អ្នក​ឃ្លាំ​មើល រិះគន់​ក្រសួង​យុត្តិធម៌ ​ដែល​ព្រមាន​ចាប់​មនុស្ស​ដាក់​គុក​ជុំវិញ​រឿង CLV

0:00 / 0:00

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ចាត់​ទុក ការ​ព្រមាន​ចាប់​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​(CLV) ដាក់​ពន្ធនាគារ​គឺជា​អំពើ​ឃោរឃៅ និង​ផ្ដាច់ការ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​គំរាម​ចាប់​ពលរដ្ឋ​ដែល​មិន​គាំទ្រ​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍CLVដាក់​ពន្ធនាគារ​ពី​បទ«ឧបឃាត និង​រួម​គំនិត​ក្បត់»។

ស្រប​ពេល​ដែល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​ចាប់​អ្នក​ប្រឆាំង​នឹង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ដាក់​ពន្ធនាគារ​នោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​រៀបចំ​បទ​ចោទ​រួច​ជា​ស្រេច​លើ​ក្រុម​ពលរដ្ឋ​ដែល​លោក ហៅថា​អ្នក​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ថា ការណ៍​ដែល​ក្រសួង​យុត្តិធម៌​ចាត់​ទុក​ពលរដ្ឋ ដែល​បារម្ភ​ខ្លាច​បាត់បង់​ទឹកដី​គឺ​ក្រុម​ប្រឆាំង​ជ្រុល​និយម ឬ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ដឹកនាំ​បែប​ផ្ដាច់ការ។ លោក​មើល​ឃើញ​ថា ស្ថាប័ន​យុត្តិធម៌​បច្ចុប្បន្ន គឺ​ស្ថាប័ន​បម្រើ​ឱ្យ​ផលប្រយោជន៍​គ្រួសារ​ត្រកូល​ហ៊ុន មិនមែន​បម្រើ​ផលប្រយោជន៍​ឱ្យ​ពលរដ្ឋ​នោះ​ទេ។

លោក ម៉ែន ណាត៖«គំរាម​ប្រជាពលរដ្ឋ ជាពិសេស គំរាម​ផ្ទៃ​ក្នុង​គណបក្ស​ខ្លួន​គាត់​ហ្នឹង ពីព្រោះ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន ក៏​គ្មាន​អ្នក​ណា​គេ​ទៅ​គាំទ្រ​រឿង​ដាក់​គម្រោងCLVជាមួយ​នឹង​វៀតណាម​ទេ ពីព្រោះ​វៀតណាម​យើង​ដឹង​ហើយ​តើ​មាន​មហិច្ឆតា​ឈ្លានពាន​ប្រទេស​កម្ពុជា ហើយ​ពួក​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន។ ខ្ញុំ​ជឿ​ថា គេ​មិន​តាម ហ៊ុន សែន ដោយសារតែ​រឿង លោក ហ៊ុន សែន ខ្លាច​គ្នា​ឯង​នៅ​ក្នុង​ជួរ​មន្ត្រី​ផ្ទៃ​ក្នុង​ហ្នឹង​បាន​ជា​ឃើញ​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​មាន​សារ​បែក​ធ្លាយ»។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ព្រមាន​ដាក់​ទោស​ធ្ងន់ធ្ងរ​លើ​ក្រុម ឬ​ពលរដ្ឋ​រូប​ណា ដែល​ហ៊ាន​ចេញ​តវ៉ា​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។ លោក កើត រិទ្ធ បញ្ជាក់​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ដើម្បី​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLVនោះ​មិនមែន​ជា​ការ​សម្ដែង​មតិ​ទេ ប៉ុន្តែ គឺជា​ផែនការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ជា​អំពើ​វិទ្ធង្សនា ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​សុខ​សង្គម។ ក្រសួង​យុត្តិធម៌​ព្រមាន​ថា ករណី​នេះ​ក្រុម​ពលរដ្ឋ​ប្រឈម​មុខ​នឹង ជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ ទៅ​ដល់ ៣០ឆ្នាំ ពី​បទ «ឧបឃាត» ហើយ​ប្រសិន​បើ​អ្នក​ទោស​នោះ គឺជា​មន្ត្រី​រាជការ​វិញ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ដោយឡែក ចំពោះ​បុគ្គល ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ​ដល់ ១០ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់» និង​ត្រូវ​បន្ថែម​ស្ថាន​ទម្ងន់​ទោស​ដាក់​ពន្ធនាគារ​ពី ១០ឆ្នាំ ទៅ​ដល់ ២០ឆ្នាំ ប្រសិនបើ​ជា​មន្ត្រី​រាជការ។ សេចក្ដី​ប្រកាស​របស់​ក្រសួង​យុត្តិធម៌ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បុគ្គល​រូប​ណា​ហ៊ាន​សារភាព​ទោស​កំហុស និង​សហការ ដើម្បី​បង្ក្រាប​លើ​អ្នក​ប្រព្រឹត្ត​នឹង​ទទួល​បាន​ការ​លើកលែង​ទោស។ លោក កើត រិទ្ធ អំពាវនាវ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ចាត់​វិធានការ​ឱ្យ​ម៉ឺងម៉ាត់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព​ជាតិ។

ក្រៅពី​ក្រសួង​យុត្តិធម៌​ព្រមាន​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ហើយ​នោះ នៅ​មាន​សារ​សំឡេង​បែក​ធ្លាយ​រយៈ​ពេល​ជាង ៣នាទី នៅ​លើ​បណ្ដាញ​សង្គម ដែល​គេ​ស្គាល់​ថា ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​គឺ លោក ស សុខា បាន​បញ្ជា​ឱ្យ​កងកម្លាំង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ចាប់​ពី​ថ្ងៃ​ទី១៥ ខែសីហា ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​មិន​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី១៨ ខែសីហា​ខាង​មុខ។ លោក ស សុខា បញ្ជាក់​ថា បញ្ជា​ការពារ​នៅ​គ្រប់​រាជធានី​ខេត្ត​ទាំង​អស់​ត្រូវ​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​ជួបជុំ ឬ​ការ​ធ្វើ​ដំណើរ​ជា​ក្រុមៗ មក​រាជធានី​ភ្នំពេញ ឬ​នៅ​ជិត​រាជធានី​ភ្នំពេញ​ឡើយ។

លោក ស សុខា៖«តាម​រយៈ​ការ​ប្រមូល​ព័ត៌មាន​ក្រុម​ការងារ​សន្តិសុខ​យើង​ទទួល​បាន​ថា មាន​ការ​គ្រោង​មាន​ការ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ឡើង​មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៨ មក​ធ្វើ​បាតុកម្ម​ទាក់ទង​នឹង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោងCLVហើយ​ជន​មួយ​ចំនួន ក៏​បាន​ឆ្លៀត​ឱកាស​ក្នុង​ការ​ប្រើ​រឿង​នេះ​ក្នុង​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង ក៏​ដូចជា​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ដើម។ល។ ក្នុង​ន័យ​នេះ ខ្ញុំ​បាន​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ណែនាំ​ទៅ​ស្នងការ​រាជធានី​ខេត្ត​ទាំង​អស់»។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រតិកម្ម​ខ្លាំងៗ ទាំង​នេះ កើត​ឡើង​បន្ទាប់ពី​មាន​ក្រុម​តេឡេក្រាម​មួយ ឈ្មោះ «រួបរួម ដើម្បី​ជាតិ» ប្រកាស​គ្រោង​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី១៨ ខែសីហា ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។

ទាក់ទិន​រឿង​នេះ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ស្ថាប័ន​តុលាការ កង​កម្លាំង​ប្រដាប់​អាវុធហត្ថ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត បច្ចុប្បន្ន គឺ​ជា​ឧបករណ៍​បម្រើ​ឱ្យ​គណបក្ស​កាន់​អំណាច។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ជាជាង​ការ​ព្រមាន​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ដែល​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ។

លោក ស៊ឹង សែនករុណា៖«ខ្ញុំ​ថា ប្រើប្រាស់​មធ្យោបាយ​បែប​ហ្នឹង​មិនមែន​ជា​មធ្យោបាយ​រក​ដំណោះស្រាយ​ទេ អ៊ីចឹង​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ត្រូវ​រក​ដំណោះស្រាយ។ ត្រូវ​មើល​ថា ការ​ទាមទារ​តវ៉ា វា​គឺជា​រឿង​ត្រូវ​រក​ដំណោះស្រាយ ឬ​អត់ ហើយ​អាច​ធ្វើ​ទៅ​បាន​អត់ ហើយ​ប្រសិន​មាន​ការ​គោរព​តាម​ទាមទារ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​បាន​គួរតែ​អនុវត្តន៍​ទៅ ហើយ​ទទួល​បាន​ផល​មក​ខ្លួន​ឯង​វិញ​ទេ មិនមែន​ទៅ​ធ្វើ​ការ​រឹតត្បិត​អ៊ីចឹង។ ខ្ញុំ​ថា ធ្វើ​អ៊ីចឹង​គ្មាន​ប្រសិទ្ធភាព​ទេ​ថ្ងៃ​ណា​មួយ​អាច​នឹង​មាន​បះបោរ»។

បើ​ទោះ​ជា​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​គំរាម​សម្លុត​ប្រើ​គុក​ច្រវាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បង្ក្រាប​លើ​ពលរដ្ឋ​មិន​ឱ្យ​ចេញ​តវ៉ា​យ៉ាង​ណា​ក្ដី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​នៅ​តែ​ពុះកញ្ជ្រោល ដោយ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដក​ខេត្ត​ខ្មែរ​ទាំង៤ ចេញ​ពី​គម្រោងCLVដោយ​ពួក​គាត់​ថា នេះ​ជា​រឿង​បូរណភាពទឹកដី និង​ជា​ជោគវាសនា នៃ​ប្រទេស​ជាតិ​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។