មន្ត្រីបក្សប្រឆាំងចាត់ទុកដីកាកោះរបស់តុលាការរបបក្រុងភ្នំពេញថា ជារឿងកំប្លែង

អាជ្ញាធររបបក្រុងភ្នំពេញកាលពីថ្ងៃទី១៤ វិច្ឆិកា បានយកដីកាកោះហៅ មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៦៨នាក់បន្ថែមទៀត ដើម្បីចូលរួមសវនាការ ជំនុំជម្រះនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះពីបទ« រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ដែលបានប្រព្រឹត្តិកាលពីក្នុងអំឡុងឆ្នាំ២០១៩។
តុលាការក្រុងភ្នំពេញ កាលពីខែតុលា បានកោះហៅមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ចំនួន ៩រូបរួមទាំង ប្រធានស្ដីទីបក្សប្រឆាំង លោក សម រង្ស៊ី ផង ឲ្យចូលបំភ្លឺនៅមុខសាលាដំបូង ក្រុងភ្នំពេញនៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងសំណុំរឿង រួមគំនិតក្បត់។
ដីកាកោះហៅមន្ត្រី បក្សសង្គ្រោះជាតិ ទាំងពីរលើកនេះត្រូវបានអាជ្ញាធរក្រុងភ្នំពេញយកទៅបិទនៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានចាត់ទុកដីកា កោះហៅរបស់តុលាការក្រុងភ្នំពេញថា ជារឿងកំប្លែង និងមានលក្ខណៈជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោកថា ដីកាកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិភាគច្រើន គឺជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ហើយបើតាមច្បាប់តុលាការ គួរតែផ្ដល់លិខិតនេះដល់ដៃនៅតាមផ្ទះរបស់សាមីខ្លួន នីមួយៗ មិនត្រូវយកទៅបិទនៅទីស្នាក់ការ គណបក្សដែលកំពុងជាប់បម្រាមរបស់តុលាការនោះទេ៖ «គេកោះហៅហ្នឹងគឺអ្នកហ្នឹងខ្មែរនៅក្រៅប្រទេស គាត់អត់មានអាសយដ្ឋាន នៅក្នុងប្រទេសកម្ពុជាទេ គាត់រស់នៅក្រៅប្រទេស។អញ្ចឹងប្រសិន បើតុលាការធ្វើតាមនីតិវិធីច្បាប់ គេត្រូវតែឱ្យអាជ្ញាធរ ទាក់ទងជាមួយ បណ្ដាប្រទេសដែលថា អ្នកទាំងអស់ហ្នឹងរស់នៅ បើថារឿងហ្នឹងជារឿងឧក្រិដ្ឋកម្ម»
ពាក់ព័ន្ធសំណុំរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១០ វិច្ឆិកា បានយកលិខិត ស្នើសុំសុពលភាពលិខិតឆ្លងដែន ទៅដាក់នៅស្ថានទូតខ្មែរប្រចាំទីក្រុង វ៉ាស៊ីតោនឌីស៊ី (Washington DC) ប៉ុន្តែមិនមានមន្ត្រីទូត ណាម្នាក់ចេញមកទទួលឡើយ ហើយចុងក្រោយមន្ត្រីបក្សប្រឆាំងបានត្រឹមតែដាក់លិខិតនៅក្នុងប្រអប់សំបុត្ររបស់ស្ថានទូតប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងចាត់ទុកថា ទង្វើបែបនេះជាការរើសអើង ធ្វើការបម្រើបក្សកាន់អំណាច ជាជាងបម្រើប្រយោជន៍ពលរដ្ឋខ្មែរទូទៅ។
ក្នុងលិខិតនោះបានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈស្ថានទូតខ្មែរ ឱ្យផ្ដល់សុពលភាព លិខិតឆ្លងដែន ដល់មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១១រូបដែលត្រូវក្រសួងការបរទេសបញ្ឈប់សុពលភាព កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជាបានលុបចោលសុពលភាពលិខិតឆ្លងដែនមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១២នាក់ បច្ចុប្បន្នមាន ១១នាក់កំពុងនិរទេសខ្លួននៅក្រៅប្រទេស និងម្នាក់កំពុងស្ថិតក្នុងប្រទេស។ នៅក្នុងខែវិច្ឆិកាដដែលនោះ ក្រសួងការបរទេសក៏បានលុបចោលសុពលភាពលិខិតឆ្លងដែនសកម្មជនចំនួន ២៧នាក់ផ្សេងទៀត៕