អាជ្ញាធររបបក្រុងភ្នំពេញបង្ក្រាបក្រុមស្ត្រីថ្ងៃសុក្រដែលតវ៉ានិងដាក់ញត្តិជូនស្ថានទូតអាមេរិកនៅព្រឹកថ្ងៃទី១០ ខែកញ្ញា។ ក្រុមស្ត្រីថ្ងៃសុក្រ និងមន្ត្រីសិទ្ធិមនុស្ស ថ្កោលទោសអាជ្ញាធរ ដែលបំបិទសិទ្ធិសេរីភាពពួកគាត់ មិនឲ្យស្វែងរកយុត្តិធម៌សម្រាប់សមាជិកគ្រួសារ ដែលកំពុងជាប់ឃុំដោយសាររឿងនយោបាយ។
ក្រុមសមត្ថកិច្ច និងកងសន្តិសុខខណ្ឌដូនពេញប្រមាណ ៥០នាក់ បានតាមរារាំង និងបង្ក្រាបលើក្រុមស្ត្រីថ្ងៃសុក្រប្រមាណ ១០នាក់ដែលជាសាច់ញាតិ និងជាប្រពន្ធកូនរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ មិនឲ្យប្រមូលផ្ដុំលើកបដា និងស្រែកតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតអាមេរិកនោះទេ ក្រោមហេតុផលថា ខ្លាចឆ្លងជំងឺកូវីដ -១៩៖ «សម័យនេះសម័យកូវីដ ដូច្នេះមិនអាចប្រមូលផ្ដុំទេត្រូវរក្សាគម្លាតយ៉ាងតិច ១ម៉ែត្រកន្លះដើម្បីការពារការឆ្លងនូវជំងឺកូវីដ-១៩។ ជាពិសេសមិនអនុញ្ញាតឱ្យលើកបដាទេ ចង់តវ៉ា ត្រូវចាត់តំណាងដាក់ញត្តិមិនត្រូវមកស្រែកឡូឡា ប្រមូលផ្ដុំជេរបញ្ចោរអ៊ីចឹងអត់ទេ។ ប្រសិនបើមិនស្ដាប់ការណែនាំអាជ្ញាធរនឹងអនុវត្តតាមច្បាប់»។
ទោះបីជាអាជ្ញាធរខណ្ឌដូនពេញ ប្រកាសតាមមេក្រូ ឲ្យអ្នកតវ៉ារក្សាគម្លាតក្តី ប៉ុន្តែក្រុមអាជ្ញាធរខ្លួនឯង បាននាំគ្នាឈរច្រងេងច្រងាងជាប់ៗ គ្នា និងតាមឆាឆៅក្រុមស្ត្រីថ្ងៃសុក្រមិនឲ្យលើកបដា មិនឲ្យស្រែកតវ៉ា និងដណ្ដើមយកទូរស័ព្ទមិនឲ្យថតផ្សាយផ្ទាល់តាមហ្វេសប៊ុក (Facebook) ព្រមទាំងបាញ់អាល់កុលដាក់មុខស្ត្រីទាំងនោះទៀតផង។ ក្រោយដណ្ដើមយកទូរស័ព្ទរួច ក្រុមអាជ្ញាធរ បានបង្ក្រាបទៅលើក្រុមស្ត្រីថ្ងៃសុក្រ ដោយរុញច្រាន និងចាប់អូសស្ត្រីមួយចំនួន បណ្ដាលឱ្យពួកគាត់ដាច់រយៈដៃចេញឈាម និងមានស្នាមជាំលើរាងកាយជាច្រើនកន្លែង។
តំណាងស្ត្រីថ្ងៃសុក្រម្នាក់ ដែលមានប្ដី និងកូនប្រុសកំពុងជាប់ឃុំ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា លោកស្រី ហួសចិត្ត ដែលអាជ្ញាធរបន្តតាមធ្វើទុក្ខបុកម្នេញ និងរំលោភបំពានសិទ្ធិរបស់ពួកលោកស្រី ដល់មុខស្ថានទូតសហរដ្ឋអាមេរិក៖ « ចាប់ទាញទីណាត់ទីណែង អូសតែម្ដង កញ្ឆក់យករូបថត បាញ់អាល់កុលដាក់ភ្នែក ធ្វើគ្រប់រូបភាពទាំងអស់ កញ្ឆក់ទូរស័ព្ទមិនឲ្យឡាយមិនឲ្យថត។ ពួកគាត់ថតខ្ញុំបាន តែចំពោះពួកខ្ញុំឡាយពួកគាត់អត់បាន។ សម្ដីពួកគាត់វិញ អសុរោះបំផុត ហៅង៉ែង ហង ទាំងដែលខ្ញុំអាចធ្វើជាបងជាម្ដាយគាត់បាន » ។
ការប្រមូលផ្ដុំគ្នារបស់ក្រុមស្ត្រីថ្ងៃសុក្រនៅមុខស្ថានទូតអាមេរិកនេះ គឺដើម្បីដាក់ញត្តិជូនស្ថានទូត និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងគ្រួសារពួកគាត់ ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌។ ពួកគាត់ រៀបរាប់ក្នុងញត្តិទៀតថា ស្ថានភាពនៅក្នុងពន្ធនាគារចង្អៀតណែនខ្លាំង ខ្វះអនាម័យ កង្វះអាហារូបត្ថម្ភ និងមិនអាចអនុវត្តវិធានការសុខាភិបាលបានទេ ដែលនាំឲ្យប៉ះពាល់សុខភាពរបស់អ្នកជាប់ឃុំ។ លើសពីនេះ ពួកគាត់សង្កត់ធ្ងន់ថា តុលាការ បានអូសបន្លាយពេលឃុំឃាំងសកម្មជនទាំងនោះឲ្យរងទុក្ខវេទនាយូរអង្វែងដោយគ្មានការកាត់ក្ដីឡើយ។ ក្រុមស្ត្រីទាំងនេះ លើកឡើងទៀតថា របបឯកបក្សសព្វថ្ងៃនេះ ចាប់មនុស្សដាក់គុកតាមអំពើចិត្ត និងមិនខ្វាយខ្វល់ស៊ើបអង្កេតករណីវាយដំលើសកម្មជនគណបក្សសង្គ្រោះជាតិនោះទេ។
ក្រោយការរារាំង និងការបង្ក្រាបរបស់អាជ្ញាធរ ខាងមន្ត្រីស្ថានទូតអាមេរិក បានអនុញ្ញាតឲ្យតំណាងស្ត្រីថ្ងៃសុក្រ ៣នាក់ចូលដាក់ញត្តិនៅក្នុងស្ថានអាមេរិកដោយជោគជ័យ។
លោកស្រី ព្រុំ ចាន់ថា ឲ្យដឹងថា មន្ត្រីស្ថានទូតអាមេរិក បញ្ជាក់ថា ស្ថានទូតអាមេរិក នឹងមិនទុកពួកលោកស្រីចោលនោះទេ ហើយស្ថានទូតបានតាមដានស្ថានភាពពួកលោកស្រីជាប់ប្រជាចាំ។ លោកស្រី ព្រុំ ចាន់ថា សង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយជំរុញឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា និងជួយអន្តរាគមន៍ឲ្យមានការដោះលែងអ្នកជាប់ឃុំដោយមូលហេតុនយោបាយឲ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ ព្រោះអាមេរិកជាប្រទេសមហាអំណាចដែលមានទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងជាម្ចាស់ជំនួយដ៏សំខាន់របស់កម្ពុជា៖ « ជាធម្មតាជំនួយរបស់អាមេរិក គឺជាជំនួយឥតសំណង ដូច្នេះខ្ញុំចង់ឲ្យជួយឲ្យចំមនុស្ស កុំឲ្យខុសមនុស្ស ព្រោះធម្មតា គាត់ជួយមកដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែជួយមកហើយ គាត់ ( រដ្ឋាភិបាលកម្ពុជា ) អត់គោរព សិទ្ធិមនុស្សផង ធ្វើបាបតែបក្សប្រឆាំង។ ខ្ញុំទៅស្ថានទូតអាមេរិកនេះ ដើម្បីរកយុត្តិធម៌សម្រាប់គ្រួសារ និងប្ដីរបស់ខ្ញុំ និងប្រជាពលរដ្ឋទាំងអស់។ ខ្ញុំមិនរំពឹងលើតុលាការទេ ដោយសារជាតុលាការបក្ស និងធ្វើបាបតែពួកខ្ញុំ » ។
ជុំវិញការដាក់កម្លាំងបង្ក្រាបលើក្រុមស្ត្រីថ្ងៃសុក្រនេះ អាស៊ីសេរី មិនទាន់អាចសុំឆ្លើយតបពីអភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះជាយ៉ាងណាកន្លងមក ក្រុមអាជ្ញាធររបបក្រុងភ្នំពេញ បានបកស្រាយក្នុងរបៀបតែមួយថា ការប្រើហិង្សាបង្ក្រាបលើអ្នកតវ៉ាដោយសន្តិវិធីទាំងនោះ គឺជាការអនុវត្តច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
ទាក់ទងករណីនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរ មានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់សិទ្ធិជួបជុំតវ៉ា និងដាក់ញត្តិតាមគោល បំណងរបស់ពួកគាត់ មិនមែនទៅរារាំងពលរដ្ឋដូច្នេះទេ៖ « ប៉ុន្តែការដែលទៅបង្កលក្ខណៈរារាំង រឹតត្បិត មានហិង្សា ទៅវិញទេដែលជាហេតុធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ចំណុចទាំងអស់នេះ គួរគប្បីពិនិត្យមើលនិងកែសម្រួលឡើងវិញ ដើម្បីធ្វើឲ្យលំហនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ទាមទារតវ៉ានេះ មិនរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ » ។
ក្រុមស្ត្រីថ្ងៃសុក្រ បានដាក់ញត្តិជូនស្ថានទូតអាមេរិកពីរលើករួចមកហើយ។ កាលពីថ្ងៃសុក្រ ទី២៧ សីហា កន្លងទៅ ពួកគាត់ ក៏បានដាក់ញត្តិដែលមានខ្លឹមសារដូចគ្នាជូនស្ថានទូតជប៉ុនដែរ ប៉ុន្តែនៅទីនោះ អាជ្ញាធររបបក្រុងភ្នំពេញ ហាក់ទុកមុខឲ្យស្ថានទូតជប៉ុន ដោយមិនរារាំងនិងបង្ក្រាបធ្ងន់ធ្ងរដូចនៅមុខស្ថានទូតអាមេរិក និងទីតាំងមួយចំនួនទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមស្ត្រីប្រពន្ធកូនរបស់សកម្មជនបក្សប្រឆាំងទាំងនេះ ប្ដេជ្ញាថា ពួកគាត់ នឹងបន្តដាក់ញត្តិជូនស្ថានទូតប្រទេសប្រជាធិបតេយ្យផ្សេងៗ ទៀត រហូតទាល់តែទទួលបានជោគជ័យក្នុងការដោះលែងគ្រួសាររបស់ពួកគាត់៕