អ្នកគាំទ្រគណបក្សប្រឆាំងម្នាក់នៅខេត្តបាត់ដំបង គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បង្ហោះសារនៅក្នុងហ្វេសប៊ុកលើកទឹកចិត្តឱ្យយុវជនត្រូវចេះឈឺឆ្អាលរឿងនយោបាយឱ្យបានច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេស។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ប្រជាពលរដ្ឋតាមដានបញ្ហាសង្គមច្រើនជាការល្អ ព្រោះវាអាចជំរុញអ្នកនយោបាយឱ្យធ្វើការងារគិតពីប្រយោជន៍ជាតិជាធំ។
ចៅសង្កាត់អូរចារក្រុងបាត់ដំបង ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី១០ កុម្ភៈថា យុវជនឆ្លាតគឺយុវជន ដែលមិននិយាយឬសរសេរថា រឿងនយោបាយជារឿងរបស់មនុស្សចាស់ ហើយទុកឱ្យចាស់ៗ ធ្វើការងារនេះ។ យុវជនបក្សប្រឆាំងរូបនេះបន្ថែមថា យុវជនដែលឆ្លាត គឺជាយុវជន ដែលចេះទទួលខុសត្រូវចំពោះខ្លួនឯងផង ក្រុមគ្រួសារផង និងត្រូវចេះឈឺឆ្អាលរឿងរបស់ជាតិខ្លួនផង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ស្របនឹងការលើកឡើងរបស់កញ្ញារ៉ូហ្ស៊េត នេះ ប៉ុន្តែលោកយល់ថា ពលរដ្ឋតាមដានរឿងនយោបាយយ៉ាងសកម្មរួចមកហើយ ជាពិសេសគឺយុវជនគណបក្សប្រជាជនកម្ពុជា ដែលគណបក្សនេះឈ្នះឆ្នោតរហូតមក៖ «រួចខ្ញុំមិនដឹងថាយុវជនរបស់គណបក្សប្រឆាំងគាត់គិតយ៉ាងម៉េចដែរ ដូចគាត់ថាក៏មិនដឹង បានជាអីចឹង។ប៉ុន្តែយុវជនរបស់គណបក្សប្រជាជនគេគិតបញ្ហាជាតិ ខ្ញុំមិនវាយតម្លៃទេ ប៉ុន្តែអ្នកខ្លះគិតដែរ តែគិតផ្លូវខុស ខុសគឺគិតពីរឿងប្រឆាំងរដ្ឋាភិបាល រឿងវិជ្ជមានមិនសូវគិតទេ ហើយឧទាហរណ៍ដែលនាងគាត់លើកឡើងហើយ យើងឃើញជាក់ស្ដែងហើយ » ។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស កត់សំគាល់ថា កន្លងមកនៅកម្ពុជា ពលរដ្ឋមិនសូវឈឺឆ្អាលរឿងនយោបាយទេ ទើបធ្វើឱ្យមានបញ្ហាវឹកវរនៅក្នុងសង្គមមិនចេះឈប់ឈរ ដោយសារតែពលរដ្ឋចាញ់បោកអ្នកនយោបាយជារៀងរហូតមក។ លោកបន្តថា ប្រជាពលរដ្ឋឈឺឆ្អាលរឿងនយោបាយ និងចេះតវ៉ាទាមទារសិទ្ធិសេរីភាពរបស់ខ្លួន នឹងធ្វើឱ្យពួកគាត់ជ្រើសរើសបានមេដឹកនាំប្រទេសឆ្លាតវ៉ៃជាងប្រទេស ដែលពលរដ្ឋមិនសូវតាមដានបញ្ហាសង្គម។លោកបន្ថែមថា ការធ្វើបែបនេះឱ្យធ្វើម្ចាស់ឆ្នោតបានស្គាល់ពីអត្តចរិតអាក្រក់ល្អរបស់អ្នកនយោបាយ និងអាចជ្រើសរើសបានមេដឹកល្អ។ ម្យ៉ាងវិញទៀត នឹងធ្វើឱ្យអ្នកនយោបាយផ្ដល់តម្លៃដល់ម្ចាស់ឆ្នោត ហើយងាកមកដឹកនាំប្រទេសតាមកន្លងប្រជាធិបតេយ្យត្រឹមត្រូវ ដើម្បីឱ្យជាតិរីកចំរើនឆាប់រហ័ស៖ «ពីព្រោះអ្នកនយោបាយជិះសេះលែងដៃគាត់ចង់ធ្វើអីក៏បានដែរ គាត់ដែលគិតពី អ្វីដែលម្ចាស់ឆ្នោតចង់បាន ដែលពីមុនយើងគិតថា នៅពេលមុខថ្ងៃបោះឆ្នោតតំណាងហ្នឹងទៅលើកដៃសំពះសុំឱ្យប្រជាពលរដ្ឋហ្នឹងបោះឆ្នោតឱ្យខ្លួន ដើម្បីខ្លួនបានសម្រេចបំណងក្នុងការបម្រើប្រជាពលរដ្ឋទាំងអស់ហ្នឹង។ អីចឹងមានមានន័យថា បោះឆ្នោតឱ្យតំណាងរបស់ខ្លួនហ្នឹងធ្វើសេដ្ឋីចុងក្រោយអត់មានការទទួលខុសត្រូវបែបហ្នឹងទេ គឺជាការយល់ច្រឡំខុសរបស់ពលរដ្ឋ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀតថា ប្រសិនបើពលរដ្ឋមិនបានតាមដានរឿងនយោបាយទេ នឹងធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍យឺត ព្រោះអ្នកនយោបាយជិះសេះលែងដៃ គឺអាចដឹកនាំប្រទេសដើម្បីបំពេញប្រយោជន៍របស់បក្សពួកខ្លួន ច្រើនជាងប្រយោជន៍ជាតិ និងមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។