ព័ត៌មាន​សំខាន់ៗ​ចំនួន​១០​ដែល​លោក​អ្នកនាង​គួរអាន​នៅ​ថ្ងៃអាទិត្យនេះ

ដោយ អាស៊ីសេរី
2022.10.01
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន​១០​ដែល​លោក​អ្នកនាង​គួរអាន​នៅ​ថ្ងៃអាទិត្យនេះ ព័ត៌មាន​សំខាន់ៗ​ចំនួន​១០​ដែល​លោក​អ្នកនាង​គួរអាន​នៅ​ថ្ងៃអាទិត្យ ទី​២ ខែ​តុលា។
RFA

. លោក ហ៊ុន សែន ប្រតិកម្ម​នឹង​មតិ​រិះគន់​គ្រួសារ​របស់​លោក​ថា ដឹង​នាំ​ប្រទេស​ត​ពូជ​ដូច​កូរ៉េខាងជើង

hunsen0110.JPG
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​នៅ​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​មតិ​រិះគន់​ក្រុម​គ្រួសារ​របស់​លោក​ទាក់​ទង​ការ​ស្នង​ដំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត និង​ការ​នាំ​ចៅស្រី​ទៅ​ចូលរួម​មហា​សន្និបាទ​របស់​អង្គការសហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​អះអាង​ថា រឿង​ទាំងនេះ​មិន​បង្ហាញថា​គ្រួសារ​របស់​លោក​ដឹកនាំ​ប្រទេស​ផ្ដាច់ការ​ត​វង្ស​ត្រកូល​ដូច​ប្រទេស​កូរ៉េខាងជើង​នោះ​ទេ​។ ប៉ុន្តែ​មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផ្ដាច់ការ និង​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន។

អាន​ព័ត៌មាន​ពិស្ដារ...

. បទសម្ភាសន៍​ជាមួយ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ជុំវិញ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នឹង​មតិ​រិះគន់​គ្រួសារ​របស់​លោក​ថា ដឹង​នាំ​ប្រទេស​ត​ពូជ​ដូច​កូរ៉េខាងជើង

ទស្សនា​លម្អិត

. "ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​របស់​លោក ហ៊ុន សែន មិន​បាន មក​ពី​គ្មាន​ឆន្ទៈ​ពិតប្រាកដ"
hunsen-buma.jpg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​មេ​ដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពី​ថ្ងៃ​ទី៧ មករា ឆ្នាំ​២០២២។ រូបពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

ដោយឡែក​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា របប​សឹក​ដឹកនាំ​ប្រទេស នៅតែ​បន្ត​ប្រើ​អំពើ​ហិង្សា​សម្លាប់​ពលរដ្ឋ​ឥត​ឈប់ឈរ ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ព្យាយាម​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ​យ៉ាងណាក្ដី។

តើ​មូល​ហេតុអ្វី បានជា​លោក ហ៊ុន សែន ឬ​អាស៊ាន មិនអាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​នេះ​បាន?

អាន​ព័ត៌មាន​ពិស្ដារ...

. លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​ស្នើ​ដាក់​ប្រាសាទ​កោះកេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា កម្ពុជា​កំពុង​ស្នើ​ដាក់​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​អំពាវនាវ​រួមគ្នា​ឲ្យ​ថែរក្សា​ប្រាសាទបុរាណ​នៅ​ទូទាំង​ប្រទេស ឲ្យ​បាន​គង់វង្ស​។​

ថ្លែង​ក្នុង​ពិធី​ផ្តល់​ដី​ជូន​ពលរដ្ឋ ជា​ថ្នូរ​ការ​រុះរើ​សំណង់​ចេញពី​តំបន់​អង្គរ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា​ម្សិលមិញ នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប លោក ហ៊ុន សែន​ថា ប្រាសាទបុរាណ​ជាច្រើន ត្រូវ​បាន​ដូនតា​ខ្មែរ​សាងសង់​ឡើង ក្នុង​នោះ​ប្រាសាទ​មួយចំនួន ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចហើយ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក។

លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាល​កំពុង​ស្នើសុំ​ចុះបញ្ជី​ប្រាសាទ​កោះកេរ ដែល​សាងសង់​ក្នុង​សតវត្ស​ទី​១០ ស្ថិត​ក្នុង​ខេត្តព្រះវិហារ ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត ហើយ​ប្រាសាទ​ផ្សេងៗ ក៏​កំពុង​គិតគូរ​ចុះបញ្ជី​ជា​បន្តបន្ទាប់​។ លោក​ថា អង្គការ​យូណេស្កូ ត្រូវការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ណាស់ មុននឹង​យល់ព្រម​ចុះបញ្ជី​ប្រាសាទ​របស់​កម្ពុជា ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

តំបន់​ប្រាសាទ​កោះ​កេរ បច្ចុប្បន្ន​ស្ថិត​ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ គឺជា​អតីត​រាជធានី​បុរាណ​នា​សតវត្ស​ទី​១០ ក្នុង​នោះ​មាន​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​២​អង្គ ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ (៩២១-៩៤១) និង​ព្រះបាទ​ហស៌វរ្ម័នទី​២ (៩៤១-៩៤៤)​។ លុះដល់​រជ្ជកាល​ព្រះបាទ រាជេន្ទ្រ​វរ្ម័ន​ទី​២ (៩៤៤-៩៦៨) ព្រះអង្គ​ក៏បាន​ផ្លាស់​រាជធានី មក​ក្រុង​អង្គរ​វិញ៕

. អាជ្ញាធរ​អប្សរា និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រង​ការ​ចោទ​ថា ខ្វះចន្លោះ អភិរក្ស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យាន​អង្គរ

នៅ​ខេត្តសៀមរាប​នេះ​ដែរ អាជ្ញាធរ​អប្សរា និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រង​ការ​ចោទ​ថា ខ្វះចន្លោះ​ក្នុង​ការ​អភិរក្ស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យាន​អង្គរ បណ្តាល​ឱ្យ​ដើមឈើ​ធ្នង់​មួយ​ដើម មុខកាត់​ជាង ១ ម៉ែត្រ ២ តឹក ប្រវែង​ជាង ៦ ម៉ែត្រ ត្រូវ​បាន​ក្រុម​ជនល្មើស លួច​កាប់ កាលពី​ថ្ងៃទី ២៧ កញ្ញា កន្លងទៅ​។​

ពលរដ្ឋ​រស់​តំបន់​ឧទ្យាន​អង្គរ ដែល​ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​នេះ គឺ លោក លី ម៉ាលី ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សកម្មភាព​លួច​កាប់​ឈើប្រណិត​មានតម្លៃ​នេះ មានការ​ឃុបឃិត​គ្នា​រវាង ក្រុម​ជនល្មើស និង​មន្ត្រី​ពាក់ព័ន្ធ ដែល​ឈរជើង​យាម​ព្រៃ​នៅ​ទីនោះ​។ លោក​ឆ្ងល់​ថា ដើមឈើ​មួយ​ដើម​នេះ មានមុខ​កាត់​ជាង ១​ម៉ែត្រ ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ត្រូវ​ក្រុម​ជនល្មើស ប្រើ​រណា​យន្ត​លួច​អារ​រំលំ មាន​សំឡេង​លាន់​រំពង ហេតុអ្វី​បាន​សមត្ថកិច្ច​ជំនាញ​មិន​ចុះ​ហាមឃាត់​ភ្លាមៗ?

ករណី​វា​ចង់​បាន ដើម​ណាមួយ​ត្រូវធ្វើ​អ៊ីចឹង កលល្បិច ឆ្លើយ​ថា អត់​ដឹង យើង​ចោទ​ម៉េច​ទៀត​? ដូច​ករណី ដើម​គ្រញូង​នៅមុខ​អង្គរ ដើមឡើយ​នៅ​ល្អ ខ្វៀល​ឫស ធ្វើ​ម៉េច​បើ​វា​ងាប់​ហើយ ចុះបើ​កាប់​ឫស​គ្នា​អស់ហើយ ធ្វើ​ម៉េច​ឱ្យ​គ្នា​រស់​កើត។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច ទាក់ទង អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី ៣០ កញ្ញា។

ពលរដ្ឋ​សង្កេត​ឃើញ​ថា បទ​ល្មើ​ល​ព្រៃឈើ​ទាំងនេះ ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ដែល​អាជ្ញាធរ​អប្សរា និង មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ប្រព្រឹត្ត​កំហុស​ដដែលៗ ធ្វើ​ឱ្យ​ដើមឈើ​ជាច្រើន​ប្រភេទ ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ទាក់ទាញ​ភ្ញៀវ​ទេសចរ បន្ត​បាត់បង់​រួមមាន ដើម​គ្រញូង ឈើទាល និង ធ្នង់ ជាដើម។

បន្ថែម​ពី​នេះ​ទៀត ដើមឈើ​ធ្នង់​ដែល​គេ​លួច​កាប់ ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ នៅ​មិន​ឆ្ងាយ ពី​អង្គរវត្ត ដោយមាន​របង​លួស ហ៊ុមព័ទ្ធ ហើយ​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ៕

. ក្រុម​ពលរដ្ឋ​សកម្ម ដាក់​លិខិត​ស្នើសុំ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ពី​សាលាក្រុង​ភ្នំពេញ

តំណាង​ក្រុម​ពលរដ្ឋ​សកម្ម​ចំនួន​៩​នាក់ បាន​ដាក់​លិខិត​ស្នើសុំ​ពី​សាលាក្រុង​ភ្នំពេញ ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​៩​ថ្ងៃ ដើម្បី​ប្រមូល​ការ​គាំទ្រ​ពី​សាធារណជន ឱ្យ​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ការ​ស្នើសុំ​ប្រមូលផ្ដុំ​សាធារណជន​ដើម្បី​បញ្ចេញមតិ​នេះ គឺជា​រឿង​ត្រឹមត្រូវ ហើយ​រដ្ឋាភិបាល​គួរ​ពិចារណា​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​នេះ។

អាន​ព័ត៌មាន​ពិស្ដារ...

. សង្គម​ស៊ីវិល​រំពឹងថា សង្គម​នឹង​ឈប់​រើសអើង​អ្នកការពារ​សិទ្ធិមនុស្ស​ពិសេស​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

ក្រុម​ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា រំពឹង​ថា ការ​ដាក់​បង្ហាញ​ការ​តស៊ូ​របស់​ពួកគេ​នៅ​ប្រព័ន្ធ​អនឡាញ ឬ​អ៊ីនធឺណិត (Internet) នឹង​ជួយ​ឱ្យ​សង្គម​បាន​ដឹងឮ និង​ឈឺឆ្អាល​បញ្ហា​ទាំងនោះ​។

អាន​ព័ត៌មាន​ពិស្ដារ...

. ពលរដ្ឋ​បោះបង់​របរ​នេសាទ​ក្នុង​រដូវ​បើក​ឡូ ដោយសារ​ទិន្នផល​ធ្លាក់ចុះ

ពាក់ព័ន្ធ​នឹង​របរ​នេសាទ​វិញ ពលរដ្ឋ​មួយចំនួន​បាន​បោះបង់​របរ​នេសាទ​នេះ ព្រោះ​ទិន្នផល​ត្រី​ធ្លាក់ចុះ ដោយសារ​ការប្រើ​ឧបករណ៍​ខុសច្បាប់ និង​នេសាទ​នៅ​រដូវ​ត្រី​ពង​។​

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ រដ្ឋបាល​ជលផល​គួរ​ពិនិត្យ និង​បែក​ចែក​ឡូត៍​នេសាទ​ឱ្យ​បាន​ច្បាស់លាស់ និង​បង្ក្រាប​បទល្មើស​នេសាទ​ឱ្យ​ខ្លាំងក្លា​ជាង​មុខ ដើម្បី​ធានា​បាន​នូវ​ជីវភាព​របស់​ប្រជា​នេសាទ និង​ទិន្នផល​ត្រី។

អាន​ព័ត៌មាន​ពិស្ដារ...

. ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ថៃ​ខំប្រឹង​ធ្វើការ នៅតែ​រក​ប្រាក់​មិន​បាន​ផ្ដល់​ទៅ​គ្រួសារ​នៅ​កម្ពុជា

នៅ​ប្រទេស​ថៃ​ឯណោះ​វិញ ពលករ​ខ្មែរ​មួយចំនួន អះអាង​ថា ពួកគេ ខិតខំ​តស៊ូ​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់ ប៉ុន្តែ នៅតែ​គ្មាន​ប្រាក់ចំណូល​គ្រប់គ្រាន់​។ ពួកគាត់​ថា មូលហេតុ​ដែល​ពួកគាត់​រក​ប្រាក់ មិន​សល់ ព្រោះតែ​ទំនិញ​និង​បន្ទប់​ជួល​ឡើងថ្លៃ​ខ្ពស់។

អាន​ព័ត៌មាន​ពិស្ដារ...

១០. សមត្ថកិច្ច​រក​ឃើញ​ជនបរទេស​១៥​នាក់ ដែល​ប្តឹង​តាម​ហ្វេសប៊ុក​លោក ស ខេង ប៉ុន្តែ​ពុំ​មែន​​ជា​ករណី​បង្ខាំង​ទេ

សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​២​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ៣០ ខែកញ្ញា បន្ទាប់ពី​មាន​បណ្តឹង​ចំនួន​២ តាមរយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ស ខេង ក៏ប៉ុន្តែ​សមត្ថកិច្ច​រក​ឃើញ​ថា ពុំ​មែន​ជា​ករណី​ចាប់​បង្ខាំង​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា សមត្ថកិច្ច​រក​ឃើញ និង​នាំ​ខ្លួន​ជនរងគ្រោះ ម្នាក់​ជា​ជនជាតិ​ចិន និង​ជនបរទេស​៩​នាក់​ផ្សេងទៀត​មក ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី តាម​បណ្តឹង​ទី​១ នៅ​កាស៊ីណូ ស៊ីង ធាន ឌី ស្ថិតនៅ​ក្រុម​ទី​៨ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ចំណែក​បណ្តឹង​ទី​២ វិញ គឺ​ស្ថិតនៅ​អគារ​ស្នាក់នៅ​បុគ្គលិក របស់​ក្រុមហ៊ុន ហ័ង ឡឺ នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​សមត្ថកិច្ច រក​ឃើញ​ជនរងគ្រោះ​សរុប​ចំនួន ៥​នាក់ ក្នុង​នោះ​ស្រី ៤​នាក់ ជា​ជនជាតិ​ម៉ាឡេស៊ី ដែល​៣​នាក់ មានឈ្មោះ​ក្នុង​បណ្តឹង និង​ម្នាក់ទៀត ស្នើសុំ​ចេញ​ដោយ​ខ្លួនឯង។

ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​នេះ​ដែរ កាលពី​ថ្ងៃទី៣០ ខែកញ្ញា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញ​ជនបរទេស​ចំនួន​៣៧​នាក់ ក្នុង​នោះ​មាន​ស្រី​៦​នាក់ ចេញពី​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន អន្តរជាតិ​ត្រពាំង​ផ្លុង។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃទី ១ ខែតុលា ឲ្យ​ដឹងថា ជនបរទេស​ទាំង​៣៧​នាក់​នោះ មាន​៣​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​១៣​នាក់ ជនជាតិ​វៀតណាម​ចំនួន​២៣​នាក់ និង​ជនជាតិ​តង់ហ្សានី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់ លួច​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់ ដែល​ល្មើស​នឹង​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។