ពលរដ្ឋមួយចំនួនលើកឡើងថា គណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់លោក ហ៊ុន ម៉ាណែត នឹងមិនអាចបោសសម្អាតឧក្រិដ្ឋកម្មនេះបានឡើយ ដោយសារតែបញ្ហាអំពើពុករលួយ ខណៈមេខ្លោង និងអ្នកពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មនេះ មានទំនាក់ទំនងជិតស្និទ្ធនឹងមេដឹកនាំកំពូល។ ពួកគាត់ថា ដើម្បីឱ្យពួកគាត់ជឿជាក់ទៅលើគណៈកម្មការនេះ ទាល់តែរដ្ឋាភិបាល ហ៊ានចាប់ខ្លួនអ្នកមានអំណាច ដែលនៅពីក្រោយឧក្រិដ្ឋកម្មឆបោកនេះជាមុនសិន។
ការប្រកាសបង្កើតគណៈកម្មការ បង្ក្រាបបទល្មើសឆបោកតាមអនឡាញ របស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ ហាក់មានភាពយឺតយ៉ាវ និងមិនច្បាស់លាស់ ខុសពីរដ្ឋាភិបាលថៃ ដែលអាជ្ញាធររបស់ប្រទេសជិតខាងមួយនេះ បានបើកយុទ្ធនាការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធក្នុងករណីឆបោកតាមអ៊ីនធឺណិត នេះ បានជាច្រើនករណី។
ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីបញ្ហាសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែកុម្ភៈ ថា គណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ របស់រដ្ឋាភិបាល គឺបង្កើតឡើងឱ្យតែល្អមើលប៉ុណ្ណោះ ព្រោះប្រតិបត្តិការឆបោកនៅក្រុងប៉ោយប៉ែត នេះ បានរីកដុះដាលដូចផ្សិតទៅហើយ។ លោកអះអាងថា ទីតាំងឆបោកដែលមានលក្ខណៈទ្រង់ទ្រាយធំភាគច្រើន កំពុងជ្រកក្នុងអាគារកាស៊ីណូរបស់អ្នកមានអំណាច ក្នុងនោះរួមមានកាស៊ីណូក្រោន (Crown Casino) របស់លោក កុក អាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាដើម។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត៖«នៅប៉ោយប៉ែត កន្លែងណាក៏ខុសច្បាប់ដែរ អគារណាក៏ខុសច្បាប់ដែរ មិនថាផ្ទះថ្ម ផ្ទះល្វែង ឬបុរី អគារណាសុទ្ធតែបង្កប់អនឡាញទាំងអស់»។
ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែកុម្ភៈ បានប្រកាសបង្កើតគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីស្ដារមុខមាត់ប្រទេសជាតិឡើងវិញ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា គណៈកម្មការនេះ ដឹកនាំដោយលោកផ្ទាល់ និងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន រួមនឹងបណ្ដាក្រសួងពាក់ព័ន្ធផ្សេងទៀត ពិសេសការចូលរួមពីកងកម្លាំងអាវុធហត្ថ និងកម្លាំងកងទ័ព។
ទោះជាបែបនេះក្ដី ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ លោក មួន សាម៉េត យល់ឃើញថា គណៈកម្មការនេះ គ្មានប្រសិទ្ធភាពក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ ព្រោះសមាសភាពរបស់គណៈកម្មការនេះ សុទ្ធតែកាន់តួនាទីនៅក្នុងស្ថាប័ន និងគណៈកម្មការផ្សេងៗ ទៀតជាច្រើន ខណៈប្រសិទ្ធភាពនៅក្នុងស្ថាប័នទាំងនោះ នៅមានកម្រិតនៅឡើយ។
លោក មួន សាម៉េត៖«របរហ្នឹងមិនមែនរបរអ្នកតូចតាចទេ យើងដឹងស្រាប់ហើយ សុទ្ធតែលំដាប់ៗ ឬមហាសេដ្ឋីអ្នកមានអំណាចក្នុងប្រទេស។ ហើយភាគច្រើនមន្ត្រីធំៗ ចងប្រព័ន្ធគ្នាអស់ហើយ ចង់ធ្វើអ្វីមួយ ទើសខ្សែអ្នកនេះ អ្នកនោះ គឺវាពិបាក។ តាមខ្ញុំមើលឃើញ គឺធ្វើឱ្យពលរដ្ឋអស់ចិត្តតែប៉ុណ្ណោះ»។
ពលរដ្ឋលើកឡើងថា ការប្ដេជ្ញារបស់លោក ហ៊ុន ម៉ាណែត គឺមានតែទ្រឹស្ដីប៉ុណ្ណោះ ព្រោះកន្លងមក មានការចង្អុលបង្ហាញ និងលេចធ្លាយពីករណី និងទីតាំងឆបោកធំៗ ជាច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរមិនបានចុះកិច្ចអន្តរាគមន៍ ឬស្រាវជ្រាវចាប់ខ្លួនមេខ្លោងធំៗនោះឡើយ បើទោះជាទីតាំងឆបោកខ្លះ អាជ្ញាធរដឹងថា មានករណីជនបរទេសធ្លាក់ពីលើអាគារស្លាប់ជាច្រើនករណីក៏ដោយ។
ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែមករា មានករណីជនបរទេសចំនួន ៥៧នាក់ រួមមានជនជាតិប៉ាគីស្ថាន (Pakistan) និងនេប៉ាល់(Nepal) ប្រដាប់ដោយដំបង បាននាំគ្នាសម្រុកចេញពីអគារកាស៊ីណូ អូរស្មាច់ រីសត (O'Smach resort) របស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា។ នៅក្នុងករណីនេះ អាជ្ញាធរបានអះអាងថា គឺបណ្ដាលមកពីជម្លោះការងារ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្បែរកាស៊ីណូ អះអាងថា ទីតាំងដែលជនបរទេសនាំគ្នាសម្រុកចេញនោះ គឺជាអាគារឆបោកតាមអនឡាញ។
ជាមួយគ្នានេះ កាស៊ីណូអូរស្មាច់ រីសត និងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត របស់លោក លី យ៉ុងផាត់ ត្រូវបានក្រសួងសេដ្ឋកិច្ចអាមេរិក ដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិ ដោយសារមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការជួញដូរមនុស្ស និងការវាយដំធ្វើទារុណកម្មឆក់ខ្សែភ្លើង ដើម្បីបង្ខំឱ្យធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ក្រសួងសេដ្ឋកិច្ចអាមេរិកនេះ រដ្ឋាភិបាលកម្ពុជា មិនបានបើកការស៊ើបអង្កេតឡើយ ផ្ទុយទៅវិញ ក្រសួងការបរទេសកម្ពុជា បែរជាចេញប្រតិកម្មចំពោះការដាក់ទណ្ឌកម្មនេះ ដោយចោទថា ធ្វើឡើងដោយផ្អែកលើរបាយការណ៍ ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងមានចេតនានយោបាយទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ប្រធានសមាគមឧកញ៉ាកម្ពុជា លោក លី យ៉ុងផាត់ និងអនុប្រធានសមាគមឧកញ៉ាកម្ពុជា លោក កុក អាន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៨ ខែកុម្ភៈ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើងថា ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញគ្រប់រូបភាព អាចប្រព្រឹត្តទៅបាន លុះត្រាតែរដ្ឋាភិបាលហ៊ានវះកាត់សាច់ស្អុយ ពោលគឺត្រូវលុបបំបាត់ការប្រកាន់បក្ខពួកនិយម ព្រោះទីតាំង និងករណីឆបោកលើបណ្ដាញអ៊ីនធឺណិតភាគច្រើន បានទទួលរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច។
លោក អ៊ិន គង់ជិត៖«ហើយយើងសំណូមពរទៅគណៈកម្មការមេត្តា ទទួលយកព័ត៌មានទាំងអស់ពីមជ្ឈដ្ឋាន ហើយរក្សាទុក និងការពារប្រភពទាំងអស់ហ្នឹងជាតម្រុយ ដើម្បីធ្វើការស្រាវជ្រាវ។ ហើយប្រសិនបើជាធ្វើបានបែបនេះ នឹងអាចក្របួចបាននូវជនប្រព្រឹត្តទាំងអស់ហ្នឹង។ ហើយអំពើឆបោក ឬក៏បទល្មើសឧក្រិដ្ឋកម្មផ្សេងៗទៀតហ្នឹង នឹងអាចបញ្ចប់បាន»។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត នេះដែរ រដ្ឋាភិបាលថៃ បានចាត់វិធានការ រឹតបន្តឹងការចេញចូលតាមព្រំដែន កាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី បណ្ដាញអ៊ីនធឺណិត និងប្រេងឥន្ធនៈ នៅក្នុងតំបន់មួយចំនួន នៃទីក្រុង មីយ៉ាវ៉ាឌី (Myawaddy) ក្នុងប្រទេសមីយ៉ាន់ម៉ា (Myanmar) ដែលគេចោទថា ជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត ហើយរដ្ឋាភិបាលថៃ គ្រោងចាត់វិធានការនេះ ចំពោះក្រុងប៉ោយប៉ែតរបស់កម្ពុជាដែរ។
ពលរដ្ឋលើកឡើងថា ដើម្បីឱ្យពួកគាត់ជឿជាក់លើគណៈកម្មការ បង្ក្រាបបទល្មើសឆបោកតាមអនឡាញរបស់លោក ហ៊ុន ម៉ាណែត ទាល់តែរដ្ឋាភិបាលហ៊ានចាប់ខ្លួន លោក កុក អាន និងលោក លី យ៉ុងផាត់ ដែលជាម្ចាស់ទីតាំងឧស្សាហកម្មឆបោកធំជាងគេ នេះជាមុនសិន ដើម្បីបង្ហាញពីឆន្ទៈក្នុងការអនុវត្តច្បាប់ដោយគ្មានការលើកលែង និងប្រកាន់បក្ខពួក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។