អ្នកវិភាគ​ថា របប​ភ្នំពេញ​ចង់​ឱ្យ​បក្ស​ដទៃ​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ដើម្បី​លម្អ​សួន​ប្រជាធិបតេយ្យ

0:00 / 0:00

មេដឹកនាំ​របប​ក្រុងភ្នំពេញ ប្រកាស​ថា ទ្វារ​នៅតែ​បើកចំហ​សម្រាប់​បក្ស​នយោបាយ ចង់​ចូលរួម​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​លោក។ អ្នកវិភាគ​យល់​ថា មូលហេតុ​ដែល លោក ហ៊ុន សែន ប្រកាស​ដូច្នេះ​ព្រោះ​ចង់​ឱ្យ​គណបក្ស​នយោបាយ​ដទៃ​ចូល​ទៅ​ជួយ​ចូលរួម​លម្អ​សួន​ប្រជាធិបតេយ្យ ក្លែងក្លាយ​ដែល​កំពុង​រង​ការរិះគន់ និង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២ ខែ​សីហា លោក ហ៊ុន សែន ប្រកាស​ថា គណបក្ស​នយោបាយ ដែល​មិន​ទាន់​បាន​ចូលរួម​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នោះ នៅតែ​អាច​មាន​ឱកាស​ចូលរួម​ជា​សមាជិក​បាន​ដដែល​។ ការប្រកាស​ហៅ​ដូច្នេះ ដោយ លោក ហ៊ុន សែន លើក​ហេតុផល​ថា មានតែ​យន្តការ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មួយ​ប៉ុណ្ណោះ​ដែល​មាន​សុពលភាព​ក្នុង​ការ​កោះហៅ​ស្ថាប័ន​រដ្ឋ​មក​សាកសួរ​ក្រៅ​ពី​សភា។

គិត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ១៩ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ មាន​គណបក្ស​ចំនួន ៣ ដែល​រក្សា​ជំហរ​មិន​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​របស់​លោក ហ៊ុន សែន ក្នុង​នោះ មាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​គណ បក្ស​មាតុភូមិ​យើង។

អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ចិន ថុន លើកឡើង​ថា លោក មិន​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​របស់​លោក ហ៊ុន សែន នោះ​ទេ ដោយ​សព្វថ្ងៃ​រវល់​តែ​ចុះ មូលដ្ឋាន​ពង្រីក​គំនិត និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី ប្រជាធិបតេយ្យ​មាន​ជំហរ​ច្បាស់លាស់​មិន​ចូលរួម​ឡើយ ទោះបី​ជា​មាន​ការ​ហៅ​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី៖ «អត់​មាន​ពិចារណា​អី​ទេ ព្រោះ​គណបក្ស​បាន​ចេញ​លិខិត​ថា មិន​ចូលរួម​តាំងពី​ដំបូង​ម្ល៉េះ។ ក្នុង​លិខិត​នោះ​ធ្លាប់​លើកឡើង​ដែល​ខ្ញុំ​ចាំ​បានជា​គោល​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា គណបក្ស​មាន​ធនធាន​គ្រប់គ្រាន់ មាន​ដល់​បណ្ឌិត ដល់​អី​ទៀត​អ៊ីចឹង​ណា។ ដូច្នេះ​មិន​សំខាន់​អី​យោបល់​ពី​គណបក្ស​ផ្សេង​ឱ្យ​ជា​យោបល់​ដល់​ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ​យោបល់​ទេ»។

រីឯ​អនុប្រធាន​គណបក្ស​មាតុភូមិ​យើង​គឺ​អ្នកស្រី ហ៊ឹម សុគន្ធី លើកឡើង​ថា គណបក្ស​របស់​អ្នកស្រី មិន​ទាន់​មាន​ជំហរ​ច្បាស់លាស់​នោះ​ទេ ដោយ​រង់ចាំ​ពិភាក្សា​គ្នា​ម្តង​ទៀត នៅ​ពេល​មានការ​ប្រកាស ជាថ្មី​របស់​លោក ហ៊ុន សែន ដូច្នេះ។ ប៉ុន្តែ​អ្នកស្រី បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ថ្វី​ដ្បិត​តែ​រដ្ឋាភិបាល ហៅ​ទៅ​ឱ្យ​ជួយ​ផ្ដល់​គំនិត​យោបល់​ក្តី ប៉ុន្តែ​អ្នកស្រី​គ្មាន​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ទទួលយក​ហើយ អនុវត្ត​តាម​នោះ​ទេ៖ «យើង​ទើបតែ​ចាប់ផ្ដើម​ក​វែក​ក​ឆ្នាំង ហើយ​យើង​មិន​មាន ២៥ ខេត្ត​ក្រុង​ទេ​។​យើង​មានតែ​៥ ទៅ​៦​មណ្ឌល​ទេ។ យើង​នៅ​ខ្ចី​ណាស់»។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ ទោះ​យ៉ាង​ណា​ក្តី គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន ធ្លាប់​បញ្ជាក់​ពី​មូលហេតុ​ដែល​មិន​ចូលរួម​ថា ដោយសារតែ​ស្ថាប័ន​ឧត្ដមក្រុមប្រឹក្សា មិន​មាន​ភាព​ឯករាជ្យ ពោល​គឺ​ស្ថិត​ក្រោម​ចំណុះ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី លើក​ឡើង​ថា មាន​មូលហេតុ​ដែល​លោក ហ៊ុន សែន ចង់​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ចូលរួម​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ នោះ ដោយសារតែ​លោក ហ៊ុន សែន ត្រូវការ​ភាព​ស្របច្បាប់ និង​មិន​ចង់​ឱ្យ​មើល​ឃើញ​ពី​សភា​ឯក​បក្ស​របស់​លោក។ ជាពិសេស​នោះ លោក ហ៊ុន សែន ចង់​ឱ្យ​ចូលរួម​លម្អ​សួន​ប្រជាធិបតេយ្យ ខណៈ​បច្ចុប្បន្ន​កំពុង​រង​ការរិះគន់​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​លើ​ពិភពលោក និង​កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​ចំនួន​ពីរ គឺ​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​ព្រឹទ្ធសភា​អាមេរិក​ក៏​កំពុង​ពិនិត្យមើល​ច្បាប់ HR ៥២៦ ដើម្បី​ដាក់ទណ្ឌកម្ម ដល់​របប​នេះ​​​​៖ «ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​មិន​ចាប់អារម្មណ៍​វេទិកា​ពិគ្រោះ យោបល់​ទេ​ព្រោះ​គេ​មើលឃើញ​ថា វេទិកា​នេះ​គ្រាន់តែ​ជា​ការ​លម្អ​ប្រជាធិបតេយ្យ​របស់​គណបក្ស កាន់តែ​ប៉ុណ្ណោះ​។​វេទិកា​ពិគ្រោះ​យោបល់​នេះ​មិនបាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន​គឺ​ចង់​ឱ្យ មានការ​ដោះលែង​លោក កឹម សុខា ផ្ដល់​នីតិសម្បទា​ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិ និង​ផ្តល់​តំណែង​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ។ ធ្វើ​ឱ្យ​មាន​សេរីភាព​សារព័ត៌មាន និង បើក​ឱ្យ​មាន​លំហ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល»។

អ្នកវិភាគ និង​សង្គម​ស៊ីវិល រិះគន់​ថា ក្រុម​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់​យោបល់ គឺជា​ក្រុម​ជន​ឱកាសនិយម ចង់​បានតែ​តំណែង គ្មាន​ឆន្ទៈ​ជួយ​ជាតិ​ពិតប្រាកដ​នោះ​ទេ​។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន និង​របប​របស់​លោក មិន​ដែល​មាន​ប្រវត្តិ​ពិគ្រោះ យោបល់​ជាមួយ​អ្នកណា​ក្រៅពី​បក្ខពួក​របស់​លោក​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។