា​ចៅក្រម អារកាត់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ទោះបីជា​បែបនេះ​ក្ដី អ្នកវិភាគ​នយោបាយ​អះអាង​ថា របប​លោក ហ៊ុន សែន នឹង​រង​សម្ពាធ​កាន់តែ​ធ្ងន់​ថែមទៀត នៅ​ក្រោយ​ពេល​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​លើក​ឡើង​ជា​បន្តបន្ទាប់ អំពី​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​នេះ។

អ្នកវិភាគ​នយោបាយ​អះអាង​ថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ កំពុងតែ​ការពារ​របប​ឯក​បក្ស​គ្មាន​មូលដ្ឋាន និង​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ។

អ្នកវិភាគ​នយោបាយ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ មាន​ប្រសាសន៍​ថា អ្វី​ដែល​ដែល​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​លើកឡើង​ថា របប​ឯក​បក្ស​កំពុងតែ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ទាមទារ​ឱ្យ​ផ្ដល់​សិទ្ធិ​សេរីភាព​នយោបាយ​ជូន​គណបក្សប្រឆាំង​វិញ​នោះ គឺជា​រឿង​ត្រឹមត្រូវ​។ ក៏ប៉ុន្តែ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ក្រុង​ហ្សឺណែវ បាន​បដិសេធ​នោះ គ្រាន់តែ​ជា​រឿង​ការពារ​របប​ឯក​បក្ស​គ្មាន​មូលដ្ឋាន​ទៅវិញ​ទេ។

លោក គឹម សុខ អះអាង​ថា សហគមន៍​អន្តរជាតិ​ពិសេស​សហគមន៍​អឺរ៉ុប រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង គេ​មិន​ចង់​ឱ្យ​កម្ពុជា​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដដែលៗ ពិសេស​ការ​ទាញ​កម្ពុជា​ឱ្យ​វិល​ទៅ​របប​អតីតកាល​វិញ គឺ​របប​ខ្មែរក្រហម​ជាដើម​៖ «ពីព្រោះ​គាត់​ (ស្ថា ន​អចិន្ត្រៃយ៍​កម្ពុជា ) ត្រូវ​មាន​ភារកិច្ច​ការ​ពារ​អំណាច​ប្លន់​អំណាច​របស់​លោក ហ៊ុន សែន​ដូច្នេះ​គាត់​មិន​ខ្វល់​ពី​ច្បាប់​ទេ ក៏ប៉ុន្តែ​អន្តរាគមន៍​របស់​អន្តរជាតិ របស់​អាមេរិក អឺរ៉ុប អង្គការសហប្រជាជាតិ​គឺ​គេ​ធ្វើតាម​គន្លង​ច្បាប់»។

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ ជា​ការ​ឆ្លើយតប​ទៅ​ស្ថាន​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ច្រានចោល​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ ស្ថាន​អចិន្ត្រៃយ៍​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ចោទប្រកាន់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ថា​កំពុង​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ។ សេចក្ដីថ្លែងការណ៍ បាន​ហៅ​របាយការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា ជា​ទស្សនៈ​ផ្ទាល់ខ្លួន ហើយ​ជ្រើស​តែមួយ​ជ្រុង ព្រមទាំង​មិន​យកចិត្តទុកដាក់​លើ​ការពិត​ជាក់ស្ដែង និង​បាន​ធ្វើ​ឱ្យ​សាធារណជន មានការ​យល់​ច្រឡំ​ពី​ត្រូវ​ទៅជា​ខុស។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ៤​រូប សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​តុលាការ ដែល​បាន​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ជាប់គុក​រយៈពេល​ច្រើន​ឆ្នាំ​។ ពួកគេ​ហៅ​ការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៩ រូប ដែល​រួមមាន​ទាំង​លោក សម រង្ស៊ី ផង ឱ្យ​ជាប់គុក​រហូតដល់ ២៥​ឆ្នាំ ថា ជា​ការ​កាត់ទោស​ដាក់គុក​ក្នុង​រយៈពេល​មិន​សមាមាត្រ និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​។ ពួកគេ​សង្កត់ធ្ងន់​ថា ដំណើរការ​ជំនុំ​ជម្រះ​ក្តី​ទាំងមូល មិន​មាន​ភាព​ប្រក្រតី និង​បំពាន​យ៉ាង​ជាក់ច្បាស់​ទៅ​នឹង​ច្បាប់​អន្តរជាតិ រួម​ទាំង​ការ​ជំនុំ​ជម្រះ​មិនបាន​ប្រព្រឹត្តិ​ទៅជា​សាធារណៈ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​ក្នុង​នោះ​ក៏​រួមមាន អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ផង បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ឡើងវិញ និង​ធានា​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​មានឱកាស​ស្មើគ្នា​ដើម្បី​ចូលរួម​ក្នុង​ជីវភាព​នយោបាយ។

កាលពី​ថ្ងៃ​ទី១ មីនា តុលាការ​នៃ​របប​លោក ហ៊ុន សែន បាន​កាត់ទោស​កំបាំងមុខ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ៩​រូប ក្នុង​នោះ​រួមមាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូមូរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ លោក ហូ វ៉ាន់ លោក ឡុង រី និង​លោក នុត រំដួល ឱ្យ​ជាប់គុក​ពី ២០​ឆ្នាំ ដល់ ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ជិត​កន្លះ​លាន​ដុល្លារ ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ឬ ឧបឃាត និង​បទ​ប៉ុនប៉ង​ប្រព្រឹត្តិ​បទឧក្រិដ្ឋ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ការពារ​សេរីភាព​ចងក្រង​សមាគម និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដើម្បី​ធានា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ និង​សកម្មភាព​នយោបាយ។

កន្លងទៅ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ តែង​លើកឡើង​ពី​កង្វល់​របស់​ពួកគេ​ជា​ខ្លាំង​ជុំវិញ​ការ​ធ្លាក់ចុះ​លំហ​ប្រជាធិបតេយ្យ និង​របៀប​នៃ​ការ​ជំនុំជម្រះ​ក្ដី​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​មាន​មនុស្ស​ច្រើន ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ហេតុផល​នយោបាយ។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា បើសិនជា​របប​លោក ហ៊ុន សែន មិន​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​បើក​លំហ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​បាន​ពេញលេញ​ទេ​នោះ របប​ឯក​បក្ស​នឹង​រង​ទណ្ឌកម្ម​កាន់តែ​ធ្ងន់​ថែមទៀត​នៅ​ពេល​ខាងមុខ​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។