ព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ បក្សប្រឆាំងនិងអ្នកឃ្លាំមើលថា ទំនាក់ទំនងរវាងលោក ហ៊ុន សែន និងវៀតណាមកាន់តែជះឥទ្ធិពលមិនល្អដល់ជោគវាសនាកម្ពុជា

១. បក្សប្រឆាំង និងអ្នកឃ្លាំមើលថា ទំនាក់ទំនងរវាងលោក ហ៊ុន សែន និងវៀតណាមកាន់តែជះឥទ្ធិពលមិនល្អដល់ជោគវាសនាកម្ពុជា
បក្សប្រឆាំង និងអ្នកឃ្លាំមើលរិះគន់ថា ទំនាក់ទំនងជាប្រពៃណីរវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាមនឹងជះឥទ្ធិពលមិនល្អដល់ជោគវាសនា និងផលប្រយោជន៍កម្ពុជានៅថ្ងៃខាងមុខ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជួបប្រជុំជាមួយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ។

២. កម្ពុជា និងវៀតណាម ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការវិស័យការពារជាតិក្នុងឆ្នាំ២០២៣ នេះ
កម្ពុជា និងវៀតណាម ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរកាន់តែខ្លាំងបន្ថែមទៀតក្នុងឆ្នាំ២០២៣ នេះ។ ភាគីទាំងពីរបានចុះហត្ថលេខាអនុម័តផែនការកិច្ចសហប្រតិបតិ្តការខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២៣ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងយោធា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ក្នុងជំនួបពិភាក្សាមួយរវាងរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ផាន់ វ៉ាន់ យ៉ាង (Phan Văn Giang) និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅទីក្រុងហាណូយ (Hanoi) នៃប្រទេសវៀតណាម។

៣. មន្ត្រីគណបក្សប្រជាជនកម្ពុជា បន្តដើរកៀងគរគ្រូបង្រៀនឲ្យចូលជាសមាជិកបក្ស
អគ្គមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានបញ្ចូលសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតចំនួនជិត ៣ពាន់នាក់ (២.៨០៣នាក់) បន្ថែមទៀត ទៅជាសមាជិកគណបក្សប្រជាជនកម្ពុជា។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ការបញ្ចូលសមាជិកថ្មីនេះ អាចធ្វើឡើងដោយការបង្ខិតបង្ខំ ហើយការដែលលោក ហ៊ុន ម៉ាណែត ជាមន្ត្រីជាន់ខ្ពស់ចេញមុខ គៀងគរមនុស្សឱ្យគាំទ្រគណបក្សនយោបាយនេះ គឺជារឿងដែលមិនត្រូវតាមច្បាប់។

៤. កម្មកររោងចក្រ សិន តៃ ហ្គាមែន ទទូចឱ្យថៅកែទទួលយកកម្មករចូលធ្វើការវិញ
កម្មកររោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ទទូចឱ្យថៅកែទទួលយកកម្មករ ចូលធ្វើការវិញ ក្រោយថៅកែបន្តព្យួរការងារកម្មករជារយៈពេល ៣ខែ។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីស្ថាប័នពាក់ព័ន្ធពុំមានដំណោះស្រាយលើវិវាទការងារនេះជាង៣ខែហើយ។

៥. ប្រជាសហគមន៍នៅក្នុងខេត្តព្រះវិហារនាំគ្នាបំបួសដើមឈើក្នុងព្រៃព្រះរកា ដើម្បីទប់ស្កាត់ការកាប់បំផ្លាញ
ប្រជាសហគមន៍នៅក្នុងខេត្តព្រះវិហារជាង ២០០នាក់កាលពីថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ជួបជុំគ្នានៅក្នុងព្រៃព្រះរកា ដោយនាំគ្នាបំបួសដើមឈើ ក្នុងបំណងការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃនេះ។ គោលបំណងនៃការបំបួសដើមឈើនេះដើម្បីផ្សព្វផ្សាយពីប្រពៃណីជនជាតិដើមភាគតិចផង និងចូលរួមការពារព្រៃនេះពីការកាប់បំផ្លាញ។
៦. កសិករនៅស្រុកស្អាងនិងកោះធំថា បន្លែពួកគាត់ធ្លាក់ថ្លៃដល់ ១គីឡូ ៣០០រៀល
បញ្ហាទីផ្សារកសិផលពិសេសបញ្ហាតម្លៃបន្លែនៅតែចោទឡើងជាបន្តបន្ទាប់ បើទោះបីជា ថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធបញ្ជាក់ជំហរម្តងហើយម្តងទៀតក្នុងការដោះស្រាយក៏ដោយ។ កសិករនៅស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល ត្អួញត្អែរថា បន្លែពួកគាត់មួយភាគធំលក់មិនចេញសល់ខូចចោលនៅចម្ការ។
៧. ឯកអគ្គរាជទូតខ្មែរ ក្លាយជាភ្នាក់ងារពង្រឹងបក្សកាន់អំណាចនៅក្រៅប្រទេស ''
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសនានា បានក្លាយជាសេនាធិការជួយពង្រឹងគណបក្សកាន់អំណាចនៅក្រៅប្រទេសដ៏មានប្រសិទ្ធភាព ក្រោយពេលបក្សកាន់អំណាច បាត់បង់សំឡេងគាំទ្រយ៉ាងគំហុក ដូចស្តែងឲ្យឃើញតាមលទ្ធផលបោះឆ្នោត ចាប់តាំងពីឆ្នាំ២០១៣។តំណាងសហគមន៍ខ្មែរនៅឯនាយសមុទ្រ និងអ្នកឃ្លាំមើល រិះគន់ថា សកម្មភាពរបស់ឯកអគ្គរាជទូត កំពុងដើរផ្ទុយពីតួនាទីភារកិច្ចដែលកំណត់ដោយច្បាប់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។