ពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បាត់ដំបង​​​និយាយ​ថា មាន​មនុស្ស​ដើរ​​ទិញ​ទឹក​ចិត្ត​​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន ដើម្បី​បង្កើត​បក្ស​ថ្មី

0:00 / 0:00

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង អះអាង​ថា មាន​មនុស្ស​មួយ​ក្រុម​ចាប់​ផ្ដើម​ដើរ​ទិញ​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​គណ​បក្ស​នេះ នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ ដើម្បី​ឱ្យ​ចូល​រួម​បើក​គណបក្ស​ថ្មី​នៅ​ពេល​ខាង​មុខ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​រឿង​របស់​ក្រុម​អ្នក​នយោបាយ​ឱកាស​និយម ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បើក​គណបក្ស​ថ្មី​ប៉ុណ្ណោះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ពេជ្រចិន្ដា ស្រុក​ភ្នំ​ព្រឹក លោក ឆេង សុផល ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី១៥ កុម្ភៈ​ថា បើ​ទោះ​ជា​មាន​មនុស្ស​មួយ​ក្រុម​ព្យាយាម​អូសទាញ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​យ៉ាង​នេះ​ក្ដី​ ក៏​ពួក​លោក​នៅ​តែ​ស្មោះ​ស្ម័គ្រ​គណបក្ស​នេះ​ដោយ​ឥតងាករេ​ដដែល។ លោក​បញ្ជាក់​ថា ​នៅ​ម្ដុំ​​ថ្ងៃ​ទី៧ និង​ទី​៨ កុម្ភៈ​កន្លង​ទៅ​ មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រហែល​ ៥​នាក់ បាន​អូស​ទាញ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​អ្នក​គាំទ្រ​បក្ស​នេះ​​ជា​ច្រើន​នាក់​ ឱ្យ​ទៅ​ចូល​រួម​ប្រជុំ​នៅ​ផ្ទះ​អ្នក​ភូមិ​​ក្នុង​ឃុំ​ពេជ្រចិន្ដា។ លោក​បន្ថែម​ថា​ មនុស្ស​មួយ​ក្រុម​ដែល​ពួក​គាត់​មិន​ស្គាល់​ឈ្មោះ​​នេះ​ បាន​​ផ្ដល់​ប្រាក់​ដល់​អ្នក​ចូល​រួម ម្នាក់​ចន្លោះ​ពី ១០០ ទៅ ១៥០ដុល្លារ​អាមេរិក ដើម្បី​ជា​ថ្នូរ​ឱ្យ​ឈប់​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​​រួម​គ្នា​បើក​គណបក្ស​ថ្មី ដើម្បី​ប្រកួតប្រជែង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ៖ «គឺ​គេ​ឱ្យ​សកម្មជន​របស់​ខ្ញុំ ៣នាក់​ដើរ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ ដោយ​គេ​ឃោសនា​បង្កើត​បក្ស​ថ្មី ហើយ​ថា​រឿង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គេ​រំលាយ​ចោល​ហើយ​ មិន​អាច​កើត​វិញ​បាន​ទេ​ គេ​និយាយ​អ៊ីចឹង។ ចំពោះ​រូប​ខ្ញុំ​ ខ្ញុំ​ជម្រាប​លោក​ត្រង់ ខ្ញុំ​ថា​ស្លាប់​មិន​ដូរ​ឈ្មោះ​រស់​មិន​ដូរ​ត្រកូល ទៅ​ណា​ក៏​ខ្ញុំ​មិន​ទៅ​នៅ​តែ​ដដែល​ ប្រហែល​គេ ៧ពាន់ ៨ពាន់​ដុល្លារ​យក​មក​ឱ្យ​ខ្ញុំ ខ្ញុំ​អត់​អឺអើ​ជា​មួយ​ផង​ ខ្ញុំ​អត់​មាន​លំអៀង​ទេ ហើយ​ពួក​ខ្ញុំ​ប៉ុន្មាន​ហ្នឹង​គឺ​ខ្ញុំ​រឹង​ណាស់ »

លោក​ បន្ថែម​ថា​ គណបក្ស​ថ្មី​​នេះ​ មាន​ឈ្មោះ​គណបក្ស​ស្រោច​ស្រង់​ជាតិ ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ នេះ។

ស្រដៀង​គ្នា​នេះ​ដែរ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ភ្នំព្រឹក​ លោក គាំ លុយ​ មាន​ប្រសាសន៍​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ទាំង​នោះ​សោកស្ដាយ ក្រោយ​ពី​បាន​ផ្ដិត​ស្នាម​មេដៃ​ឱ្យ​ក្រុម​អ្នក​នយោបាយ​ទាំង​នោះ បើក​គណបក្ស​ថ្មី​ ព្រោះ​ចាញ់​​ល្បិចកល ដោយ​នឹក​ស្មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរ​ការ​ឡើង​វិញ៖ «តាម​ដែល​គាត់​រាយការណ៍​មក​ហ្នឹង​ ថា​មាន​ក្រុម​ប្រឹក្សា​របស់​ខ្ញុំ​មាន​ផ្ដិត​ស្មាន​មេដៃ​ឱ្យ​គេ​៣​នាក់​ដែរ​ ដោយ​សារ​តែ​គេ​ថា​វា​ជា​ស្មារតី​សង្គ្រោះ​ជាតិ​ដដែល​ទេ​ ប៉ុន្តែ​ជា​នយោបាយ​សម្របសម្រួល​ជា​មួយ​រដ្ឋាភិបាល​ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​ការ​បំភាន់​មតិ​របស់​គាត់​អីចឹង​ ដូច្នេះ​គាត់​ក៏​ដាក់​ស្នាម​មេដៃ​ឱ្យ​គេ​តាម​ដែល​គេ​ចង់​បាន​ហ្នឹង​ទៅ »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​​ក្រុម​មនុស្ស​ដែល​គេ​ចោទ​ថា​ដើរ​អូសទាញ​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​នេះ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៥ កុម្ភៈ។

រីឯ​ស្មៀន​ឃុំ​ពេជ្រចិន្ដា លោក ​ដេ វ៉ាន់​នាង ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ឃុំ​​ពុំ​បាន​ទទួល​ដំណឹង​ជុំ​វិញ​ពី​ការ​ប្រមូល​ពលរដ្ឋ​ចូល​រួម​ប្រជុំ​បង្កើត​គណបក្ស​ថ្មី​នេះ​ទេ៖ «បាទ ! អត់​មាន​អី​ផង​ អត់​បាន​ពីណា​រាយការណ៍​មក​ផង​។ បាទ​អត់​ទេ​ ខាង​ខ្ញុំ​ដូច​អត់​លឺ​ពី​ណា​ទៅ​ប្រជុំ​អី​ផង​ ស្ងាត់​ធម្មតា​ទេ​បាទ

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស ​អាដហុក (Adhoc) ​ខេត្ត​បាត់ដំបង លោក យិន ម៉េង​លី យល់​ថា ​​​មនុស្ស​ដែល​​អូសទាញ​ប្រជាពលរដ្ឋ​នោះ​ ប្រហែល​ដោយសារ​ពួក​គេ​ចង់​បង្កើត​​​គណបក្ស​នយោបាយ​ប្រឆាំង​មួយ​ថ្មី​ផ្សេង​ទៀត ដើម្បី​ប្រកួតប្រជែង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា​ លោក​ថា ទង្វើ​បែប​នេះ​នឹង​មិន​បាន​ជោគជ័យ​ឡើយ​ ពី​ព្រោះ​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​យល់​ច្បាស់​អំពី​​អត្តចរិត​របស់​អ្នក​នយោបាយ​ ពោល​គឺ ពលរដ្ឋ​ទទួល​ប្រាក់​ពី​អ្នក​នយោបាយ​ ប៉ុន្តែ​​នឹង​មិន​បោះ​ឆ្នោត​ជូន​អ្នក​នយោបាយ​​ណា ដែល​មិន​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ៖ «ដោយសារ​តែ​ឥឡូវ​នេះ គឺ​ជា​សម័យ​បច្ចេកវិទ្យា អ៊ីចឹង​ប្រជាពលរដ្ឋ​ក៏​ទទួល​ព័ត៌មាន​បាន​ច្រើន​ ហើយ​ការ​អប់រំ​ការ​ផ្សព្វផ្សាយ​ក៏​មាន​ទូលំទូលាយ​បាន​ច្រើន​ដែរ។ អ៊ីចឹង​ការ​ប្រើប្រាស់​ថវិកា​នេះ​ដើម្បី​ទិញ​គាត់​មិន​មាន​ប្រសិទ្ធភាព​ទេ​​ តែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​គេ​យក​ស្នាម​មេដៃ​នេះ គ្រាន់​តែ​ដើម្បី​បំពេញ​បែប​បទ​ដាក់​ទៅ​ក្រសួង​ប៉ុណ្ណឹង​ទេ ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​ តែ​លទ្ធផល​ដូច​ជា​មិន​ទាន់​ដល់​រដូវ​បោះ​ឆ្នោត​រដូវ​ឃោសនា​អី​ទេ »

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ភ្នំព្រឹក​អះអាង​ថា សកម្មជន​បក្ស​នេះ​​នៅ​ក្នុង​មូលដ្ឋាន​នៅ​តែ​គាំទ្រ​លោក​ កឹម សុខា និង​ លោក សម រង្ស៊ី ​ជា​មនុស្ស​តែ​មួយ ដើម្បី​​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ប្រកួតប្រជែង​បោះ​ឆ្នោត​ដដែល។ ម្យ៉ាង​ទៀត​ ទោះ​បី​ស្ថិត​ក្នុង​រូប​ភាព​ណា​ក៏​ដោយ ក៏​ពួក​គាត់​មិន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ដទៃ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។