អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន មិន​អាច​បិទបាំង​ការ​ពិត​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​​នៅ​​កម្ពុជា

0:00 / 0:00

អ្នកវិភាគ​នយោបាយ​និង​សង្គម លោក គឹម សុខ ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​៣១ កក្កដា​ថា របប​ក្រុងភ្នំពេញ​មិន​អាច​បិទបាំង​ការពិត​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៨ បាន​ទេ។

លោក គឹម សុខ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​បញ្ជាក់​ថា ការ​បកស្រាយ​របស់​របប​លោក ហ៊ុន សែន គឺជា​ប្រតិកម្ម​មិន​ត្រូវ​តាម​ស្ថានការណ៍​ជាក់ស្ដែង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយសារ​តែ​ចង់​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន៖ «តាម​ពិត​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា គេ​មិនមែន​ធ្វើឡើង​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ថា អាច​បិទបាំង​ការពិត​បាន​នោះ​ទេ។ ពីព្រោះ​ការពិត​គេ​ដឹង​ពេល​សកលលោក ប្រជារាស្ត្រ​ខ្មែរ​ក៏​ដឹង​ថា ក្រុម​លោក ហ៊ុន សែន​ប្លន់​អំណាច​រួច​ទៅ​ហើយ​ប៉ុន្តែ​របៀប​ឆ្លើយ​របស់​ក្រសួងការបរទេស​កម្ពុជា វា​ជា​ដំណើរ​ជ្រុល​ផ្លូវ​ដូច្នេះ​មានតែ​បន្ត​ធ្វើ​ឫក​ខែង​រែង អនុវត្ត​យុទ្ធសាស្ត្រ​ក្នុង​ការ​រក្សា​អំណាច​ដោយ​ធ្វើ​ខ្លាំង ជា​អ្នក​ផ្អៀង​ទៅ​ចិន ដោយសារតែ​ដំណាក់កាល​នេះ​វា​ជ្រុល​ខ្លួន​ពិបាក​ផ្សះផ្សា​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​លោក សេរី និង​អង្គការ​សហប្រជាជាតិ»។

ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ កក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​ការ​ចុះផ្សាយ​នូវ​បទ​អត្ថាធិប្បាយ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ថា ជា​ការ​ខុសឆ្គង វាយប្រហារ​លើ​ភាព​មិន​ត្រឹមត្រូវ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៨។

អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg ) អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​មិន​មាន​អត្ថាធិប្បាយ​បន្ថែម​ឆ្លើយតប​ទៅ​នឹង​ក្រសួង​ការបរទេស​កម្ពុជា​ទេ កាលពី​ថ្ងៃ​ទី៣១ កក្កដា។ ក៏ប៉ុន្តែ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ នៅ​ថ្ងៃ​ទី​៣០ កក្កដា​ថា ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ នោះ​ថា ជា​ការ​បោះឆ្នោត​គ្មាន​ភាព​សេរី គ្មាន​យុត្តិធម៌ និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ។ សហរដ្ឋអាមេរិក​បញ្ជាក់​ថា ការបោះឆ្នោត​នោះ មាន​កំហុស​ឆ្គង​យ៉ាង​ខ្លាំង ដោយសារតែ​របប​ក្រុងភ្នំពេញ​បាន​ផាត់​ចោល​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា។

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​របប​ក្រុងភ្នំពេញ​ថា បាន​ធ្វើ​ឱ្យ​បាត់បង់​ថែមទៀត​នូវ​សមិទ្ធផល​របស់​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​ផ្សះផ្សា​នយោបាយ និង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។