ការ​​ចូលរួម​​ទិញ​​​ប័ណ្ណ​ដើម្បី​​​ទិញ​​នាឡិកា​​លោក​ សម​ រង្ស៊ី​ ចាប់​​ផ្ដើម​​ហើយ​​

ដោយ មាន ឫទ្ធិ
2021-05-16
Share
ការ​​ចូលរួម​​ទិញ​​​ប័ណ្ណ​ដើម្បី​​​ទិញ​​នាឡិកា​​លោក​ សម​ រង្ស៊ី​ ចាប់​​ផ្ដើម​​ហើយ​​ (ឆ្វេង)​ បង្ហាញពីនាឡិកាដៃម៉ាកកាស្យូ​​ (Casio)​ របស់លោកសមរង្ស៊ី និងបន្ទាប់មកគឺនាឡិកាដៃដ៏ទំនើបរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយារបស់គាត់។
រូប៖ ហ្វេសប៊ុក

​អ្នក​ចូលរួម​ទិញ​​ប័ណ្ណ​នាឡិកា​លោក សម​ រង្ស៊ី​ ​ ​ត្រូវ​ចំណាយ​ប្រាក់​ ៥ ​ដុល្លារ​​សម្រាប់​ទិញ​ប័ណ្ណ​មួយ​សន្លឹក ​​ហើយបុគ្គល​ម្នាក់​មាន​សិទ្ធិ​ទិញ​ប័ណ្ណ​លើស​ពី​មួយ​​​​ដោយពេល​ទិញ​​ប័ណ្ណនោះ​​រួច​ហើយ​ ​អ្នក​ទិញនឹង​​ទទួល​បាន​លេខ​សម្គាល់​ដែលលេខសម្គាល់នោះ​នឹង​ត្រូវ​លោក​ សម​ រង្ស៊ី​ ចាប់​​​​ឆ្នោត​​​រក​អ្នក​ដែល​ត្រូវ​​​ទទួល​បាន​នាឡិកា​​ម៉ាក​​កាស្យូ​​ (Casio) ​របស់​លោក។

​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ​​និយាយ​ថា​ ​​ការ​ទិញ​ប័ណ្ណ​នាឡិកា​​ជា​កាយវិការ​​ដ៏​ថ្លៃ​ថ្លា​និង​ជា​​និមិត្ត​រូប​​នៃ​ការ​បរិច្ចាគ​​​​​ចេញ​​ពី​បុគ្គល​ម្នាក់​ៗ​​​ក្នុង​ការ​​ចូល​រួម​ចំណែក​​​ថវិកា​​​ជួយ​ពលរដ្ឋ​ក្រីក្រ​​នៅ​កម្ពុជា​​​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋ​កិច្ច​ធ្ងន់ធ្ងរ​និង​ខ្វះ​ខាត​ស្បៀង​អាហារ​ព្រោះ​​ជំងឺ​កូវីដ១៩​។​ លោក​ សម​ រង្ស៊ី​ ​ក៏​ឆ្លៀត​​ឌឺ ដង​ទៅ​លោក ហ៊ុន​ សែន​ ដែល​ពាក់​នាឡិកា​រាប់​លាន​ដុល្លារ​​គួរ​មាន​ការ​អៀន​ខ្មាស់​​​​​​ដែល​បង្អួត​នាឡិកា​ថ្លៃ​កប់​ពពក ​​ខណៈ​ពលរដ្ឋ​របស់​ខ្លួន​កំពុង​​ដាច់​បាយ​៖ «នាឡិកា​លោក​ ហ៊ុន​ សែន​ មួយ​គ្រឿង​ៗ​មិន​ខ្មាស់​ទេ​? យើង​បាន​ហឺហា​​ ពាក់​នាឡិកា​​តម្លៃ​រាប់​លាន​ដុល្លារ​ទៅ​សប្បាយ​ណាស់​ទៅ​អី? មោទនភាព​ណាស់​ទៅ​អី?​ដែល​​​ប្រជារាស្ត្រ​កំពុង​ដាច់​បាយ»។ 

លោក​ សម រង្ស៊ី​ ហៅ​ការ​ចូលរួម​បរិច្ចាគ​ថវិកា​នេះ​ជា​យុទ្ធនាការ​ប័ណ្ណ​នាឡិកា​ សម​ រង្ស៊ី​។​ លោក​ឱ្យ​ដឹង​ថា​ ​​​អ្នក​​រៀប​ចំ​កម្មវិធី​នឹង​ផ្ញើ​លេខ​ប័ណ្ណ​​ទៅ​អ្នក​ទិញ​​ដើម្បី​ចូល​​រួម​ចាប់​ឆ្នោត​ផ្សង​​សំណាង​​​ទទួល​បាន​​​​នាឡិការបស់លោក ​ដែល​​​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ ខែ​មិថុនា​​ខាង​មុខ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា ដែល​ទទួលបន្ទុក​រៀប​ចំ​កម្មវិធី​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា ​​ថ្ងៃ​ទី​១​ នៃ​យុទ្ធនាការ​នេះ​ឃើញ​មាន​អ្នក​ចូលរួម​ទិញ​ប័ណ្ណ​នេះច្រើន​ ប៉ុន្តែ​​មិន​ទាន់​ទទួល​បាន​តួលេខ​រួម​​នៅ​ឡើយ​ ដោយ​លោក​គ្រាន់​តែ​​ដឹង​ថា​ នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ​បាន​លក់​​ប័ណ្ណអស់​​ចំនួន​ពាក់​កណ្ដាល​ទៅ​ហើយ​។​ ​អ្នក​រៀប​ចំ​កម្មវិធី​រូប​នេះ​ ស្នើ​ទៅ​ពលរដ្ឋ​​រស់នៅ​ប្រទេស​នានា​ចូល​រួម​គាំទ្រ​យុទ្ធនាការ​មនុស្ស​ធម៌​មួយ​នេះ​៖ «សូម​ឱ្យ​បង​ប្អូន​​ដែល​រស់​នៅ​គ្រប់​ទ្វីប​​ទាំង​អស់​ក្រៅ​ប្រទេស​ក៏​ដោយ ក្នុង​ប្រទេស​ក៏​ដោយ​​​ ទំនាក់​ទំនង​​យើង​មាន​បណ្ដាញ​ហ្វេសប៊ុក​​យើង​ ឬក៏​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ក៏​បាន​​សូម​បង​ប្អូន​ជួយ​ជាវ»។

ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ តោ និមល​ សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា​ លោក​និង​ប្រពន្ធ​បាន​ជាវ​ប័ណ្ណ​នេះ​រួច​ហើយ​។​ លោក​ថា​​ ការ​​បរិច្ចាគ​ថវិកា​ប្រាំ​ដុល្លារ​​នេះ​ប្រសើរ​​ជាង​លោក​ ហ៊ុន​ សែន​ ពាក់​នាឡិកា​តម្លៃ ​​​៤លាន​ដុល្លារ​​​ បាន​​ពី​ការ​ប្លន់លុយ​​ពលរដ្ឋ​ក្រីក្រ​។​

យុទ្ធនាការជាវ​នាឡិកា​លោក សម រង្ស៊ី ធ្វើឡើងក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​កំពុងខ្វះ​ស្បៀងអាហារ​ ខណៈរដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​ខ្ទប់​តំបន់​មួយ​ចំនួនដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​។

ទោះ​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ ​និយាយ​ថា​ បើ​​លោក​ សម​ រង្ស៊ី​ មាន​ចិត្ត​ចង់​ជួយ​ពលរដ្ឋ​មែន​នោះ​ មិន​ចាំ​បាច់​លក់​នាឡិកា​​ទេ​ ​គឺ​​​យក​លុយ​ពី​គម្រោង​ធ្វើ​ទូរទស្សន៍​ព្រះ​អាទិត្យ​និង​លុយ​ពី​ការ​កៀរគរ​នៃ​យុទ្ធនាការ​ថ្ងៃ​៩ ​វិច្ឆិកា​ មកជួយ​ពលរដ្ឋ​បាន​ទាន់​ពេល​។​ ​អ្នក​នាំ​ពាក្យ​ដដែល​ ចោទ​ប្រកាន់​ថា​ នៅពេល​លោក​ សម​ រង្ស៊ី​ ​ប្រមូល​លុយ​ពី​ការ​លក់​​ប័ណ្ណ​នាឡិកា​​ ​រួច​ហើយ​នឹង​យក​លុយ​ដើរ​ស៊ី​ចាយ​​សប្បាយ​ពីរ​នាក់​ប្រពន្ធ​នៅ​ស្រុក​បារាំង៖ «ឥឡូវ​មាន​​លុយ​​មាន​​នៅ​​ដៃ​​យក​​ចាយ​​សិន​មក​​​ឱ្យ​ទាន់​សភាព​ការណ៍​ ចាំ​បាច់​យក​នាឡិកា​ប្រាំ​ដុល្លារ​មក​​អន្ទាក់​អី​ ​គ្រាន់​តែ​ធ្វើ​នុយ​ទេតើ ហ្នឹង​សរុប​មក​វិញ​​ជា​ល្បែង​បោក​ប្រាស់»។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី ធ្លាប់​លើក​ឡើង​ថា​ អ្វី​ដែល​លោក សម រង្ស៊ី ធ្វើ​នេះ​ជា​តិចនិកបង្កប់​ដោយ​វិធី​បញ្ឈឺ​ចិត្ត​ជំរុញ​ទៅ​រដ្ឋាភិបាលលោក ហ៊ុន សែន​គិតគូរ​បន្ថែម​ទៀត​ដល់​ការ​ផ្ដល់​ស្បៀងអាហារ​ឲ្យ​ពលរដ្ឋ។

បណ្ដាញ​ព័ត៌មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះថា វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយកាលពី​ចុងឆ្នាំ​២០២០​ ថា លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីនៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០​លាន​រៀល ឬ​​ប្រមាណ ២៥.០០០ដុល្លារ​​​អាមេរិក​ នោះបែរ​ជា​មាន​នាឡិកា​ដៃ​ប្រណិត​ជាច្រើន​គ្រឿងក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។​

ឆ្លើយ​តប​ការ​ចោទ​របស់​លោក សុខ ឥសាន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា និយាយ​ថា​​ ពេល​​ប្រមូលថវិកា​បានលោកនឹង​ស្នើ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បង្ក​ភាព​ងាយ​ស្រួល​ឱ្យ​​ក្រុម​​ការងារ​លោក​អាច​​យក​លុយ​ជួយ​ពលរដ្ឋ​​​​​ គឺ​គ្រប់​គ្រាន់​​អាច​ដឹង​ការ​ពិត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Wear watch is used to to all former Khmers rouge in 1975-1979 till today
Wear watch is used to to all former Khmers rouge in 1975-1979 till today says:
May 17, 2021 12:05 PM

Most former khmer rouges notorious likes to wear watch to show everybody that they were tache top khmer rouge powerful leaders,that why when all these notorious killers evacuated million of pple from the cities to countryside and most of them just looked to some pple who worn watch or gold jewry,they will asked or offered pple to give back to them.Because,the invisible Angkar Leur don't let anyone wear watch or jewry under khmer rouge Angkar revolutionary.Sometimes they'd killed pple to took away their watch or jewry,because they thought that materials world were invaluable in revolution policy.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល