មន្ត្រី​បក្ស​ប្រឆាំង និង​អ្នករិះគន់​ថា លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ទឹក​ដី​អាមេរិក​ជា​ថ្មី​ទៀត

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​​រិះ​គន់​ថ្លែងថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួល​រង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ទឹក​ដី​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត ដោយ​សារ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​ត្រៀម​ចេញ​បាតុ​កម្ម​ស្វាគមន៍ ទោះ​ជា​បី​មន្ត្រី​រដ្ឋាភិបាល​ដើរ​កៀង​គរ​អ្នក​គាំទ្រ​យក​មក​បិទ​បាំង​ទង្វើ​ដឹក​នាំ​​ផ្តាច់​​ការ​យ៉ាងណា​ក្តី។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជា​ជាតិ និង​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​លោក​នៅ​អាមេរិក​ម្ដង​ទៀត​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ម្ដង​ទៀត ប្រសិន​បើ​លោក​ទៅ​ចូល​រួម​​ប្រជុំ​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​មិន​ពេញចិត្ត​ហើយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ដែល​ដឹក​នាំ​បែប​ផ្តល់​ការ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​​សេរី​ថា កន្លង​ទៅ​ក្រុម​អ្នកគាំទ្រ​ដែល​បាន​ចូល​កម្ម​វិធី​ជួប​ជុំ​ជា​មួយ​លោក ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ពី​រដ្ឋ​នានា​នៅ​អាមេរិក និង​មក​ពី​កម្ពុជា ដោយ​ផ្តល់​ប្រាក់​កាក់ មធ្យោបាយ និង​ផល​ប្រយោជន៍​ផ្សេងៗ ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​របស់​ខ្លួន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​​ភាគ​ច្រើន​រស់​នៅ​អាមេរិក​មិន​ទៅ​ទទួល​ស្វាគមន៍​មេ​ដឹកនាំ ដែល​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ឱ្យ​ទទួល​រង​ទុក្ខ​វេទនា​ឡើយ។ លើស​ពី​នេះ​លោក​ថា​ពួកគេ​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​របស់​លោក ហ៊ុន សែន នៅ​លើ​ទឹកដី​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ដើម្បី​បង្ហាញ​ទៅ​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិន​គាំទ្រ​​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​នោះ​ទេ៖ « លោក ហ៊ុន សែន មក​អាមេរិក​ជា​សិទ្ធិ​សេរីភាព​របស់​គាត់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​មិន​គាំទ្រ​របប​លោក ហ៊ុន សែន ទេ​ពី​ព្រោះ​ពួក​គាត់​រស់​នៅ​ប្រទេស​ប្រជាធិបតេយ្យ អ៊ីចឹង​មិន​ទទួល​ស្គាល់​របប​ផ្ដាច់​ការ​ដូច​របប​លោក ហ៊ុន សែន។ ខ្ញុំ​យល់​ថា​គាត់​នឹង​រង​ភាព​អាម៉ាស់​ម្ដង​ទៀត​នៅ​ពេល​គាត់​មក​អាមេរិក​ដោយ​សារ​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ហើយ​អាច​រង​ភាព​អាម៉ាស់​ជាង​ហ្នឹង​ទៀត»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មិថុនា ដោយ​ប្រកាស​ថា​លោក​នឹង​ទៅ​ចូល​រួម​មហា​សន្និបាត​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​ឆ្នាំ​នៅ​អាមេរិក​ចាប់​ពី​ថ្ងៃ​ទី២០-​២៥ ខែកញ្ញា​ខាង​មុខ។ ក្រៅពី​នេះ លោក ហ៊ុន សែន ក៏​​នឹង​​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ម្ដង​ទៀត​ដែរ៖ « ខ្ញុំ​មាន​ផែន​ការ​ទៅ​អាមេរិក គឺ​ទៅ​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជា​ជាតិ ចាប់​ផ្ដើម​ពី​ថ្ងៃទី២០នឹង​ទៅ​ទី​នោះ ហើយ​ថ្ងៃ​ទី​២៥ ខែ៩ ត្រឡប់​មក​វិញ ខ្ញុំ​មាន​គម្រោង​ជួប​ជា​មួយ​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​ទៀត»។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​ថា​លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​កម្ម​វិធី​ទាក់ទង​ដំណើរ​ទស្សន​កិច្ច​ខាង​មុខ​នេះ​បាន​ទេ។ ប៉ុន្តែលោក​អះអាង​ថា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ នឹង​​មិន​​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​ដល់​មុខ​​មាត់​រដ្ឋាភិបាល​​កម្ពុជា​​ឡើយ៖ « ចង់​បំបាក់​មុខ​រដ្ឋាភិបាល​ ប៉ុន្តែ​​រដ្ឋាភិបាល​មិន​ដែល​​យក​​ការ​បញ្ចេញ​យោបល់​ហ្នឹង​ជា​ការ​បាក់​មុខ​បាក់​មាត់​នោះ​ទេ គ្រាន់​តែ​យើង​ចង់​ដឹង​តើ​អ្នក​ហ្នឹង​និយាយ​អី ហើយ​បើ​អ្នក​បញ្ចេញ​យោ​បល់​ថា​គោរព​ស្រឡាញ់​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស​ដោយ​អត់​ស្គាល់​អ្វី​ទៅ​លទ្ធិ​ប្រជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស​ផងនោះ ឱ្យ​យើង​ប្រកាន់​មិច​កើត»។

ទោះ​ជា​យ៉ាង​ណា អ្នក​​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​កញ្ញា សេង ធារី មើល​ឃើញ​​ថា​ដំណើរ​ទស្សន​កិច្ច​ទៅ​អាមេរិក​លើក​នេះ​មិន​សូវ​សំខាន់​ដូច​លើ​មុន​នោះ​ទេ ប៉ុន្តែ​កញ្ញា​យល់​ថា​តាម​រយៈ​កិច្ច​ប្រជុំ​ខាង​មុខ​នេះ លោក ហ៊ុន សែន នឹង​ព្យាយាម​ពន្យល់​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ និង​បង្កើត​រូបភាព​ទាញ​យក​ផល​ប្រយោជន៍​នយោបាយ​ពី​ពលរដ្ឋ ដើម្បី​បិទ​បាំង​ទង្វើ​អាក្រក់​នៅ​ក្នុង​ប្រទេស។ កញ្ញា​បញ្ជាក់​ថា បើ​លោក ហ៊ុន សែន នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​បន្ត​ទៀត នោះ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​នឹង​ងើប​តវ៉ា​ប្រឆាំង​វត្ត​មាន​គាត់​ដដែល៖ « ចំពោះ​អន្តរ​ជាតិ​បើ​សិន​គេ​អាន​អត្ថបទ​អំពី​កម្ពុជា​ភ្លាមៗ កម្រមាន​អត្ថ​បទ​ណា​ដែល​និយាយ​ល្អ​អំពី​កម្ពុជា​ចេញ​ពី​ទង្វើ​នៃ​របប​ផ្ដាច់​ការ​នេះ​ជា​សាធារណៈ​ណាស់ អ៊ីចឹង​គេ​យល់​ពី​អំពើ ប្រវត្តិ​របស់​លោក ហ៊ុន សែន ដឹក​នាំ​រហូត​ដល់​សព្វ​ថ្ងៃ​រយៈ​ពេល​ជាង ៣០ឆ្នាំ គ្រាន់​តែ​ព័ត៌មាន​មួយ​ចំណុច​ហ្នឹង​គេ​អាច​យល់​បាត់​ហើយ»។

កាល​ពី​ថ្ងៃ​ទី១២-១៣ ខែ​ឧសភា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន (Washington) ម្ដង​រួច​មក​ហើយ។ ដំណើរ​ទស្សន​កិច្ច​នោះ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់ គឺ​លោក អ៊ុក ទូច បាន​យក​ស្បែក​ជើង​គប់​តម្រង់​ទៅ​លើ​លោក ហ៊ុន សែន ក្នុង​ពេល ដែល​លោក​កំពុង​ថត​រូប​ជាមួយ​ក្រុម​អ្នក​គាំទ្រ។ ម្ចាស់​ស្បែក​ជើង​រូប​នោះ​អះអាង​ថា មូលហេតុ​ដែល​លោក​យក​ស្បែក​ជើង​គប់​ក្បាល​លោក ហ៊ុន សែន គឺ​ដោយសារ​លោក​ខឹង​នឹង​លោក ហ៊ុន សែន ​ដែល​សម្លាប់​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ និង​​​ធ្វើ​​ទុក្ខ​​​បុក​​​ម្នេញ ​​ពលរដ្ឋ​​​ខ្មែរ​​​​ជា​​​ច្រើន​​​​នាក់ ​ដែល​​​មិន​​​គាំទ្រ​​​លោក អំឡុង​​​​ពេល​​​​​លោក​​​​ដឹក​​​​នាំ​​​​ប្រទេស​។ ចំណែក​អ្នក​រង​គ្រោះ​ក្រោម​ការ​ដឹកនាំ​រដ្ឋា​ភិបាល​ឯក​បក្ស លើក​​ឡើង​​ថា លោក ហ៊ុន សែន សម​នឹង​រង​ទទួល​រង​ភាព​អាម៉ាស់​ខ្លាំង​ជាង​នេះ ​​​បើ​​​ធៀប​​​នឹង​​​​​ទុក្ខ​​វេទ​នា​​របស់​​​ពលរដ្ឋ​​​ខ្មែរ។

អ្នក​​ឃ្លាំ​​មើល​​​បញ្ហា​​​សង្គម តែង​​​លើក​​ឡើង​​​ថា​​កន្លង​​មក​​​ក្រោម​​​ការ​គ្រប់​​គ្រង​​​របស់​​លោក ហ៊ុន សែន ពោរ​ពេញ​​​ដោយ​​​អសន្តិសុខ​​មាន​​អំពើ​​​ហិង្សា ការ​​រំលោភ​​​ដីធ្លី អយុត្តិធម៌​​​សង្គម អំពើ​​ពុក​​រលួយ ការ​​​រំលោភ​​បំពាន​​សិទ្ធិ​​​នយោបាយ សិទ្ធិ​​​ពល​រដ្ឋ និង​​​សិទ្ធិ​​​កម្មករ​​​ជា​​ដើម។ ម្យ៉ាង​​ទៀត​​ស្នា​ដៃ​​​លេចធ្លោ និង​​​កក្រើក​​​ពេញ​​​ពិភព​​លោក​របស់​​​លោក ហ៊ុន សែន ក្នុង​​​រយៈ​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​ចុង​​​ក្រោយ​​នេះ គឺ​​​ការ​​​បើក​​​យុទ្ធនា​ការ​​​កម្ទេច​​​បក្ស​​​ប្រឆាំង ដែល​​​មាន​​​សង្ឃឹម​​ឈ្នះ​​ឆ្នោត​​​តែ​​មួយ​​គត់​​​នៅ​​​កម្ពុជា រៀបចំការ​បោះ​ឆ្នោត​ក្លែង​ក្លាយ និង​​​បង្ក្រាប​​​លើ​​​សំឡេង​​​រិះគន់​​​ឥត​​​ឈប់​​ឈរ​​​រហូត​​​មក​ទល់​​​ពេល​​នេះ។ ទង្វើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន បែប​នេះ​​បាន​​​ធ្វើ​ឱ្យ​​​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ​ព្រមទាំង​ប្រទេស​​​ប្រជាធិបតេយ្យ​មិន​​ឱ្យ​​តម្លៃ និង​​ជាប់​​ឈ្មោះ​អាក្រក់​​លើ​​ឆាក​​អន្តរ​ជាតិ​ខាង​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។