មតិ​ពលរដ្ឋ ជុំវិញ​ខួប ៣ឆ្នាំ នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ខ្លាំង និង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដដែល បើ​ទោះ​ជា​របប​ក្រុង​ភ្នំពេញ​បាន​រំលាយ​ចោល ៣ឆ្នាំ​មក​ហើយ​ក្ដី។ សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ ជឿជាក់​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​វិធី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដើម្បី​អាច​ធ្វើ​សកម្មភាព និង​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​វិញ នៅ​ពេល​អនាគត។

ពលរដ្ឋ​ម្នាក់​រស់​​នៅ​​ស្រុក​រំដួល ខេត្ត​ស្វាយរៀង លោក រ័ត្ន គឹមលី អះអាង​ថា រយៈ​ពេល ៣ឆ្នាំ ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង ពលរដ្ឋ​គ្មាន​សិទ្ធិ​សេរីភាព​ទេ ហើយ​ម្នាក់ៗ រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច បាក់​ស្បាត និង​មិន​ហ៊ាន​ចេញ​តវ៉ា​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា ទោះ​​​ជា​មាន​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​បែប​ណា​ក៏​ដោយ គឺ​នៅតែ​មាន​តែ​ការ​គាំ​​ទ្រាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ដដែល។

លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​កំពុង​សំងំ ព្រោះ​គ្មាន​លទ្ធភាព​តវ៉ា​បាន ប៉ុន្តែ​ពួក​គេ​នៅ​តែ​គាំទ្រ និង​ជជែក​គ្នា​អំពី​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដដែល នៅ​តាម​មូលដ្ឋាន។ លោក រ័ត្ន គឹមលី អះអាង​ថា ត្បិត​តែ​ គណបក្ស​​សង្គ្រោះ​​ជាតិ ត្រូវ​​បាន​​គេ​​រំលាយ​​ចោល តែ​​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​ និង​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ពលរដ្ឋ​។ លោក​ថា​ គណបក្ស​ថ្មីៗ ឬ​គណបក្ស​តូចៗ ខ្លះ មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​បាន​ទេ៖ « ៣​ឆ្នាំ​នេះ វា​ដុនដាប​ណាស់​ ទម្រុឌទម្រោម គេ​ធ្វើ​បាប​គ្រប់​កាលៈទេសៈ​ទាំង​អស់។ អត់​មាន​សិទ្ធិ​សេរីភាព​អ្វី​ទេ ការ​និយាយ​ស្ដី​នោះ វា​លំបាក​ណាស់។ ( គណបក្ស​សង្គ្រោះ​ជាតិ ) នៅ​ ​តែ​ស្ដាយ នៅ​តែ​តស៊ូ។ យើង​ទៅ ( តវ៉ា ) វា​ចេះ​តែ​បាន​ហើយ តែ​គេ​គំរាម​កំហែង គេ​ចាប់​ចង​ដាក់​គុក ច្រវាក់។ តែ​បើ​មាន​ខ្ញុំ​ទៅ ហើយ​អត់​​ខ្លាច​ទេ តាំង​ពី​មុខ​តុលាការ ខ្ញុំ​អត់​ខ្លាច​ទេ»

យុវជន​ម្នាក់​ទៀត ជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ (សុំ​លាក់​ឈ្មោះ) ឲ្យ​ដឹង​ថា ៣ឆ្នាំ​មក​នេះ មាន​ការ​គំរាម​គ្រប់​រូប​ភាព លើ​សកម្មជន និង​អ្នក​គាំទ្រ ក៏​ពលរដ្ឋ​ នៅ​តែ​ជឿជាក់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​កាន់​តែ​​​ឃោរឃៅ​ ក្នុង​ការ​បង្ក្រាប​ពលរដ្ឋ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ បន្ត​​ក្ដី​សង្ឃឹម​លើ​គណបក្ស​សង្គ្រោះ​ជាតិ៖ « នេះ​ជា​ថ្ងៃ​ខួប រំលឹក​ខួប។ ភាសា​រំលឹក​ខួប​ យើង​អត់​មាន​ធ្វើ​អ្វី​ទាមទារ​ទេ។ គ្រាន់​តែ​យើង​មក​ ឃ្លាំមើល​ មើល​ការ​ចងចាំ​ នៅ​ទី​កន្លែង​ ដែល​យើង​ធ្លាប់​ជួបជុំ​សំណេះ​សំណាល​គ្នា ធ្លាប់​មាន​រូបភាព​អនុស្សាវរីយ៍​ជា​មួយ​គ្នា យើង​ហូប​កាហ្វេ​ណា។ តែ​មិន​នឹក​ស្មាន​គេ​ដាក់​កងកម្លាំង​សន្ធឹក​សន្ធាប់។ កង​កម្លាំង​ខណ្ឌ​មានជ័យ ក៏​ដាក់​ព្រោង​ព្រាត​ដែរ»

ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​អះអាង​ថា ពួក​គេ​​សុខ​ចិត្ត​តស៊ូ​លំបាក ហើយ​ខិតខំ​គ្រប់​បែប​យ៉ាង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រលប់​មក​វិញ។

ជន​​ភៀស​ខ្លួន​នយោបាយ​ ក្នុង​ប្រទេស​ថៃ​ម្នាក់ គឺ​លោកស្រី ឡេង សុទ្ធារី ប្រាប់​ថា អ្នក​គាំទ្រ​​នៅ​តែ​មាន​សង្ឃឹម​ ដោយសារ​​​​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​មាន​សសរ​ទ្រូង​ដ៏​រឹង​មាំ​ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ខុស​ពី​ប្រទេស​ផ្ដាច់​ការ​ផ្សេង​ទៀត ដែល​គ្មាន​​មេ​ដឹក​នាំ​ប្រឆាំង​ ហ៊ាន​ចេញ​តវ៉ា។

លោកស្រី​ជឿ​ថា​ លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស ជា​មនុស្ស​មាន​សមត្ថភាព​​ធ្វើ​​ឲ្យ​​​គណបក្ស​​ប្រឆាំង​​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះ​​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​ឡើង​វិញ ហើយ​លោក​ស្រី​អះអាង​ថា អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ កំពុង​រៀបចំ​សកម្មភាព​វិល​ចូល​កម្ពុជា​វិញ​ដែរ៖ « ដោយសារ​យើង​ក៏​មាន​មេដឹកនាំ​ដែរ។ យើង​ឃើញ​ហើយ​ប្រទេស​ឡាវ ត្រូវ​បាន​គ្រប់គ្រង​ដោយ​យួន ហើយ​ប្រទេស​យើង ក៏​សង្កេត​ឃើញ​ស្រដៀង​គ្នា​ដែរ។ ប៉ុន្តែ​ យើង​មាន​ប្រៀប​ត្រង់​ថា យើង​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ ដែល​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​គ្រប់គ្រាន់​អ៊ីចឹង​ទៅ ដែល​ធ្វើ​ឲ្យ​យើង​​ហ្នឹង អាច​នឹង​មាន​សង្ឃឹម។ ដោយសារ​យើង​គឺ​ជា​កូន​ខ្មែរ បើ​ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ មួយ​ដង្ហើម​ស្លាប់​ ក៏​ខ្ញុំ​នៅ​តែ​ក្រាញ ដើម្បី​ប្រទេស​ជាតិ​ខ្ញុំ​ដែរ។ ខ្ញុំ​មិន​បោះបង់​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​ប្រទេស​ជាតិ​ខ្ញុំ​បាន​ទេ»

រីឯ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​តែងតែ​នាំ​គ្នា​ចេញ​តវ៉ា​ប្រឆាំង​នឹង​​របប​​ក្រុង​ភ្នំពេញ ក៏​ប្រកាស​ថ្កោល​ទោស​​តុលាការ និង​រដ្ឋាភិបាល ក្នុង​ខួប ៣ឆ្នាំ នៃ​ការ​​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

យុវជន​​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក មាស ពិសាល សង្កេត​ឃើញ​ថា ​រយៈ​ពេល ៣ឆ្នាំ​មក​នេះ របប​ក្រុង​ភ្នំពេញ ជោគជ័យ​​តែ​ការ​បង្ក្រាប និង​ការ​គំរាម​កំហែង ក្នុង​ស្រុក​​ប៉ុណ្ណោះ។

ប៉ុន្តែ​លោក​ថា ទង្វើ​ដ៏​អាម៉ាស់​ នៃ​​ការ​រំលាយ​ដៃ​គូរ​ប្រកួត​ប្រជែង ៣ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​ក្នុង​របប​ក្រុង​ភ្នំពេញ​បាក់​មុខ ពេល​ចេញ​ក្រៅ​ប្រទេស​ម្ដងៗ និង​បាន​​​ជួយ​លើក​តម្កើង​តម្លៃ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រឆាំង ឲ្យ​កើន​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ៖ « បងប្អូន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គេ​ចាប់​ខ្លួន ក៏​គេ​ចាប់​ខ្លួន ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ អ៊ីចឹង បើ​ទោះ​ជា​ លោក ហ៊ុន សែន និយាយ​ថា គណ​បក្ស​សង្គ្រោះ​ជាតិ ​រលាយ។ មន្ត្រី​លោក ហ៊ុន សែន ថា គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង វា​ទៅ​ជា​ខ្មោច វា​ស្ងាត់​សូន្យ​ទៅ​ហើយ តែ​តាម​ពិត នៅ​ពេល​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង គឺ​គាត់​ភ្ជាប់​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច។ អ៊ីចឹង បាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​សកម្មភាព​ទាំង​ឡាយ ដែល​បងប្អូន​យើង​តវ៉ា​ទាមទារ​ទាំង​អស់​ហ្នឹង គឺ​សុទ្ធ​សឹង​តែ​មាន​ការ​ពាក់ព័ន្ធ​គ្នា​ដោយ​ប្រយោល បើ​ទោះ​ជា​ពួក​គាត់​មិន​ចេញ​មុខ ក្នុង​នាម​ជា​គណបក្ស​សង្គ្រោះ​ជាតិ តែ​ក្នុង​នាម​ជា​ដួង​ព្រលឹង​អ្នក​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ អ្នក​ចង់​បាន​យុត្តិធម៌​សង្គម»

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា ដរាបណា​លោក សម រង្ស៊ី និង​លោក កឹម សុខា បន្ត​មិន​បែកបាក់​គ្នា ពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​លើ​សមត្ថភាព​របស់​មេដឹកនាំ​ទាំង​ពីរ និង​បន្ត​គាំទ្រ​គណ​បក្ស​ប្រឆាំង​ដដែល។

ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ពលរដ្ឋ​នៅ​កម្ពុជា​ភាគ​ច្រើន​យល់​ដឹង​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ​ប្រសិន​បើ​មាន​ការ​បោះ​ឆ្នោត​ដ៏​ត្រឹមត្រូវ និង​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​គណ​បក្ស​កាន់​អំណាច​ នឹង​ចាញ់​ឆ្នោត​មិន​ខាន​ឡើយ ដោយ​សារ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​អសមត្ថភាព​អភិវឌ្ឍន៍​ប្រទេស ដែល​មិន​អាច​ជួយ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ជីវភាព​ថ្លៃថ្នូរ និង​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។